ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​បោះ​បាយបិណ្ឌ​ត្រូវ​​បានលុប​ចោល​នៅ​តាម​វត្ត​មួយ​ចំនួន​ក្នុងស្រុក​កៀនស្វាយ

2 ឆ្នាំ មុន
  • ភ្នំពេញ

ដើម្បី​ចូលរួម​ទប់ស្កាត់​នៃ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ វត្ត​មួយ​ចំនួន​នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​សម្រេច​លុប​ចោល​មិន​អោយ​មាន​ពិធី​បោះ​បាយបិណ្ឌ​ដូច​បណ្តា​ឆ្នាំ​មុន​ៗ​ឡើយ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​ទប់ស្កាត់​នៃ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ វត្ត​មួយ​ចំនួន​នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​សម្រេច​លុប​ចោល​មិន​អោយ​មាន​ពិធី​បោះ​បាយបិណ្ឌ​ដូច​បណ្តា​ឆ្នាំ​មុន​ៗ​ឡើយ​។

បើ​តាម​ការ​អោយ​ដឹង​ពី​លោក​អាចារ្យ​មង្គល រុន សុ​ភ័ក សមាជិក​គណៈកម្មការ​សមាគម​អាចារ្យ​ខ្មែរ​ប្រចាំ​ស្រុក និង​ជា​អាចារ្យ​ធ្វើ​ពិធី​សាសនា​ប្រចាំ​វត្ត​កោះ​ប្រាក់ ស្រុក​កៀនស្វាយ ខេត្ត្តកណ្តាល បាន​អះអាង​ប្រាប់​កោះសន្តិភាព​ថា នា​ឆ្នាំ​នេះ វត្ត​កោះ​ប្រាក់ រួម​ទាំង​វត្តមាន​ចំនួន​ទៀត​នៅ​ស្រុក​កៀនស្វាយ បាន​សម្រេច​លុប​ចោល​ពិធី​បោះ​បាយបិណ្ឌ​ចោល​ទាំងស្រុង ដើម្បី​ចូលរួម​ទប់ស្កាត់​កាត​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​។

លោក​បញ្ជាក់​ថា សម្រាប់​វត្ត​កោះ​ប្រាក់ គឺ​យើង​បាន​លុប​ចោល​តែ​ម្តង​សម្រាប់​ពិធី​បោះ​បាយបិណ្ឌ ខណៈ​វត្ត​ផ្សេង​ទៀត​ក៏​លោក​អាច​វាយតម្លៃ​បាន​ថា ទំនង​បាន​លុប​ចូល​ដូច​គ្នា​។ លោក​ថា ខ្ញុំ​អាច​សន្និដ្ឋាន​បាន​យ៉ាង​ដូច្នេះ ព្រោះ​ការ​ណែនាំ​ពី​គណៈសង្ឃ​នាយក​ការ​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ គឺ​តម្រូវ​អោយធ្វើ​តែ​មួយ​ព្រឹក​ប៉ុណ្ណោះ ពោល​គឺ​រៀបចំ​ត្រឹម​ព្រះសង្ឃ​ប​ក្សុ​កូ​ល​ពី​ម៉ោង​៧​ដល់​ម៉ោង​១១​ព្រឹក​ប៉ុណ្ណោះ ក្រៅពី​នោះ​គឺ​រក្សា​ភាព​ស្ងាត់ស្ងៀម​។ លោក​បន្ថែម​ថា ព្រះ​ចៅអធិការ​វត្ត​របស់​លោក គឺ​មិន​តម្រូវ​អោយ​មានការ​ជួបជុំ​គ្នា​ច្រើន​ឡើយ ទាំង​មនុស្ស​ចាស់ វ័យ​កណ្តាល និង​ក្មេង​ៗ គឺ​ពិធី​រៀបចំ​តែ​មួយ​ព្រឹក គឺ​ចប់​តែ​ម្តង​។

លោក​អាចារ្យ​មង្គល​រុន សុ​ភ័ក បាន​លើក​ឡើង​បន្ថែម​ទៀត​ថា សម្រាប់​ពិធី​កាន់បិណ្ឌ​ឆ្នាំ​នេះ​នៅ​វត្ត​កោះ​ប្រាក់ គឺ​មាន​ពុទ្ធបរិស័ទ​អញ្ជើញ​មក​មាន​ចំនួន​តិចតួច​ខ្លាំង​ជាង​បណ្តា​ឆ្នាំ​មុន​ៗ​។ លោក​បញ្ជាក់​ថា ភាគច្រើន​ពុទ្ធ​លោក​អញ្ជើញ​មក​នោះ គឺ​ត្រឹម​ប្រគេន​ចង្ហាន់​ជូន​ព្រះសង្ឃ​សម្រាប់​បង្សុកូល​ហើយ​នោះ គឺ​ពួក​គាត់​ប្រញាប់ប្រញាល់​ទៅ​ផ្ទះ​វិញ​ភ្លាម​ៗ ពោល​គឺ​មិន​មានការ​ជួបជុំ​គ្នា​យូរ​ឡើយ​។

លោក​បន្ថែម​ថា ពុទ្ធ​បរិ​ស័​យ​ដែល​អញ្ជើញ​មក​វត្ត​នា​ឆ្នាំ​នេះ គឺ​មាន​ភាព​ខុស​ប្លែក ដោយសារ​ពួក​គាត់​បាន​នាំ​គ្នា​ពាក់​ម៉ាក់​ជាប់​ស្ទើ​មួយ​រយ​ភាគរយ ខណៈ​ពេល​ទី​វត្ត​អា​រា​ម្យ​ក៏​បាន​រៀបចំ​វិធានការ​អនាម័យ​គឺ «៣​កុំ ៣​ការពារ​» ផង​ដែរ​។

លោក​ថា នៅ​វត្ត​កោះ​ប្រាក់ បាន​រៀបចំ​ជា​ម៉ាស៊ីន​ពិនិត្យ​កំ​ដៅ អាល់​បាញ់​ដៃ ហើយ​ក៏​មាន​ភ្នាក់ងារ​ពេទ្យ​ប្រចាំការ​សម្រាប់​ពេល​ដែល​មាន​បញ្ហា​កើតឡើង​ភ្លាម​ៗ​។ សម្រាប់​ព្រះសង្ឃ គឺ​យើង​បានអោយ​ពាក់​ម៉ាស់​ដូច​គ្នា ហើយ​នៅ​ពេល​ឆាន់​ក៏​យើង​បាន​រៀបចំ​រក្សា​គម្លាត​ដែរ ដោយ​កន្លង​មក យើង​ដាក់​មួយ​តុ​៥​អង្គ តែ​ឆ្នាំ​នេះ​គឺ​មួយ​តុ​តែ​ទៅ​៣​អង្គ​ប៉ុណ្ណោះ​។

លោក​បានអោយ​ដឹង​ទៀត​ថា សម្រាប់​ពិធី​បង្សុកូល​វិញ គឺ​យើង​បាន​រៀបចំ​អោយ​មានការ​ឆ្លាស់​វេន​គ្នា​ដោយ​មួយ​វេន​មាន​តែ​ព្រះសង្ឃ​៣​អង្គ​ប៉ុណ្ណោះ ខណៈ​ពេល​ពិធីសូត្រមន្ត​ពេល​ល្ងាច ក៏​ត្រូវ​បាន​លុប​ចោល​តែ​ម្តង​។ លោក​បញ្ជាក់​ថា សម្រាប់​អាចារ្យ និង​គណៈ​កម្មការ​ដែល​ត្រូវ​ប្រចាំការ​ជួយ​កិច្ចការ​ព្រះសង្ឃ​ក៏​តម្រូវ​អោយ​ពាក់​ម៉ាស់​ជា​ប្រចាំ​ដូច​គ្នា ហើយ​សម្រាប់​ទីកន្លែង​សម្រាប់​រាប់​បាត និង​កន្លែង​ចូល​បច្ច័យ គឺ​បាន​រៀបចំ​ជា​អាល់កុល​សម្រាប់​ពួក​គាត់​លាងដៃ ជាមួយនឹង​ការ​ឈរ​មាន​រក្សា​គម្លាត​ផង​ដែរ​។

យ៉ាងណា បើ​តាម​លោក​អាចារ្យ​មង្គល រុន សុ​ភ័ក សមាជិក​គណៈកម្មការ​សមាគម​អាចារ្យ​ខ្មែរ​ប្រចាំ​ស្រុក បានឱ្យ​ដឹង​ថា សម្រាប់​បិណ្ឌ​មួយ​នៅ​ក្នុង​វត្ត​កោះ​ប្រាក់​របស់​លោក គឺ​មិន​មានការ​ខ្វះខាត​ឡើយ ពោល​គឺ​នៅ​សល់​សម្រាប់​ចែកចាយ​ដល់​ពុទ្ធបរិស័ទ​ដែល​មានការ​អត់ឃ្លាន និង​ក្រខ្សត់ ក្នុង​នោះ​ក៏​មានការ​បែងចែក​សម្រាប់​អាជ្ញាធរ​មូលដ្ឋាន​ដែល​ប្រចាំការ​ការពារ​សន្តិសុខ​នៅ​ក្នុង​វត្ត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង