រាជធានីភ្នំពេញ ៖ លោករដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានមួយរូបបានថ្លែងឲ្យដឹងថា ក្នុងចំណោមប្រាង្គប្រាសាទ បុរាណដ្ឋានសរុបជាង ៥៣០០ កន្លែងនៅទូទាំងប្រទេសក្នុងនោះ បុរាណដ្ឋាន ប្រាង្គប្រាសាទស្ថិតក្នុងតំបន់ការពារធម្មជាតិសរុបមានចំនួន ៨៥៧ ទីតាំង ក្នុងនោះ ៤២៦ បុរាណដ្ឋានស្ថិតនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន«ភ្នំគូលែន»។ លោកបន្តថា ចំនួនបុរាណដ្ឋាននៅក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះអាច នៅមានច្រើនទៀតដែលស្ថិតក្នុងព្រៃជ្រៅមិនទាន់រកឃើញ។
អ្នកនាំពាក្យរូបនោះបានបន្ថែមថា ប្រព័ន្ធតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សចម្រុះកម្ពុជាបច្ចុប្បន្នមានសរុបមានចំនួនជាង ៧០ ទីតាំងនៅក្នុងខេត្តចំនួន ២១ ក្នុងចំណោមខេត្តរាជធានី ២៥ របស់កម្ពុជាមានផ្ទៃដីសរុបទំហំ ៧៣លានហិកតា ស្មើប្រមាណ ៤១%នៃផ្ទៃដីប្រទេសកម្ពុជា។ លោកថា តំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះមិនត្រឹមតែសម្បូណ៌ដោយធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ និងរុក្ខជាតិតូចធំដែលមានតម្លៃផ្នែកប្រព័ន្ធអេកូឡូស៊ី និងការអភិរក្សជីវៈចម្រុះនោះទេ តែក៏មានបុរាណដ្ឋានដែលជាជង្រុកនៃ វប្បធម៌ ប្រពៃណីទំនៀមទំលាប់របស់ជាតិសាសន៍ខ្មែរដ៏សម្បូណ៌បែប។
លោកបានឲ្យដឹងទៀតថា ក្រសួងបរិស្ថានបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងការការពារ និងអភិរក្សបុរាណដ្ឋានទាំងនេះ។លោកបញ្ជាក់ថា ក្រសួងបរិស្ថានមានយុត្តាធិការលើការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្ស ចំណែកក្រសួងវប្បធម៌និងវិចិត្រ សិល្បៈមានតួនាទីក្នុងការអភិរក្សការពារបុរាណដ្ឋាននិងប្រាង្គប្រាសាទក្នុងតំបន់ការពារធម្មជាតិទាំងនោះដូចជាការជួសជុល តំហែទាំជាដើម។ លោកថានេះគឺជាកិច្ចសហការមួយប្រកបដោយការទទួលខុសត្រូវក្នុងនាមរាជរដ្ឋាភិបាលដើម្បីការពារនិងអភិរក្សសម្បត្តិធម្មជាតិផង និងការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ផងដែលមានតម្លៃមហាសាលសម្រាប់ជាតិ និងប្រជាជនកម្ពុជា។
លោករដ្ឋលេខាធិការក៏បានបញ្ជាក់បន្ថែមដែរថា ប្រាង្គប្រាសាទនិងបុរាណដ្ឋានដែលស្ថិតក្នុងតំបន់ការពារធម្មជាតិបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនឹងធនធានធម្មជាតិ ខណដែលបុរាណដ្ឋានទាំងនេះបាននិងកំពុងក្លាយជាតំបន់ទេសចរណ៍យ៉ាងសំខាន់ផ្សារភ្ជាប់នឹងទេសចរណ៍ធម្មជាតិ និងបានកំពុងទាក់ទាញការចាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដូចជាប្រាសាទជាំស្រមក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពដែលជាការផ្សារភ្ជាប់រវាងទេសចរណ៍សត្វស្លាបនិងវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ពលរដ្ឋខ្មែរ។
ទន្ទឹមនោះក្រសួងបរិស្ថានសូមអំពាវនាវដល់ពលរដ្ឋទាំងឡាយដែលរស់នៅក្នុងតំបន់ការពារធម្មជាតិដែល មានបុរាណដ្ឋាននិងប្រាសាទបុរាណ សូមចូលរួមការពារនិងអភិរក្សឱ្យបានល្អដើម្បីថែរក្សាកេរមរតកដូនតាខ្មែរឱ្យនៅគង់វង្ស និងអាចផ្តល់ផលប្រយោជន៍ទាំងការសិក្សាស្រាវជ្រាវផ្នែបុរាណ វិទ្យានិងការសិក្សាស្វែងយល់ពីប្រពៃណីវប្បធម៌ទំនៀមទម្លាប់ប្រជាពលរដ្ឋនៅតំបន់នោះ៕



ចែករំលែកព័តមាននេះ