ម៉ាឡេស៊ី ៖ អតីតរដ្ឋមន្ត្រីវ័យក្មេងរបស់ក្រសួងយុវជន និងកីឡាប្រទេសម៉ាឡេស៊ី គឺលោក Syed Saddiq បានបង្កើតកម្មវិធី Challenge កម្សាន្តដ៏មានប្រយោជន៍មួយ ដែលមានឈ្មោះថា «#BotakChallenge» ដោយលោកនឹង «កោរសក់» របស់ខ្លួន ដើម្បីរៃអង្គាសប្រាក់ជួយដល់សិស្សក្រីក្រក្នុងទីក្រុងមួយរបស់ប្រទេសនេះ។
អតីតរដ្ឋមន្ដ្រីដែលបច្ចុប្បន្នឈានដល់វ័យ២៨ឆ្នាំរូបនេះ សន្យាថានឹងកោរសក់របស់ខ្លួន នៅពេលសម្រេចគោលដៅរបស់កម្មវិធីមួយនេះ ខណៈដែលមិនដល់ ៣ថ្ងៃផង ការរៃអង្គាស៍ប្រាក់បានកើនឡើងដល់ ១៤៤,៧៦០រីងហ្គីត ប្រមាណ ២៩,១៦៤ដុល្លារអាមេរិក។
វត្ថុបំណងដ៏ធំបំផុតសម្រាប់កម្មវិធី Challenge មួយនេះ គឺដើម្បីយកប្រាក់ដែលទទួលបានទាំងអស់ទិញកុំព្យូទ័រយួរដៃផ្តល់ដល់សិស្សក្រីក្រក្នុងទីក្រុង Muar ដើម្បីឆ្លើយតបតាមយុទ្ធនាការ «គ្រួសារ ១ កុំព្យូទ័រយួរដៃ ១» របស់អតីតរដ្ឋមន្ត្រីវ័យក្មេងរូបនេះ ។
សូមរំលឹកថា លោក Syed Saddiq បានបង្កើតប្រវត្តិសាស្ត្រនយោបាយក្នុងប្រទេសម៉ាឡេស៊ី ដោយក្លាយជាខ្លួនរដ្ឋមន្ត្រីក្មេងជាងគេបំផុត ដោយបានចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា នៅត្រឹមវ័យ ២៥ឆ្នាំតែប៉ុណ្ណោះ ៕ (ដកស្រង់ចេញពី Malaymail)