ហេតុផលដែលវត្តអារាមមួយចំនួននៅស្រុកកៀនស្វាយ មិនសូវមានពុទ្ធបរិស័ទមកបោះបាយបិណ្ឌ នាឆ្នាំនេះ
- កណ្តាល
ខេត្តកណ្តាល ៖ តាមការសង្កេតក្នុងរដូវកាលបុណ្យកាន់បិណ្ឌនាឆ្នាំនេះ តាមបណ្តាវត្តអារាមមួយចំនួននៅនាស្រុកកៀនស្វាយ ខេត្តកណ្តាល ហាក់មិនសូវមានពុទ្ធបរិស័ទ្ធច្រើនទៅចូលរួមពិធីបោះបាយបិណ្ឌដូចបណ្តាឆ្នាំកន្លងទៅនោះឡើយ ខណៈពេលដែលវត្តអារាមនានាបានរៀបចំទីកន្លែងរបស់ខ្លួន ដើម្បីទទួលពុទ្ធបរិស័ទ្ធមកធ្វើបុណ្យនាឱកាសបុណ្យកាន់បិណ្ឌជាធម្មតា ។
នេះបើតាមការលើកឡើងរបស់លោកអាចារ្យមង្គល រុន សុភ័ក សមាជិកគណៈកម្មការសមាគមអាចារ្យខ្មែរប្រចាំស្រុក និងជាអាចារ្យធ្វើពិធីសាសនាប្រចាំវត្តកោះប្រាក់ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិច នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ។
លោកអាចារ្យមង្គល រុន សុភ័ក បានអះអាងថា ជាការពិត សម្រាប់ពិធីបុណ្យកាន់បិណ្ឌនាឆ្នាំនេះ តាមបណ្តាវត្តមួយចំនួនក្នុងស្រុកកៀនស្វាយគឺមិនសូវមានពុទ្ធបរិស័ទទៅបោះបាយបិណ្ឌឡើយ ហើយវាស្ទើរតែបាត់បង់ តាមការសង្កេតរបស់លោក វត្តនៅទីនេះគឺមិនមានច្រើនទេ ដែលនៅរក្សាពិធីនេះនៅទៀបភ្លឺឡើយ ។
លោកបន្តថា តាមការយល់ឃើញរបស់លោក ការធ្លាក់ចុះនៃការរៀបចំពិធីបោះបាយបិណ្ឌនេះ ដោយសារកត្តាចម្បងមួយចំនួនដូចជា ពិធីនេះភាគច្រើនគេធ្វើឡើងនៅចន្លោះម៉ោង៤ទៅ៤កន្លះទៀបភ្លឺ ដែលកត្តានេះហើយ ភាគច្រើនពុទ្ធបរិស័ទអាចក្រោកមិនទាន់ ក៏បណ្តាលឲ្យខកខានមកចូលរួមពិធីនេះតែម្តង ។
កត្តាមួយទៀតគឺពាក់ព័ន្ធទៅនឹងការងារ ដោយអ្នកខ្លះមានការហត់នឿយនឹងការងារ ជាពិសេសការងារថែមម៉ោងរបស់បងប្អូនជាកម្មករ កម្មការិនី ដែលជាហេតុធ្វើឲ្យពួកគាត់ហត់អស់កម្លាំង ហើយក៏គេងជ្រុលម៉ោងសម្រាប់ក្រោកទៅបោះបាយបិណ្ឌ ។
លោកបន្តថា ចំណុចទី៣ កត្តានេះវាក៏ទៅមិនឆ្ងាយពីបញ្ហាក្នុងរង្វង់សេដ្ឋកិច្ចគ្រួសារដែរ ព្រោះការបោះបាយបិណ្ឌនេះក៏ត្រូវចំណាយខ្លះដែរ ហេតុនេះពួកគាត់អាចគិតថា ចង់សន្សំសំចៃទុកថវិកាទាំងនេះសម្រាប់រៀបចំពិធីផ្លូវការណាមួយដែលពួកគាត់គិតថាមានប្រយោជន៍ជាង ។
ទោះជាយ៉ាងណា បើតាមលោកអាចារ្យមង្គល រុន សុភ័ក បានលើកឡើងថា ដើម្បីឲ្យពិធីនេះមានភាពរស់រវើកឡើងវិញគឺលោកស្នើដល់លោកអាចារ្យដែលជាអ្នកទទួលខុសត្រូវ និងសេនាធិការរបស់ព្រះចៅអធិការវត្តរៀបចំកិច្ចកម្មវិធីនេះឡើងវិញ មានន័យថា ប្រកាសឲ្យពុទ្ធបរិស័ទ្ធឲ្យមានទម្លាប់បោះបាយបិណ្ឌនៅទៀបភ្លឺនៅក្នុងឱកាសបុណ្ឌភ្ជុំបិណ្ឌនេះ ។
លោកបន្តថា បើទោះបីជាការផ្សព្វផ្សាយនោះមានពុទ្ធបរិស័ទតិចក៏ដោយ ប៉ុន្តែយើងត្រូវតែព្យាយាម ព្រោះថា ពេលខ្លះមិនមែនពុទ្ធបរិស័ទ្ធមិនចង់ទៅបោះបាយបិណ្ឌឡើយ តែអាចារ្យ និងគណៈកម្មការវត្តខ្លះគាត់មិនបានដឹកនាំធ្វើកិច្ចការមួយនេះតែម្តង ។
លោកបញ្ជាក់ថា ការរៀបចំពិធីបោះបាយបិណ្ឌនេះគឺមានសារៈសំខាន់៣យ៉ាងគឺ៖ ទី១-យើងនៅរក្សាបានប្រពៃណីដ៏ផូរផង់របស់ដូនតាយើងដែលបានបន្សល់ទុកអំពីបាយបិណ្ឌ ហើយវាមានប្រយោជន៍បានជាគាត់បន្សល់ទុកឲ្យយើងធ្វើរហូតមកទល់នាពេលបច្ចុប្បន្ន ។
ទី២-បាយបិណ្ឌដែលយើងបានបោះនោគឺមិនមែនមិនបានការនោះឡើយ ពោលគឺបានជាប្រយោជន៍ដល់សពសត្វដែលគ្នាអាស្រ័យលើផែនដីនេះអាចទទួលទាននូវអាហារដែលយើងបានបោះទៅនេះ នោះមានន័យថា យើងបានផ្តល់ទានទៅដល់សព្វសត្វទាំងឡាយទាំងពួង ។
ទី៣-គឺយើងបានថ្វាយបង្គំព្រះ ព្រោះមុនបោះបាយបិណ្ឌនៅព្រះវិហារគឺយើងត្រូវថ្វាយបង្គំព្រះ ដើម្បីបំពេញកិច្ចវេរ ហើយយើងក៏បានសុំសីល និងឧទ្ទិសផលបុណ្យដែលយើងបានសាងនេះឲ្យទៅដល់សាច់ញាតិរបស់យើងដែលបានចែកឋានទៅ ។
លោកអាចារ្យមង្គល រុន សុភ័ក បានបញ្ជាក់បន្ថែមថា ប្រសិនបើការផ្សព្វផ្សាយពិធីបោះបាយបិណ្ឌបានទូលំទូលាយ និងដូនតាបានបញ្ជាក់ច្បាស់ហើយនោះ បើទោបីជាសម័យនេះសង្គមមានភាពជឿនលឿន យុវវ័យមិនសូវមានជំនឿក៏ដោយ ប៉ុន្តែពិធីនេះនៅតែអាចរក្សាបាន ព្រោះពួកគាត់បានយល់ពីខ្លឹមសារនៃពិធីនេះច្បាស់លាស់ ។
ទោះបីយ៉ាងណា លោកជឿថា ពិធីបោះបាយបិណ្ឌនេះមិនមែនជាការខាត់បង់ដល់ប្រយោជន៍សង្គមជាតិ ឬគ្រួសារ និងប៉ះពាល់ដល់បរិស្ថានវត្តនោះឡើយ ហើយប្រសិនបើមានករណីនេះមែន នោះបុរាណកាលមកមិនឲ្យយើងធ្វើពិធីនេះទេ ៕





ចែករំលែកព័តមាននេះ