ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណូលរមណីយដ្ឋានអង្គរ បន្តធ្លាក់ចុះ ខណៈកម្ពុជាត្រៀមទទួលអ្នកទេសចរចាក់វ៉ាក់សំាងហើយនៅចុងឆ្នាំ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ចំណូលពីអ្នកទេសចរបរទេស ទៅទស្សនារមណីយដ្ឋានអង្គរកាន់តែធ្លាក់ចុះនៅឆ្នាំនេះ ។ រមណីយដ្ឋានអង្គរបានរកចំណូលបានត្រឹម ២១៩,២១៨ ដុល្លារប៉ុណ្ណោះ ពីភ្ញៀវទេសចរបរទេស នៅក្នុងឆមាសទី…

រាជធានីភ្នំពេញ ៖ ចំណូលពីអ្នកទេសចរបរទេស ទៅទស្សនារមណីយដ្ឋានអង្គរកាន់តែធ្លាក់ចុះនៅឆ្នាំនេះ ។ រមណីយដ្ឋានអង្គរបានរកចំណូលបានត្រឹម ២១៩,២១៨ ដុល្លារប៉ុណ្ណោះ ពីភ្ញៀវទេសចរបរទេស នៅក្នុងឆមាសទី ១ ឆ្នាំ ២០២១ នេះ ។ ប្រាក់ចំណូលនេះ គឺបានថយចុះរហូតដល់ជិត ៩៩% បើធៀបនឹងឆ្នាំ ២០២០ រកចំណូលបានជាង ១៨ លានដុល្លារ ។ 

សេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ចេញផ្សាយថ្ងៃទី ១ កក្កដា នៅឆមាសទី ១ ឆ្នាំនេះ មានអ្នកទេសចរជាង ៥ ពាន់នាក់ ប៉ុណ្ណោះបានមកទស្សនាតំបន់អង្គរវត្ត ។

នៅចំពោះការរាតត្បាតជំងឺកូវីដ ១៩ ដែលបំផ្លាញវិស័យទេសចរណ៍ និងការធ្វើដំណើរជាសកលនោះ កម្ពុជាបានកំពុងរៀបចំយុទ្ធសាស្រ្តស្តារ វិស័យទេសចរណ៍ឡើងវិញ ពិសេសគម្រោងបើកឲ្យមានដំណើរទេសចរបរទេសដែលបានចាក់វ៉ាក់សំាងហើយទៅកាន់រមណីយដ្ឋានអង្គរ ។  កាលពីថ្ងៃទី ១ កក្កដា ម្សិលមិញនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការទទួលភ្ញៀវទេសចរអន្តរជាតិអាចធ្វើទៅបាន គឺអាស្រ័យលើការចាក់វ៉ាក់សាំងឱ្យបានច្រើនជូនដល់ប្រជាជនក្នុងប្រទេស ។ 

ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឲ្យសេវាទេសចរណ៍ ត្រួតពិនិត្យការងារអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ ការីទេសចរណ៍ក្នុងស្រុក និងមធ្យោបាយដឹកជញ្ជូនទេសចរផ្លូវទឹក និងផ្លូវគោក នៅគ្រប់គោលដៅរាជធានីខេត្តទាំង ២៥ សំដៅបង្កើនភាពរឹងមាំនៃទេសចរក្នុងស្រុក និងសម្រាប់ត្រៀមលក្ខណៈសម្បត្តិទទួលភ្ញៀវទេសចរអន្តរជាតិនាពេលខាងមុខ ។

«ភាពរឹងមាំនេះ ពឹងផ្អែកសំខាន់លើការបង្កើតភាពសាំក្នុងសហគមន៍ (The Heard Immunity) តាមរយៈការជំរុញការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាទូទាំងប្រទេស និងការបន្តអនុវត្តវិធានការ ៣កាពារ ៣កុំ» នេះជាការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្តី ។

ពាក់ព័ន្ធនឹងការត្រៀមទទួលទេសចរអន្តរជាតិនៅពេលខាងមុខ ក្រសួងទេសចរណ៍អះអាងថា បានរៀបចំរួចហើយនូវឯកសារទស្សនាទានទទួលទេសចរណ៍អន្តរជាតិចាក់វ៉ាក់សាំង ហើយកំពុងពិភាក្សាយ៉ាងសកម្មជាមួយផ្នែកជំនាញនៃក្រសួងសុខាភិបាល ដើម្បីដាក់ជូនឯកសារនេះ ជូនអនុគណៈកម្មការនានា គណៈកម្មការ អន្តរក្រសួងប្រយុទ្ធជំងឺកូវីដ ផ្តល់យោបល់មុនៗគោរពដាក់ជូនគណៈប្រចាំការនៃ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងកូវីដ រាជរដ្ឋាភិបាលពិនិត្យ និងសម្រេច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ