ខេត្តមណ្ឌលគិរី ៖ ទីបំផុត ! ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានស្នើឲ្យរដ្ឋបាលខេត្តមណ្ឌលគិរី ចេញលិខិតនិរាករណ៍លើលិខិតទាំងឡាយណាចេញដោយអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត ដែលមានភាពមិនស្របតាមនីតិវិធីពេញលេញកន្លងមក និងត្រូវចេញដីកាដកហូតដីទាំងនេះមកជាសម្បត្តិរដ្ឋវិញ នេះបើយោងតាមលិខិតដាក់ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ។
គួររម្លឹកថា កំឡុងចុងឆ្នាំ២០០៥ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យល់ព្រមផ្តល់ដីសម្បទាន ដាំសាកល្បង ដែលមានផ្ទៃក្រឡាសរុបចំនួន មួយម៉ឺន (១០,០០០) ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងស្រុកអូររាំង និងស្រុកសែនមនោរម្យ ខេត្តមណ្ឌលគីរី ជូនទៅក្រុមហ៊ុន WuZhiShan L.S Group Co., Ltd កាន់កាប់ប្រើប្រាស់សម្រាប់ធ្វើវិនិយោគដាំដើមស្រល់ និងបង្កើតរោងក្រកែច្នៃ ក្នុងថិរៈវេលា ៧០ឆ្នាំ ។
តាមប្រភពគួរឲ្យទុកចិត្តបាននោះ គឺសម្តេចតេជោ បានឯកភាពឲ្យមានការសើរើ ក្នុងការដកហូតដីចម្ការស្រល់ពីស្រុកអូររាំង និងក្រុងសែនមនោរម្យមកទុកជាសម្បត្តិរដ្ឋវិញ ។
បើតាមរបាយការណ៍ដែលសម្តេចតេជោបានយល់ព្រមតាមសំណើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះ មានខ្លឹមសារថា ផ្ទៃដីដែលរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យក្រុមហ៊ុន វូជីសាន និងក្រុមហ៊ុន ហួរ លីង វិនិយោគដាំដើមស្រល់ ស្ថិតក្នុងស្រុកអូររាំង និងក្រុងសែន
មនោរម្យ ខេត្តមណ្ឌលគិរីនោះ ត្រូវបានរំលោភកាន់កាប់ខុសច្បាប់ជាហូរហែ និងយ៉ាងអនាធិបតេយ្យអស់ជាច្រើនពាន់ហិកតា តាមរយៈការ
រំលោភទន្ទ្រានដោយជនមួយក្រុមតូចបំពានសិទ្ធិស្របច្បាប់ គ្មានការរអែងច្បាប់ និងក្រុមហ៊ុនវិនិយោគហើយ ។
លិខិតដដែលបន្តថា ដីដែលគេរំលោភកាន់កាប់នេះ ទីតាំងខ្លះមានការបញ្ជាក់ទិញ-លក់ដីពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ ដោយអាជ្ញាធរមូល
ដ្ឋាន កន្លែងខ្លះទៀត មានទាំងប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុទៀតផង ។
ជាមួយគ្នានេះ ផ្ទៃដីព្រៃធម្មជាតិដែលបានរក្សាទុក ការពារតាមជ្រលងដងអូរក្នុងតំបន់សម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុនទាំងពីរនេះ ក៏ទទួលរងការកាប់រានទន្ទ្រានយកធ្វើជាកម្មសិទ្ធិខុសច្បាប់ដែរ ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរាយការណ៍ជូនសម្តេចតេជោថា ក្រៅពីព្រៃស្រល់ និងព្រៃធម្មជាតិ នៅក្នុងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចទាំង២ខាងលើ ក៏មានការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធវាតយកធ្វើជាកម្មសិទ្ធិខុសច្បាប់នូវដីចម្ការឈើស្រល់របស់រដ្ឋ និងដីចម្ការឈើស្រល់ ដែលព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងដាំក្នុងពិធីរុក្ខទិវាជាតិឆ្នាំ២០០៥ផងដែរ ។
ទីតាំងខ្លះ ដែលត្រូវគេទន្ទ្រានយកនេះ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងលិខិតកាន់កាប់ទៀតផង ។ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាល នៃការរំលោភកាន់កាប់ដីរដ្ឋ ដែលកើតឡើងដដែលៗទៀត ក៏ដូចជាការពារផលប្រយោជន៍ស្របច្បាប់របស់អ្នកវិនិយោគគឺ ៖
១-រដ្ឋបាលខេត្តត្រូវចេញលិខិតនិរាករណ៍លិខិតទាំងឡាយណា ដែលចេញដោយអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត មានភាពមិនស្របតាមនីតិវិធីពេញលេញកន្លងមក និងត្រូវចេញដីកាដកហូតដីទាំងនេះមកជាសម្បត្តិរដ្ឋវិញ ។
២-រដ្ឋបាលខេត្តត្រូវសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិនិត្យលើ ៖
-ចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលដែលពាក់ព័ន្ធនឹងការរៀបចំឯកសារក្លែងក្លាយ
-ចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលដែលរឹងទទឹង ឬពុំព្រមអនុវត្តស្របតាមវិធានការនានា ដែលអាជ្ញាធរដាក់ចេញកន្លងមក និងនៅជាធរមាន
-ចំណាត់ការផ្លូវច្បាប់លើអ្នកចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុមិនប្រក្រតីលើដីស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
-ចំណាត់ការផ្លូវច្បាប់លើរាល់ការបំប្លែងដីរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកជាដីកម្មសិទ្ធិឯកជនមិនមានប្រក្រតីភាព ដោយមិនបានសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
៣-រដ្ឋបាលខេត្តត្រូវរៀបចំផែនការសកម្មភាព ដើម្បីបើកយុទ្ធនាការបោសសម្អាតទ្រង់ទ្រាយធំលើការរំលោភទន្ទ្រានហ៊ុមព័ទ្ធយកដីរដ្ឋខុសច្បាប់តាមគ្រប់រូបភាព ដោយមានកិច្ចសហការគាំទ្រចូលរួមពីកម្លាំងចម្រុះថ្នាក់ជាតិ ។
៤-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវពិនិត្យលទ្ធភាពអាចស្នើធ្វើនិយ័តកម្ម ឬប្តឹងទៅតុលាការមោឃភាពចំពោះវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ដែលមិនបានបំពេញនីតិវិធីពេញលេញនៅជាធរមាន ។
ជុំវិញករណីខាងលើ មានការកត់សម្គាល់ថា តាំងពីលោក ម៉ៅ ចំរើន ឡើងកាន់តំណែងជាប្រធានមន្ទីររៀបចំដែនដី នគរូបណីកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី ជាង២ឆ្នាំមកនេះ លោកប្រធានមន្ទីរបានចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុជាច្រើន ឲ្យទៅម្ចាស់ដី ក្នុងរូបភាពមិនប្រក្រតី ក្នុងនោះសូម្បីដីនៅតំបន់ចម្ការស្រល់ ដែលបានដាំដោយព្រះមហាក្សត្រក៏លោក ម៉ៅ ចំរើន ហ៊ានចេញប្លង់រឹង ឲ្យគេសាងសង់សំណង់នានា ជុំជិតទៅហើយដែរ ។
យោងតាមប្រភពព័ត៌មានថា ក្រោយពីមានសំណើនេះ ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្ត បានបើកកិច្ចប្រជុំ ដើម្បីអនុវត្តនីតិវិធីទាំងអស់នេះ ជាបន្ទាន់ផងដែរ ។
សូមបញ្ជាក់ថា ការរំលោភទន្ទ្រានយកដីរដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននេះ មិនមែនជារឿងថ្មីនោះឡើយសម្រាប់ខេត្តខេត្តមណ្ឌលគិរី ។ កាលពីឆ្នាំ២០២០ ក៏មានការសើរើលើករណីរំលោភទន្ទ្រានយកដីនៅភូមិសាស្ត្រស្រុកអូររាំង និងស្រុកកែវសីមា ។ កាលណោះ ជនពាក់ព័ន្ធនឹងការចេញលិខិតលក់-ទិញដីទាំងនេះ បានរងការពិន័យ ហើយក្នុងនោះអភិបាលស្រុកកោះញែកលោក ស៊ិន វណ្ណវុឌ្ឍ ត្រូវបានដកហូតពីតំណែងផងដែរ៕
ចែករំលែកព័តមាននេះ