ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូសរទេះដើរលក់សម្ភារធ្វើពីជ័រកណ្តាលក្រុងជាមធ្យមបានត្រឹម ១ ម៉ឺនក្នុងមួយថ្ងៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ របររអូសរទេះដើរលក់សម្ភារផ្ទះបាយ គ្រឿងបោសសម្អាត ធ្វើពីជ័រមាន កញ្ច្រែង កៅអី ធុងទឹក កាទឹក ប្រដាប់កើបសំរាម…

រាជធានីភ្នំពេញ ៖ របររអូសរទេះដើរលក់សម្ភារផ្ទះបាយ គ្រឿងបោសសម្អាត ធ្វើពីជ័រមាន កញ្ច្រែង កៅអី ធុងទឹក កាទឹក ប្រដាប់កើបសំរាម អំបោសវែងខ្លីជាដើម ត្រូវធ្វើដំណើរវែងឆ្ងាយក្នុងទីក្រុងពីកន្លែងមួយទៅកន្លែងមួយដោយប្រើកម្លាំងទាញរទេះដែលផ្ទុកដោយទំនិញ ប៉ុន្តែនិយាយពីកម្រៃវិញមានតិចត្រឹមមួយថ្ងៃចំណេញពី ១ ម៉ឹនទៅ ៣ ម៉ឺនរៀលប៉ុណ្ណោះ ។

នៅរៀងរាល់ព្រឹកបុរសឈ្មោះ បួយ គួន វ័យ ៤៨ ឆ្នាំ ក្នុងស្លៀកពាក់ខោអាវចាស់ៗ តែងតែអូសរទេះដែលផ្ទុកសម្ភារធ្វើពីជ័រជាច្រើនប្រភេទនោះ យ៉ាងសំពីងពោងចម្រុះពណ៌ ចេញពីផ្ទះមួយកន្លែងនៅម្តុំវត្តសន្សំកុសល ពេលព្រលប់ទើបគាត់ចូលមកវិញដើម្បីសម្រាកនៅពេលរាត្រី ។ លោក គួន ជាអ្នកលក់របស់របរធ្វើពីជ័រនេះម្នាក់ ។

ផ្ទះដែលលោក គួន ចេញចូលពេលថ្ងៃ និងសម្រាកនៅពេលយប់នេះ មិនមែនជាផ្ទះ ឬបន្ទប់ជួលរបស់គាត់ឡើយ ។ ទីនេះជាផ្ទះថៅកែដែលមានសម្ភារជ័រឲ្យគាត់ដើរលក់ ។ លោក បួយ គួន បានដើរលក់សម្ភារទំាងនោះយកចំណេញខ្លះៗចិញ្ចឹមជីវិត ។ ថៅកែផ្តល់កន្លែងឲ្យលោកស្នាក់នៅ និងសម្ភារសម្រាប់ដើរលក់ ។ លក់ដាច់បានប្រាក់ទើបមកទូទាត់ជាមួយថៅកែ ។ អ្នកមានរបរដូចជាលោកនេះ មានច្រើនគ្នាសុទ្ធតែអ្នកលំបាកឡើងមកពីខេត្តរៀងៗខ្លួន ។ 

«បើនិយាយពីដើរវិញដើររាប់គីឡូមួយថ្ងៃៗ ចូលគ្រប់ច្រកល្ហកព្រលឹមចេញព្រលប់បានចូលសម្រាក ។ មួយថ្ងៃអាចរកប្រាក់បាន ១ ម៉ឺនរៀល ក្រោយបាត់ដើមឲ្យថៅកែហើយ ។ ថ្ងៃខ្លះអាចបានដល់ ២ ម៉ឺន ទៅ ៣ ម៉ឺនរៀល» លោក បួយ គួន រៀបរាប់ឲ្យដឹងក្នុងសម្តីមួយៗ ។

ជាង ១០ ឆ្នាំហើយដែលបុរសអាយុ ៤៨ ឆ្នាំរូបនេះ ប្រកបរបរគ្មានដើមទុននេះ គឺគាត់យកកម្លំាង និងភាពស្មោះត្រង់ជាទុន ។  ជាទូទៅមួយសម្ភារៈមួយលោកអាចចំណេញតែពី ៥០០ ទៅ ១០០០ រៀលប៉ុណ្ណោះបើយកចំណេញច្រើនមិនមានអ្នកទិញទេ ។ លោកថា ពេលលក់មិនសូវដាច់បានប្រាក់ត្រឹមតែ ១ ម៉ឺនរៀល គឺសម្រាប់តែទិញបាយទឹក ហូបក្នុងមួយថ្ងៃប៉ុណ្ណោះ តែបើលក់ដាច់បានច្រើន អាចសល់លុយចាប់ពី ២ ម៉ឺនរៀល ទៅ ៣ ម៉ឺនរៀលនោះជាថ្ងៃដែលលោករីករាយពីព្រោះបានសល់លុយតិចតួចសម្រាប់សន្សំទុកផ្ញើរទៅអោយប្រពន្ធកូននៅឯផ្ទះ ។

 លោកមានស្រុកកំណើតក្នុងភូមិប្រស្វា ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ។ ប្រពន្ធ និងកូនបីនាក់ពឹងលើកម្លំាងពលកម្មរបស់លោកនៅកណ្តាលក្រុងនេះ ។ មុនដើរលក់សម្ភារៈនេះលោកជាកម្មករសំណង់ ។

លោក គួន និយាយបន្តថា បើរកប្រាក់ចំណេញបាន ១ ម៉ឺនរៀលក្នុងមួយថ្ងៃ គ្រាន់បានទិញបាយហូបប៉ុណ្ណោះពិបាកនឹងលៃលកសន្សំផ្ញើឲ្យគ្រួសារនៅស្រុកណាស់ តែបើបានពី ២ ទៅម៉ឺនរៀលនោះងាយស្រួលលៃលក អាចសន្សំសំចៃបានខ្លះ ។  លោករៀបរាប់ទាំងទឹកមុខស្រពោនថា «ជារៀងរាល់ថ្ងៃ ខ្ញុំតែងតែអូសរទះលក់ គ្រប់ច្រកល្ហក ដោយគ្មានគោលដៅច្បាស់លាស់ឡើយ ពេលខ្លះដើរលក់ម្តុំបឹងកេងកង ថ្ងៃខ្លះម្តុំបឹងត្របែក ឬម្តុំផ្សារទួលទំពូង ក៏មានមិនទៀងទេ ។ ថ្ងៃខ្លះចេញពីព្រឹមរហូតដល់ម៉ោង ៦ ឬ ៧ យប់ ទើបបានចូលមកសម្រាក» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ