រាជធានីភ្នំពេញ ៖ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” នាយកដ្ឋានសិល្បៈទស្សនីយភាព នឹងចាក់ផ្សាយឡើងវិញនូវទស្សនីយភាពសិល្បៈទម្រង់ល្ខោនយីកេ រឿង “ទុំទាវ” ក្រោមប្រធានបទ “ទុំទាវបីជំនាន់” នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៩.០០ព្រឹក នៅលើកផេកផ្លូវការរបស់ក្រសួងវប្បធម៌។ នេះបើយោងតាមការប្រកាសរបស់នាយកដ្ឋានសិល្បៈទស្សនីយភាពរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈតាមបណ្តាញហ្វេសប៊ុក។

នាយកដ្ឋានសិល្បះទស្សនីយភាពបានបញ្ជាក់ថា ល្ខោនយីកេរឿង ទុំទាវ ក្រោមប្រធានបទ ទុំទាវបីជំនាន់ ជាការផ្តួចផ្តើមគំនិតរៀបចំដោយ លោកស្រី អ៊ិន ថាច (អតីតអនុប្រធាននាយកដ្ឋាន) និងឯកឧត្តម សាយ សំអាល់ អនុប្រធាន ស.ស.យ.ក ដើម្បីរំលឹកអនុស្សាវរីយ៍ និងប្រមូលផ្តុំព្រឹទ្ធាចារ្យចាស់ៗ ដែលធ្លាប់សម្តែងល្ខោនយីកេរឿងទុំទាវ មកបង្ហាញស្នាដៃ ទេពកោសល្យ ទោះជាមានវ័យចំណាស់ទៅហើយ ក្នុងនាមជាធនធានមរតកមនុស្សរស់ដ៏មានតម្លៃ សម្រាប់ផ្ទេរចំណេះជំនាញមកសិល្បករវ័យក្មេងជំនាន់ក្រោយ។

ទស្សនីយភាពល្ខោនយីកេនេះ បានលេចជារូបរាង និងបានសម្តែងកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ កន្លងមក ដោយចូលរួមសម្តែងដោយសិល្បករ សិល្បការិនី ចាស់ ក្មេង ទាំងបីជំនាន់ ចាប់ពីឆ្នាំ១៩៦០ រហូតដល់ឆ្នាំ២០១៨ ដែលរៀបចំដោយនាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមសហការ និងឧបត្ថម្ភដោយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ស្ថានីយទូរទស្សន៍អប្សរា និងក្រុមហ៊ុនរៀបចំកម្មវិធីរំដួល។

ព្រឹត្តិការណ៍សម្តែងទស្សនីយភាពដ៏ធំបែបនេះ សង្ឃឹមថានឹងបានវិលត្រឡប់មកវិញតាមរយៈទម្រង់សិល្បៈផ្សេងៗទៀត ប្រសិនបើមានចំណាប់អារម្មណ៍ និងសំណូមពរច្រើនពីទស្សនិកជន។
គិតមកដល់បច្ចុប្បន្ន លោកគ្រូព្រឹទ្ធាចារ្យ ព្រីង សាឃន និង លោក អាង គឹមអ៊ ដែលបានចូលរួម និងសម្តែងក្នុងកម្មវិធីខាងលើ បានទទួលមរណភាពដោយជរាពាធជាបន្តបន្ទាប់ ដែលជាការបាត់បង់នូវធនធានមរតកមនុស្សរស់ដែលមានតម្លៃ និងគួរឱ្យសោកស្តាយ។
សូមរីករាយទស្សនា ផ្សព្វផ្សាយ ចែករំលែកដែលអាចធ្វើបានទៅតាមរយៈបណ្តាញសង្គម និងប្រព័ន្ធផ្សាយនានាដោយសេរី ដើម្បីបញ្ជ្រាបអំពីសិល្បៈដ៏សម្បូរបែបរបស់ខ្មែរដល់សាធារណជន ជាពិសេសគឺយុវជន៕







ចែករំលែកព័តមាននេះ