បើតាមទ្រឹស្តីព្រះពុទ្ធសាសនាបានបរិយាយពាក្យថាពាលយ៉ាងនេះថា ពាលបំព្រួញនៅត្រឹមតែបីពួកប៉ុណ្ណោះ ដែលជនពាល៣ពួកនេះ បើបុគ្គលណាចូលទៅសេពគប់ឱ្យមែនៗ បុគ្គលនោះនឹងដល់នូវក្តីវិបត្តិក្នុងដំណើរជីវិតដោយប្រការផ្សេងៗជាក់ជាមិនខាន ។ បុគ្គលពាលទាំងបីពួកនោះគឺ ៖
១- ពាលោ បុគ្គលល្ងង់ខ្លៅ គ្មានគំនិត ប្រាជ្ញា ហើយមិនគិតកសាងសមត្ថភាពនិងគំនិតប្រាជ្ញា ជាបុគ្គលរីករាយតែក្នុងភាពលង់ខ្លៅ មិនស្តាប់ដំបូន្មានលោកអ្នកប្រាជ្ញ ឬចាស់ព្រឹទ្ធាចារ្យ ចាត់ទុកជាបុគ្គលពាលជំពូកមូយ ដោយហេតុធ្វើខ្លួនឱ្យជាបុគ្គលមិនមានប្រយោជន៍ ឬធ្វើខ្លួនឱ្យបាត់បង់ឱកាសក្នុងការសាងគុណតម្លៃក្នុងពេលដែលខ្លួនមានឱកាសកើតជាមនុស្ស ។
២- ពោលោខោ បុគ្គលស្វែងរកសេចក្តីសុខ ឬប្រយោជន៍ខ្លួនឯងដោយការធ្វើឱ្យខូចប្រយោជន៍អ្នកដទៃ ខូចសេចក្តីសុខអ្នកដទៃ ឬស្វែងរកសេចក្តីសុខឱ្យខ្លួនឯងដោយការបៀតបៀតសេចក្តីសុខអ្នកដទៃ ។
៣- អតិពោលោខោ បុគ្គលពាលពិតមានពិសជាប្រភេទមនុស្សដែលឥតបានការអ្វីទាំងអស់ មិនមែនត្រឹមតែធ្វើឱ្យខូចប្រយោជន៍អ្នកដទៃប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យខូចប្រយោជន៍ខ្លួនឯងទៀត ។
បុគ្គលពាលទាំងបីពួកនេះ អ្នកប្រាជ្ញហាមមិនឱ្យសេពគប់ជាដាច់ខាត ព្រោះកាលបើសេពគប់ទៅគ្មានទេប្រយោជន៍សុខ គឺនាំតែទុក្ខជួបតែឧបសគ្គដល់ដំណើរជីវិតឥតស្រាកស្រាន្ត ៕ សាន សារិន
ចែករំលែកព័តមាននេះ