ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាពទេសចរបន្តកើនឡើង ដោយភ្ញៀវក្នុងស្រុកងាកទៅតំបន់ធម្មជាតិ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ថានភាពភ្ញៀវទេសចរក្នុងស្រុកដើរកម្សាន្តក្នុងសប្តាហ៍ទី ៣ នៃខែកញ្ញា បានកើនឡើងពីសប្តាហ៍ទី ១ និងទី ២ ដែលជាសញ្ញាល្អសម្រាប់ដង្ហើមទេសចរក្នុងស្រុកផ្នែកសំខាន់ទ្រទ្រង់សកម្មភាពសេដ្ឋកិច្ខនោះ…

រាជធានីភ្នំពេញ ៖ ស្ថានភាពភ្ញៀវទេសចរក្នុងស្រុកដើរកម្សាន្តក្នុងសប្តាហ៍ទី ៣ នៃខែកញ្ញា បានកើនឡើងពីសប្តាហ៍ទី ១ និងទី ២ ដែលជាសញ្ញាល្អសម្រាប់ដង្ហើមទេសចរក្នុងស្រុកផ្នែកសំខាន់ទ្រទ្រង់សកម្មភាពសេដ្ឋកិច្ខនោះ ។ សប្តាហ៍ទី ៣ ខែកញ្ញា ភ្ញៀវទេសចរសរុប ៧៩,០១៥ នាក់ ក្នុងនោះភ្ញៀវជាតិ ៧៧,៨០៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,២១១ នាក់ ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថា តួលេខនេះបន្តកើនឡើងប្រមាណ ២០% ធៀបនឹងសប្តាហ៍កន្លងមក ដែលជាសញ្ញាកាន់តែវិជ្ជមាននៃចលនាទេសចរណ៍ផ្ទៃក្នុង ។ ប៉ុន្តែទន្ទឹមនឹងនេះ គោលដៅទេសចរណ៍នៅតាមខេត្តមួយចំនួន នៅបន្តផ្អាកសកម្មភាពតាមរយៈការបន្តដាក់ចេញវិធានការរដ្ឋបាលដាច់ដោយឡែកក្នុងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ដូចជាខេត្តសៀមរាប និងខេត្តបាត់ដំបងជាដើម ។

លោកបានបន្តទៀតថា តំបន់ឆ្នេរសមុទ្រនៃខេត្តកំពត កែប និងព្រះសីហនុ រួមជាមួយតំបន់អេកូទេសចរណ៍ ដូចជាតំបន់ភ្នំខ្នងផ្សារក្នុងខេត្តកំពង់ស្ពឺ និងតំបន់ភ្នំ ១៥០០ និងផ្លូវបុប្ផាលាក់ខ្លួនក្នុងស្រុកវាលវែងក្នុងខេត្តពោធិសាត់ជាដើម គឺជាគោលដៅពេញនិយម និងទទួលបានភ្ញៀវទេសចរច្រើនក្នុងសប្តាហ៍កន្លងមក ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបង្ហាញថា ការចេញដើរកម្សាន្តរបស់ភ្ញៀវទេសចរនេះ ក្រោយពីប្រជាពលរដ្ឋទូទាំងប្រទេស បានទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស្ទើរគ្រប់ៗគ្នា យល់ដឹងច្បាស់ពីវិធានសុវត្តិភាព និងរៀនរស់តាមគន្លងថ្មី ។ នៅតាមរមណីដ្ឋាននានា មានការអនុវត្តតាមវិធានសុវត្តិភាពរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដោយតម្រូវឱ្យភ្ញៀវទេសចរ ដែលទៅកម្សាន្តទាំងអស់ ត្រូវវាស់កំដៅ លាងដៃនឹងសាប៊ូ ឬអាល់កុលមុនពេលចូលកម្សាន្ត និងត្រូវរក្សាគម្លាតសុវត្តិភាពជាដើម ។

លោកថា ចំពោះភ្ញៀវទេសចរដែលបានទៅសម្រាកកម្សាន្តក្នុងខេត្តកំពត មានការចូលរួមអនុវត្តវិធានសុវត្តិភាពយ៉ាងខ្ជាប់ខ្ចួន និងមិនមានការប្រមូលផ្តុំគ្នាច្រើន ដែលអាចបង្កឱ្យមានហានិភ័យនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នោះទេ ដោយក្រុមការងារខាងមន្ទីរ បានបែងចែកក្រុមការងារជា ៣ ក្រុម ដើម្បីចុះត្រួតពិនិត្យនៅតាមគោលដៅទេសចរណ៍ និងកន្លែងកម្សាន្តនានាក្នុងខេត្ត សំដៅពង្រឹងការអនុវត្តវិធានសុវត្តិភាពទេសចរណ៍ឱ្យបានល្អប្រសើរ ក្នុងន័យទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តកំពតមានតំបន់ទេសចរណ៍ទាក់ទាញក្នុងនោះ មានតំបន់សមុទ្រ ទឹកធ្លាក់ ព្រៃកោងកាង និងតំបន់ព្រៃភ្នំជាដើម ។ គោលដៅទេសចរណ៍ ទាំងនោះមានរមណីយដ្ឋាន ភ្នំបូកគោ ទឹកឈូ កំពង់ត្រាច់ ភ្នំឈ្ងោក ដូងទេរ ព្រែកត្នោត ព្រែកកំពត ឧទ្យានដងព្រែក ទឹក ធ្លាក់តាដា ទំនប់ម្លិច សហគមន៍ត្រពាំងសង្កែ កសិ-ទេសចរណ៍ ចម្ការម្រេច និងកន្លែងជាច្រើន ។

លោករដ្ឋមន្ត្រី ថោង ខុន មន្ទីរទេសចរណ៍បានកំពុងខិតខំជំរុញការអនុវត្តយ៉ាងសកម្មនូវវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាអប្បបរមា (SOP) ដែលក្រសួងទេសចរណ៍បានដាក់ឲ្យអនុវត្តកាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២១ កន្លងមក ដើម្បីធានាការបើកដំណើរការមូលដ្ឋានអាជីវកម្មក្នុងគន្លងប្រក្រតីភាពថ្មី ពិសេសជម្រុញចលនាទេសចរណ៍ផ្ទៃក្នុងនាឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងត្រៀមលក្ខណៈទទួលភ្ញៀវទេសចរអន្តរជាតិនាពេលខាងមុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ