ខេត្តបន្ទាយមានជ័យ ៖ អាជីវករម្នាក់ទៀតហើយដែលអ្នកលក់គ្រឿងទេសនៅផ្សារហ៊ុយឡេង ក្នុងស្រុកភ្នំស្រុក ត្រូវបានជនមិនស្គាល់មុខធ្វើសកម្មភាពលួចយកកាបូបលុយទៅបាត់ដោយសុវត្ថិភាព ។
តាមប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា នៅវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ មានស្ត្រីម្នាក់ឈ្មោះ ឌុល សាលឹត អាយុ53ឆ្នាំ រស់នៅភូមិស្រះឈូកខាងលិច ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាអាជីវករលក់គ្រឿងទេស នៅផ្សារហ៊ុយឡេង ស្ថិតក្នុងឃុំស្រះជីក ស្រុកភ្នំស្រុក បានមកប្តឹងថា កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ គាត់បានបាត់កាបូបលុយ ដែលក្នុងកាបូបនោះមាន ប្រាក់រៀលចំនួន៣,៤០០,០០រៀល (បីលានបួនសែនរៀលគត់), ប្រាក់បាតចំនួន៣,០០០បាត(បីពាន់បាត), ប័ណ្ណបើកបរចំនួន០១សន្លឹក, កាតគ្រីរថយន្តចំនួន១សន្លឹក, អត្តសញ្ញាណប័ណសញ្ជាតិខ្មែរចំនួន២សន្លឹក ហើយគាត់មិនដឹងបាត់កាបូបនោះតាំងពីពេលណានោះទេ ព្រោះគាត់រវល់លក់ដូរមិនបានមើលកាបូបប្រាក់ដែលដាក់ក្នុងប្រអប់ជ័រពណ៌ស លុះពេលដែលគាត់រើអីវ៉ាន់ទៅផ្ទះទើបដឹងថាបាត់កាបូបលុយ ។
តាមប្រភពដដែលបានបញ្ជាក់ថា ក្រោយពីទទួលបណ្តឹងពីស្ត្រីរងគ្រោះខាងលើភ្លាម កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុក បានចុះទៅដល់កន្លែងកើតហេតុ ឆែកកាមេរ៉ាសុវត្ថិភាព មើលមិនឃើញមុខសញ្ញាជនសង្ស័យនោះទេ ដោយសារបាំងនឹងផ្ទាំងក្រណាត់ ។ ម្យ៉ាងវិញទៀត ជនរងគ្រោះបានដឹងថា បាត់កាបូបលុយតាំងពីវេលាម៉ោង១០និង៣០នាទីព្រឹក ទើបមកប្តឹងសមត្ថកិច្ចនៅវេលាម៉ោង៥និង៣០នាទីល្ងាច ដូច្នេះមានការយឺតយ៉ាវក្នុងការតាមវែកមុខជនសង្ស័យ ។
ទាក់ទិននឹងករណីចោរកម្មខាងលើនេះ កម្លាំងនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញា ដើម្បីនាំខ្លួនយកមកកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ