ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាកពិធីអាពាហ៍ពិពាហ៍មួយ ការរកលុយពីវិស័យជាច្រើនទៀតក៏ប៉ះពាល់ដែរ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អាជីវកម្ម សេដ្ឋកិច្ចជាការវិលជុំ ផ្នែកណាមួយខូចខាត វានឹងបង្ករផលប៉ះពាល់ដល់វិស័យផ្សេងទៀតជាមិនខាន ។ ជាក់ស្តែងដូចពេលផ្អាកការជួបជុំ ផ្អាកពិធីអាពាហ៍ពិពាហ៍នៅក្នុងការបង្ការជំងឺកូវីដ ១៩…

រាជធានីភ្នំពេញ ៖ អាជីវកម្ម សេដ្ឋកិច្ចជាការវិលជុំ ផ្នែកណាមួយខូចខាត វានឹងបង្ករផលប៉ះពាល់ដល់វិស័យផ្សេងទៀតជាមិនខាន ។ ជាក់ស្តែងដូចពេលផ្អាកការជួបជុំ ផ្អាកពិធីអាពាហ៍ពិពាហ៍នៅក្នុងការបង្ការជំងឺកូវីដ ១៩ នេះ បានធ្វើឲ្យមុខរបរជាច្រើនប៉ះពាល់ ដែលប៉ះពាល់ដល់ទីផ្សារអ្នកចិញ្ចឹមត្រី ប៉ះពាល់ដល់អ្នកធ្វើចុងភៅ ប៉ះពាល់ដល់អ្នកសម្អាងការ ប៉ះពាល់ដល់អ្នកលក់ផ្កា ជាដើម នេះសម្រាប់តែការផ្អាកពិធីអាពាហ៍ពីពាហ៍មួយប៉ុណ្ណោះ ។ 

អ្នកស្រី គង់ កល្យាណ លក់ផ្កាស្រស់នៅខាងកើតផ្សារធំថ្មី និងអ្នកស្រី សម សោភា លក់ផ្កាស្រស់នៅផ្សារចាស់ បាននិយាយប្រហាក់ប្រហែលគ្នាថា តាំងពីមានកើតជំងឺកូវីដ ១៩ មក ដែលធ្វើឲ្យរដ្ឋាភិបាលផ្អាកការជួបជុំ ពិសេសពិធីអាពាហ៍ពិពាហ៍នោះ បានធ្វើឲ្យប៉ះពាល់ដល់ការលក់ផ្កាស្រស់របស់ខ្លួនជាខ្លំាង ។  អាជីវករទំាងពីរឲ្យដឹងថា មានថ្ងៃខ្លះខ្លួនលក់មិនបានមួយរៀលផង ហើយថ្ងៃខ្លះលក់បានតែស៊ុំផ្កាតាំងរូបថតសព កន្ត្រក់ផ្កា និងបាច់ផ្កាសម្រាប់ជូនកាដូរគ្នាតិចតួចតែប៉ុណ្ណោះ ។ រីឯការតុបតែងតាមរោងការ ដែលជាប្រភពចំណូលធំ សម្រាប់អ្នកលក់ផ្កានោះ គឺសូន្យតែម្តង ព្រោះម្ចាស់ដើមការសឹងតែទាំងអស់នាំគ្នាលើកពេល ឬរៀបចំពិធីតូចតាច ដែលមិនបាច់តុបតែងផ្ការឡើយ ។ 

អ្នកលក់ផ្កា កញ្ញវ័យក្មេងម្នាក់ នៅលើផ្លូវលេខ ១៣៤ ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ ៧ មករា បានរៀបរាប់ថា មុខរបរលក់ផ្កាស្រស់នាពេលបច្ចុប្បន្នកាន់តែយ៉ាប់ទៅៗ មិនដឹងពេលណាទើប អាចមានចំណូល អតិថិជនមកទិញដូចមុននោះទេ ។ «បើលក់មិនដាច់តើបានលុយឯណាបង់ឲ្យធនាគារ និងបង់ថ្លៃផ្ទះប្រចាំខែឲ្យគេបើថ្ងៃខ្លះលក់មិនដាច់ ។ កាលពីមិនទាន់កើតព្រឹត្តិការសហគមន៍ ២០ កុម្ភៈ មុខរបរលក់ផ្ការដាច់ខ្លាំង មានម៉ូយកុម្មង់ផ្កាស្រស់តុបតែងតាមរោងការ និងក្នុងពិធីបុណ្យទានផ្សេងៗមិនសូវលស់ថ្ងៃឡើយ» ។ នេះជាសំណួរ និងការលើកឡើងរបស់អ្នកលក់ផ្កាដែលសូមមិនឲ្យបញ្ចេញឈ្មោះ ។ 

អ្នកលក់ដដែលផ្កាឲ្យដឹងថា គាត់បានខ្ចីប្រាក់ធនាគារជាង ១ ម៉ឺនដុល្លារមករកស៊ីលក់ផ្កាស្រស់នេះ ហើយត្រូវបង់មួយខែ ៣០០ ដុល្លារឲ្យទៅធនាគារ ។ ប្រឈមនឹងវិបត្តជំងឺកូវីដ ១៩ មិនដឹងថា មានលទ្ធភាពអាចបង់ឲ្យធនាគារត្រឹមណានោះទេ។ ជាការកត់សម្គាល់នៅពេលអ្នកលក់ផ្ការលក់មិនដាច់ដូច្នេះបញ្ហាប្រាកដជាជះឥទ្ធិពលដល់អ្នកដាំផ្កាជាមិនខាន នេះជាផលប៉ះពាល់ខាងសេដ្ឋកិច្ចដោយសារកូវីដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ