ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករនៅតូច សូមឧស្សាហ៍មើលលំហូរសាច់ប្រាក់អាជីវកម្ម បើមិនចង់ខាតធំ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លំហូរសាច់ប្រាក់ សម្រាប់អាជីវកម្ម ជាដំណើរការនៃការគ្រប់គ្រងហិរញ្ញវត្ថុមួយផ្នែករបស់អាជីវកម្មមួយៗ ។ សហគ្រិនខ្មែរ ដែលបានចងក្រងឯកសារនិយាយពីលំហូរសាច់ប្រាក់ បានជំរុញឲ្យអាជីវករឧស្សាហ៍ត្រួតពិនិត្យលើផ្នែកប្រាក់ចំណូល ចំណាយរបស់ជំនួញខ្លួន…

រាជធានីភ្នំពេញ ៖ លំហូរសាច់ប្រាក់ សម្រាប់អាជីវកម្ម ជាដំណើរការនៃការគ្រប់គ្រងហិរញ្ញវត្ថុមួយផ្នែករបស់អាជីវកម្មមួយៗ ។ សហគ្រិនខ្មែរ ដែលបានចងក្រងឯកសារនិយាយពីលំហូរសាច់ប្រាក់ បានជំរុញឲ្យអាជីវករឧស្សាហ៍ត្រួតពិនិត្យលើផ្នែកប្រាក់ចំណូល ចំណាយរបស់ជំនួញខ្លួន ជាប្រចាំ អាចថាប្រចំាសប្ដាហ៍ ប្រចាំខែ ឬពេលកំណត់ណាមួយ ។  

ការពិនិត្យលំហូរសាច់ប្រាក់ជាទៀងទាត់នៅអាជីវកម្ម អាចឲ្យអ្នកជំនួញទទួលបានសារៈប្រយោជន៍ ឬដំណោះស្រាយនៅក្នុងជំនួញរបស់ខ្លួនទាន់ពេលវេលា ។ មានការលើកឡើងថា លំហូរសាច់ប្រាក់របស់អាជីវកម្ម ប្រៀបដូចជាលំហូរឈាមនៅក្នុងខ្លួនមនុស្សអ៊ីចឹងដែរ  ប្រសិនបើវាមានបញ្ហាណាមួយរាងស្ទះដល់លំហូរសាច់ប្រាក់នេះ រាងកាយនៃអាជីវកម្ម ឬប្រតិបត្តិការមួយចំនួននឹងរងផលប៉ះពាល់យ៉ាងខ្លាំង ជាពិសេសអាជីវកម្មធុនតូច ឬមធ្យម អាចរងផលមិនល្អច្រើនដោយសារប្រព័ន្ធប្រតិបត្តិលំហូរសាច់ប្រាក់នៅមានកម្រិតតូចនៅឡើយ ។ ការឧស្សាហ៍ពិនិត្យលំហូរសាច់ប្រាក់ឲ្យគេទទួលបានចំនុចល្អ ៤ ចំណុច មាន ៖

១)-ជាជំនួយនៅក្នុងការបង្កើតនូវគម្រោងផែនការ និងការសម្រេចចិត្ត ដើម្បីបង្កើតផែនការអាជីវកម្ម និងការសម្រេចចិត្តដែលនាំឲ្យមានការប្រែប្រួលលើមុខជំនួញរបស់អ្នក អ្នកត្រូវមានចំណេះដឹងពីការគ្រប់គ្រងនូវលំហូរសាច់ប្រាក់បានល្អ ។ នៅពេលអ្នកមានរបាយការណ៍នៃលំហូរសាច់ប្រាក់មួយ ដែលជាក់លាក់នោះ វានឹងក្លាយជាទិន្នន័យយ៉ាងសំខាន់សម្រាប់ការសម្រេចចិត្ត និងធ្វើផែនការអាជីវកម្ម ដែលត្រូវនឹងស្ថានភាពជាក់ស្ដែងរបស់អាជីវកម្មតែម្ដង ។ ជាពិសេស ភាពវិជ្ជមាននៃលំហូរសាច់ប្រាក់ នឹងអាចជាកាតាលីករជំរុញទឹកចិត្តម្ចាស់អាជីវកម្មឲ្យបង្កើតនូវយុទ្ធសាស្រ្ដនៅក្នុងរយៈពេលខ្លី ឬវែង ដើម្បីអភិវឌ្ឍអាជីវកម្មនាពេលអនាគត ។ 

២)-បង្ហាញពីទិសដៅជាក់លាក់នៃការចំណាយប្រាក់ ។ ការយល់ពីលំហូរសាច់ប្រាក់ នឹងជួយអ្នកឲ្យបង្កើតនូវរបាយការណ៍លំហូរសាច់ប្រាក់មួយដែលល្អ នឹងជួយអ្នកឲ្យដឹងពីស្ថានភាពជាក់ស្ដែងនៃការចំណាយ និងចំណូលនានា ដើម្បីងាយស្រួលនៅក្នុងការកាត់បន្ថយការចំណាយ ឬបន្ថែមការចំណាយលើផ្នែកណាមួយសម្រាប់ដំណើរអាជីវកម្ម ។ 

៣)-ការពារ និងបង្កើនទំនាក់ទំនងជាមួយដៃគូអាជីវកម្ម ។ នៅក្នុងការធ្វើអាជីវកម្ម ពិតណាស់ត្រូវមានការទំនាក់ទំនងជាមួយអ្នកដទៃ ដូច្នេះភាពវិជ្ជមានរបស់របាយការណ៍លំហូរសាច់ប្រាក់នៃអាជីវកម្មរបស់អ្នកក៏អាចជា កម្លាំងចលករមួយជំរុញឲ្យដៃគូសហការផ្សេងៗមានការចាប់អារម្មណ៍ និងបង្កើតទំនុកចិត្តនៅក្នុងការសហការជាមួយអ្នក ដើម្បីអភិវឌ្ឍ និងរីកចម្រើនជាមួយគ្នាផងដែរ ។  

៤)-យល់ច្បាស់ពីពេលវេលាដើម្បីពង្រីកអាជីវកម្ម ។ សម្រាប់អាជីវកម្មនីមួយៗ តែងតែមានចក្ខុវិស័យខ្ពស់នៅក្នុងការពង្រីកប្រតិបត្តិការរបស់ខ្លួន ។ ដូច្នេះ ការយល់ដឹងពីលំហូរសាច់ប្រាក់ ជាមួយនឹងភាពជាក់លាក់នៃរបាយការណ៍លំហូរសាច់ប្រាក់ នឹងជួយអ្នកឲ្យដឹងពីស្ថានភាពជាក់ស្ដែងរបស់អាជីវកម្ម និងដើម្បីឲ្យដឹងពីពេលវេលាជាក់លាក់ និងត្រឹមត្រូវនៅក្នុងការពង្រីកអាជីវកម្ម ។ ដោយសារមានអាជីវកម្មខ្លះ មានភាពបរាជ័យនៅពេលពួកគាត់ធ្វើការពង្រីកអាជីវកម្ម ឬអាចផ្ដល់ផលប៉ះពាល់ដល់អាជីវកម្មដើម មកពីមានបញ្ហានៃលំហូរសាច់ប្រាក់មិនសូវល្អ ។ 

តាមឯកសារសហគ្រិនខ្មែរ ការពិនិត្យលំហូរសាច់ប្រាក់ជាផ្នែកសំខាន់ នៅក្នុងការធ្វើអាជីវកម្មមួយ ក្រៅពីការព្យាយាមពង្រីក និងអភិវឌ្ឍអាជីវកម្ម តាមរយៈការធ្វើទីផ្សារ បង្កើនការលក់ ឬផ្ដល់សេវាកម្ម ។ ម្ចាស់អាជីវកម្មត្រូវផ្ដោតសំខាន់ទៅលើបញ្ហាសុខភាពនៃលំហូរសាច់ប្រាក់ ធ្វើយ៉ាងណាឲ្យវាមានភាពវិជ្ជមានជានិច្ចទោះតិច  ឬច្រើនក្ដី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ