ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករកស៊ីតាមផ្លូវពេលយប់បារម្ភពីផលប៉ះពាល់លើមុខរបរជាថ្មីពីបម្រាមគោចរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ កាន់តែខ្លាំងឡើងជាពិសេសមេរោគកូវីដ ១៩ ប្រភេទបំប្លែងថ្មី រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធររាជធានីភ្នំពេញ បានដាក់ចេញបម្រាមគោចរជាថ្មីម្តងទៀត…

រាជធានីភ្នំពេញ ៖ ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ កាន់តែខ្លាំងឡើងជាពិសេសមេរោគកូវីដ ១៩ ប្រភេទបំប្លែងថ្មី រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធររាជធានីភ្នំពេញ បានដាក់ចេញបម្រាមគោចរជាថ្មីម្តងទៀត ដោយហាមការធ្វើដំណើរពេលយប់ចាប់ពីម៉ោង២១ យប់ដល់ម៉ោង ៣ ភ្លឺ ។ ការដាក់ចេញនូវបម្រាមគោចរដែលផ្តើមអនុវត្តពីថ្ងៃទី ២៩ ខែកក្កដា នេះទៅ បានបង្កជាក្តីព្រួយបារម្ភ ថាមានផលប៉ះពាល់ជាថ្មីដល់របរពេលរាត្រីនៅតាមដងផ្លូវបន្តទៀត ។

លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានឱ្យដឹងថា ការដាក់ចេញនូវបម្រាមគោចរជាថ្មីម្ដងទៀតនឹងធ្វើឱ្យប៉ះពាល់អាជីវកម្មរបស់ក្រុមអ្នកប្រកបរបរពេលយប់ ហើយនឹងធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់គាត់ជាថ្មីផងដែរ ។ លោកបន្តថា «យើងមានការសោកស្ដាយដែលមេរោគនេះនៅតែបន្តរាលដាល និងបង្កផលប៉ះពាល់ក្រុមអាជីវករក៏ដូចជាសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែការដាក់ចេញវិធានការបម្រាមគោចរគួរតែពន្យារទៅដល់ម៉ោង ១១ យប់ដល់ម៉ោង ៥ ភ្លឺ ដើម្បីឱ្យក្រុមអាជីវករមានពេលវេលាក្នុងការប្រកបរបរ ពីព្រោះថា ម៉ោង ៩ យប់ គឺជាវេលាខ្លីពេកក្នុងការប្រកបរបរ ។

ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលធ្វើការជាមួយពលរដ្ឋរកទទួលទាននៅលើដងផ្លូវភាគច្រើននោះ បានរៀបរាប់ថា ៖ «ក្រុមដែលរងផលប៉ះពាល់ពីបម្រាមគោចរនេះ មានក្រុមអ្នករត់ម៉ូតូកង់បី ក្រុមលក់មីឆា លក់បបរ និងអាហារផ្សេងទៀតនៅពេលយប់ជាដើម ។ ក្រុមទាំងនេះសុទ្ធជាក្រុមដែលប្រឈម និងរងផលប៉ះពាល់ខ្លាំង ពីព្រោះត្រឹមម៉ោង ៩ យប់គឺ វាខ្លីណាស់សម្រាប់ការប្រកបរបររកទទួលទាន» ។

លោកបានអំពាវនាវដល់ក្រុមទាំងអស់ត្រូវចូលរួមជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លង និងចម្លងមេរោគកូវីដ ១៩ បន្តទៀតត្រូវអនុវត្តន៍វិធានការ ៣កុំ ៣ការពារ ហើយនៅពេលពួកគាត់អនុវត្តន៍បានល្អ រដ្ឋាភិបាលអាចនឹងបន្ធូរបន្ថយដល់វិធានការនានា នឹងធ្វើឱ្យការប្រកបអាជីវកម្មបានកាន់តែប្រសើរឡើង ។

សូមរំឮកថា នៅក្នុងសារាចរណ៍ណែនាំរបស់សាលារាជធានីភ្នំពេញនៅថ្ងៃទី ២៩ កក្កដា ២០២១ នេះបានឱ្យដឹងថា អាជ្ញាធរនឹងចាប់ផ្ដើមអនុវត្តន៍បម្រាមគោចរនៅរាជធានីភ្នំពេញចាប់ពីម៉ោង ៩ ដល់ម៉ោង ៣ ភ្លឺដោយចាបផ្ដើមអនុវត្តន៍ពីម៉ោង ២៣:៥៩ ថ្ងៃទី ២៩  ខែកក្កដា ដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ ។

ចំណែកលោក ចាន់ ស៊ីណូ អ្នករត់ម៉ូតូកង់បីមួយរូបនៅរាជធានីភ្នំពេញ លើកឡើងថា ដោយសារតែស្ថានភាពកូវីដ ១៩ បានធ្វើឱ្យលោកត្រូវរត់ម៉ូតូកង់បីដល់យប់ជ្រៅ ដើម្បីបានប្រាក់ចំណូលបន្ថែមមកផ្គត់ផ្គង់គ្រួសារ ហើយនៅពេលអាជ្ញាធរចាប់ផ្ដើមអនុវត្តន៍បម្រាមគោចរពេលយប់ទៀត ដូច្នេះមិនថា លោក និងក្រុមអ្នករត់កង់បីផ្សេងទៀតនឹងជួបបញ្ហាដូចគ្នា ។ លោកបន្តថា បច្ចុប្បន្ននេះអ្នករត់កង់បីក៏ច្រើន ហើយអ្នកជិះក៏កាន់តែតិច ដោយសារតែវិបត្តិកូវីដ ១៩ មិនសូវមានអ្នកចេញចូល ឬធ្វើដំណើរច្រើនដូចមុន ទើបចំណូលកាន់តែធ្លាក់ និងរត់ទាំងថ្ងៃទាំងយប់ ។

ទោះយ៉ាងណាក្តីវិធានការវិធានរដ្ឋបាល និងសុខាពិបាលដែលរដ្ឋាភិបាល និងអាជ្ញាធរដាក់ចេញជាបន្តបន្ទាប់នេះ ដើម្បីឆ្លើយតបការរីករាល់ជំងឺកូវីដ ១៩ ដែលមានសភាពធ្ងន់ធ្ងរនៅឡើយក្នុងការពារអាយុជីវិតប្រជាពលរដ្ឋ ។ នៅក្នុងសារាចរស្តីពីការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ ១៩ ចុះថ្ងៃទី ២៨ កក្កដា ឆ្នាំ ២០២១ នេះ សម្តេចនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ការពង្រឹងវិធានការសុខាភិបាល វិធានការរដ្ឋបាល ទំាងផ្លូវច្បាប់ជាកក្តាសំខាន់ដ៏ចាំបាច់បន្ថែមលើវិធានការអប់រំ ណែនាំនាពេលកន្លងមក ដែលមិនត្រឹមតែអាចកាត់បន្ថយការឆ្លងរាលដាល់ជំងឺកូវីដ ១៩ នាពេលបច្ចុប្បន្ននេះប៉ុណ្ណោះទេថែមទំាងបង្កើនបាននូវលក្ខណៈសម្បត្តិដើម្បីឈានឆ្ពោះទៅកាន់អនុវត្តផែនការយុទ្ធសាស្រ្តសម្រាប់រស់នៅជាមួយជំងឺកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មី បន្ទាប់ពីផែនការចាក់វ៉ាក់សំាងសម្រេចជោគជ័យនាពេលខាងមុខឆាប់ៗនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ