រាជធានីភ្នំពេញ ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយកម្លាំងអាវុធហត្ថខណ្ឌចំការមន បានធ្វើការចុះឆែកឆេរផ្ទះល្វែងមួយកន្លែងដែលជាទីតាំងបង្ខាំងមនុស្សខុស្សច្បាប់ ដោយបានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់(ស្រីម្នាក់) និងធ្វើការរំដោះបានបុរសជនជាតិចិនរងគ្រោះ២នាក់ កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងផ្ទះល្វែងមួយកន្លែងដែលមានលេខ១១២EH ផ្លូវលេខ១៧៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីលោកវរសេនីយ៍ត្រី សេន កូម៉ុន នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានដឹកនាំកម្លាំងចុះបង្ក្រាបផ្ទាល់ បានប្រាប់ឱ្យដឹងថា ដោយឆ្លងកាត់ការស្រាវជ្រាវរបស់កម្លាំងជំនាញរបស់លោក និងក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះជាជនជាតិចិនជាច្រើននាក់នាពេលកន្លងមក ទើបបានឈានទៅដល់ការរកឃើញ និងចុះមកធ្វើការឆែកឆេរទីតាំងបង្ខាំងមនុស្សខុសច្បាប់ខាងលើ ។ លោកបន្តថា ការចុះមកបង្ក្រាបទីតាំងបង្ខាំងមនុស្សខុសច្បាប់នេះធ្វើឡើងក្រោយពីមានជនជាតិចិនដែលជាប់នៅខាងក្នុងបានគប់វត្ថុរឹងមួយចំនួនជាញឹកញាប់ចេញមកខាងក្រៅផ្ទះដើម្បីរកការជួយសង្គ្រោះពីកម្លាំងមានសមត្ថកិច្ច ។
លោកវរសេនីយ៍ត្រី សេន កូម៉ុន ក៏បានប្រាប់បន្តទៀតថា ក្នុងប្រតិបត្តិការនេះដែរកម្លាំងរបស់លោកបានធ្វើការឃាត់ខ្លួនបានជនជាតិចិនដែលជាម្ចាស់ទីតាំងចំនួន៤នាក់ និងធ្វើការរំដោះបានបុរសជនជាតិចិនរងគ្រោះចំនួន២នាក់ ដែលត្រូវបានគេបង្ខាំងទុករយៈពេលជាង៤ខែមកហើយនោះ ។ ដោយកាលពីពេលកន្លងមក ក្នុងទីតាំងខាងលើនេះបានធ្វើការបង្ខាំងទុកជនជាតិចិនចំនួន៧នាក់ ហើយត្រូវបានគេធ្វើការរំដោះចេញយកទៅលាក់ទុកនៅទីតាំងផ្សេងៗអស់មុនពេលដែលកម្លាំងរបស់លោកចុះមកដល់ទីនោះ និងកំពុងតែធ្វើការស្រាវជ្រាវរកទីតាំងបង្ខាំងមនុស្សខុសច្បាប់ផ្សេងទៀតផងដែរ ។
ក្រោយពីប្រតិបត្តិការរបស់កម្លាំងកងរាជអាវុធហត្ថនេះ ជនជាតិជាតិចិនដែលជាប់ចោទទាំង៤នាក់ត្រូវបានបញ្ជូនយកទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត ឯជនជាតិចិនរងគ្រោះទាំង២នាក់ត្រូវបានរំដោះអោយមានសេរីភាពវិញ ចំណែកឯទីតាំងខាងលើត្រូវបានបិទទ្វារជាបណ្តោះអាសន្ន ៕
ចែករំលែកព័តមាននេះ