ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកខេត្តកំពង់ចាម និងកណ្តាលមួយចំនួនក្រោកម៉ោង ២ ទៀបភ្លឺមកលក់បន្លែតាមកង់នៅភ្នំពេញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មានលំនៅដ្ឋានពី ៥០ ទៅ ៧០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ យ៉ាងណាក្តី ពលរដ្ឋនៅខេត្តកណ្តាល និងខេត្តកំពង់ចាម…

រាជធានីភ្នំពេញ ៖ មានលំនៅដ្ឋានពី ៥០ ទៅ ៧០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ យ៉ាងណាក្តី ពលរដ្ឋនៅខេត្តកណ្តាល និងខេត្តកំពង់ចាម មួយចំនួនសុខចិត្តក្រោកពីដំណេកនៅម៉ោង ២ ឬ ៣ ទៀបភ្លឺ ជិះរថយន្តឈ្នួលយកបន្លែ ត្រីសាច់ពីភូមិស្រុកមកលក់នៅភ្នំពេញ តាមកង់ដោយត្រូវជិះគ្រប់ច្រកល្ហកក្នុងទីក្រុងចូលដល់កាំជណ្តើរអ្នកភ្នំពេញតែម្តង ។ ការកលក់ដូរបែបនេះបានធ្វើឡើងច្រើនខែមកហើយ ក្រោយពីភ្នំពេញវាយលុកដោយកូវីដ ១៩ ពិសេសក្រោយផ្ទុះព្រឹត្តិការណ៍ ២ ០កុម្ភៈមក ។

ទោះមានការប្រឈម ឆ្លងកូវីដ ១៩ យ៉ាងណាក្តី អ្នកភូមិមានទំាងបុរស និងស្រ្តី បានដាក់បន្លែនិងកង់លើរថយន្តឈ្នួល ចូលមកភ្នំពេញរាល់ព្រឹមដើម្បីរកប្រាក់ចិញ្ចឹមជីវិត ។ អ្នកស្រី ជុំ ស្រីយៀន អាយុជាង ៣០ ឆ្នាំរស់នៅភូមិមាន់ដប់ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលចម្ងាយប្រមាណ ៦០ គីឡូម៉ែត្រពីភ្នំពេញ ក្រោយពីចុះពីលើរថយន្តឈ្មួលទំាងព្រលឹមស្រាងៗ គាត់បានរៀបចំបន្លែ ត្រី សាច់ មានបន្លែច្រើនមុខមានមើម ស្លឹម ដើម ត្រីសាច់ មានទំាងពីសាច់ជ្រូក សាច់គោ សាច់មាន់ ត្រីងៀត ដាក់នៅលើកញ្ច្រែងយ៉ាងញាប់ដៃ ដើម្បីចេញទៅលក់បន្តឲ្យទាន់ពេលវេលា ។ គាត់ត្រូវជិះកង់លក់របស់ទំាងអស់នេះនៅម្តុំផ្សារធំថ្មី ដោយជិះកង់ចូលតាមផ្លូវតូចៗ ដល់កាំជណ្តើរអ្នកភ្នំពេញតែម្តង ។

«ទោះបីដឹងថា ជំងឺកូវីដ ១៩ ជាជំងឺកាចសាហាវ ក៏ដោយខ្ញុំនៅតែរកស៊ី ។ ពិតណាស់ខ្ញុំការពារដោយពាក់ម៉ាស់ ហើយពលរដ្ឋដែលទិញបន្លែខ្ញុំ ពួកគាត់ក៏ពាក់ម៉ាសជាទូទៅដែរ ។ មុខរបរនេះបានកម្រៃជួយដោះស្រាយជីវភាពគ្រួសារខ្ញុំជាប្រចាំផងដែរ» អ្នកស្រី ស្រីយៀន រៀបរាប់ ។ មុនលក់បន្លែនេះគាត់ជាដើរលក់អាហារសម្រន់តាមកង់នៅភ្នំពេញនេះដែរ ។

បន្លែគ្រប់មុខដែលគាត់លក់ត្រូវដើរទិញពីកសិករដែលដំាដុះក្នុងសហគមន៍គាត់ ។ ចំណែក ត្រីសាច់មានម៉ូយដឹកមកឲ្យដល់ផ្ទះ ។ ជារៀងរាល់ថ្ងៃគាត់ត្រូវក្រោកពីម៉ោង ២ ទៀបភ្លឺក្នុងការប្រកបរបរនេះ ។ ពីផ្ទះមកភ្នំពេញ គាត់ត្រូវចំណាយថ្លៃរថយន្តឈ្នួល ៥០០០ រៀល ។ ចំណែកចំណូលក្រោយទូទាត់ការចំណាយ គាត់អាចសល់ប្រាក់ពី ៤ ទៅ ៥ ម៉ឺនរៀល ។ 

 អ្នកស្រី សុខ ចន្ថា អាយុជាង ៥០ ឆ្នាំ មានអាស្រ័យដ្ឋាននៅ ភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល គាត់ជិះកង់លក់បន្លែនៅភ្នំពេញម្នាក់ទៀតដែរ ។ អ្នកស្រីត្រូវចំណាយដើមទុនជិត ២០ ម៉ឺនរៀលដើម្បីទិញបន្លែគ្រប់មុខ ត្រី សាច់ មាន់ ក្នុងផ្សារព្រែកអញ្ចាញ ដាក់ឡានមកភ្នំពេញ នៅរាល់ពេលទាបភ្លឺ ។ អ្នកស្រីបានពោលថា ការធ្វើដំណើរពិបាកត្រូវអត់ងងុយ ចុះពីឡាន ត្រូវជិះកង់ទៀត ប៉ុន្តែនេះជាជីវិតបើមិនរកមិនបានឡើយ ។ 

អ្នកស្រី យ៉ន យ៉ាន មានអាយុប្រមាណជាង ៦០ ឆ្នាំ រស់នៅភូមិ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល គាត់បានតស៊ូនៅក្នុងរបរលក់បន្លែនេះដែរ ។ នៅពេលកំពុងអង្គុយលក់បន្លែ ត្រី សាច់ ម្តុំផ្សារកណ្តាលដោយជួលមុខផ្ទះគេលក់ដូរនោះ អ្នកស្រីនិយាយថា អ្នកស្រុករបស់គាត់មានមុខរបរលក់បន្លែ ត្រី សាច់ ដោយប្រើប្រាស់កង់ចល័តនៅភ្នំពេញេ ហើយអ្នកស្រុកគាត់ដែលជាស្រ្តីប្រមាណ ៦០% បានចាប់យករបរនេះ ដោយសារពួកគេគ្មានដីធ្វើស្រែ ។

លោក ប៊ុន កុសល អ្នកស្រុកល្វាឯម ខេត្តកណ្តាលជាអ្នលលក់បន្លែម្នាក់ទៀត ប៉ុន្តែលោក កុសល គាត់មានរឺម៉ក់កង់បីមួយគ្រឿងគ្រាន់ដឹកបន្លែដើរលក់ ងាយស្រួលជាងស្រ្តីខាងលើដែលត្រូវធាក់កង់ ។ លោក កុសល ពីរនាក់ប្រពន្ធថា ការលក់បន្លែតាមកង់បានចំណូលគួរសម ដែលយ៉ាងហោចណាស់ គាត់អាចចិញ្ចឹមគ្រួសារបាន ដោយមិនបាច់ធ្វើចំណាកស្រុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ