ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! បុរស​​ម្នាក់​ជាប់​ងូត​​ទឹក​រត់​ចេញ​​មិន​ទាន់ ​បាត់​បង់​ជីវិត​ក្នុង​អណ្តាត​ភ្លើង​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើតាម​សេចក្តីរាយការណ៍​បាន​ឱ្យ​ដឹងថា បុរស​៣​នាក់ ក្នុង​នោះ២នាក់​ត្រូវ​ជា​បង​ប្អូន​ភ្លោះ និង​ម្នាក់​ទៀត​ជា​​មេ​ការ​សំណង់ បាន​ចេញពី​​ធ្វើការ​ត្រឡប់​មក​បន្ទប់​ជួល​វិញ ហើយ​ខណៈ​ពេល​ដែល​កំពុង​តែ​កំដៅ​សម្ល​មាន់ ក៏​ស្រាប់តែ​ផ្ទុះ​កំប៉ុង​​ហ្គា​ស បណ្តាល​​​ឱ្យ​ឆាបឆេះ​យ៉ាង​សន្ធោ​សន្ធៅ…

រាជធានី​ភ្នំពេញ ៖ បើតាម​សេចក្តីរាយការណ៍​បាន​ឱ្យ​ដឹងថា បុរស​៣​នាក់ ក្នុង​នោះ២នាក់​ត្រូវ​ជា​បង​ប្អូន​ភ្លោះ និង​ម្នាក់​ទៀត​ជា​​មេ​ការ​សំណង់ បាន​ចេញពី​​ធ្វើការ​ត្រឡប់​មក​បន្ទប់​ជួល​វិញ ហើយ​ខណៈ​ពេល​ដែល​កំពុង​តែ​កំដៅ​សម្ល​មាន់ ក៏​ស្រាប់តែ​ផ្ទុះ​កំប៉ុង​​ហ្គា​ស បណ្តាល​​​ឱ្យ​ឆាបឆេះ​យ៉ាង​សន្ធោ​សន្ធៅ ធ្វើ​ឱ្យ​បុរស​ជាប្អូន​ភ្លោះ​បាត់​បង់​ជីវិត​នៅ​នឹង​កន្លែងកើតហេតុ ចំណែក​បង​ប្រុស​ភ្លោះ​រង​របួស​​ស្រាល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​7​និង​30​នាទី​យប់ ថ្ងៃ​ទី​23 ខែវិច្ឆិកា ឆ្នាំ​2020 តាម​បណ្តោយ​ផ្លូវ​លេខ​23 នៅ​ចំណុច​បន្ទប់​ជួល​លេខ​34 ក្រុម​៥ ស្ថិត​ក្នុងភូមិ​ទឹកថ្លា​ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​បាត់​បង់​ជីវិត​ខាងលើ​មានឈ្មោះ ព្រឺ​ម សុខា ភេទ​ប្រុស អាយុ​21​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​បន្ទប់​ជួល​​កើតហេតុ មានស្រុក​កំណើត​នៅ​ភូមិ​ប្រាំ​យ៉ា​ម ឃុំ​ប្រាំ​យ៉ា​ម ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ហើយ​ប្រពន្ធ​មាន​ផ្ទៃពោះ​៨​ខែ​រស់នៅ​ឯ​ស្រុក​កំណើត ហើយ​ជន​រង​គ្រោះ​ទើបតែ​មក​ស្នាក់​នៅ​បាន​តែ​១​ថ្ងៃ​ទៅ​២​ថ្ងៃ​ប៉ុណ្ណោះ​ ។ ចំណែកឯ​បុរស​២​នាក់​ទៀត​មិន​ស្គាល់​អត្ត​សញ្ញាណ​​​​នោះ​ទេ ជា​កម្ម​ករ​សំណង់​ជាមួយ​គ្នា ហើយ​ក្នុង​នោះ​មាន​ម្នាក់ត្រូវ​ជាបង​ប្អូន​ភ្លោះ​ជាមួយ​ជនរងគ្រោះ​​ និង​ម្នាក់​ទៀត​ជា​មេ​ការ​សំណង់ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​បុរស​ទាំង​៣​នាក់​ (ក្នុង​​នោះ​២​នាក់​ត្រូវ​ជា​បង​ប្អូនភ្លោះ និង​ម្នាក់​ទៀត​ជា​មេ​ការ​​សំណង់​) បាន​ចេញពី​ធ្វើ​ការ​ក៏​ត្រឡប់​​​បន្ទប់​ជួល​វិញ រួម​​នឹង​បាន​​​មាន់​១​ក្បាល​​ពី​ម្ចាស់​ផ្ទះ​ឱ្យ​​មក​វិញ​ផងដែរ​ ដើម្បី​ធ្វើ​ម្ហូប។ ប៉ុន្តែ​គ្រា​​មុន​កើតហេតុ​នោះ ជន​រងគ្រោះ​ត្រូវ​ជា​ប្អូន​ភ្លោះ​បាន​ចូល​ក្នុង​បន្ទប់​ទឹក​ដើម្បី​ងូត​ទឹក ចំណែក​​​២​នាក់​ទៀត​កំពុង​តែ​កំដៅ​​​សម្ល​មាន់​​នៅ​ខាងក្រៅ ក៏​ស្រាប់តែ​ផ្ទុះ​កំប៉ុង​​ហ្គា​ស​​​​ធ្វើ​ឱ្យ​​ក្លាយ​​ជា​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោ​សន្ធៅ​តែ​ម្តង បណ្តាល​ឱ្យ​បង​​ប្រុស​ភ្លោះ​របស់​ជនរងគ្រោះ​រង​របួស​ស្រាល​។

ប្រភពដដែល​បន្តថា ភ្លាម​ៗ​នោះ​ បង​ប្រុស​ភ្លោះ​របស់​​ជន​រង​គ្រោះ រួម​នឹង​​មេ​ការ​បាន​រត់​ចេញ​មក​ក្រៅ រួច​ស្រែក​ឱ្យ​គេ​ជួយ​​ ចំណែក​​ឯ​ជនរងគ្រោះ​ដែល​កំពុង​តែ​ងូត​ទឹក​នោះ​ក៏​រត់​​បាន​ចេញ​ពី​បន្ទប់​ទឹក​ទាំង​អាក្រាត​កាយ​ដើម្បី​រត់​​ផងដែរ ប៉ុន្តែ​ជាអកុសល​អណ្តាត​ភ្លើង​កំពុងតែ​ឆាប​ឆេះ​ខ្លាំងពេក​ធ្វើ​ជនរងគ្រោះ​មិនអាច​​រត់​ចេញ​ទាន់ពេល​ ក៏​ត្រូវ​​​អណ្តាតភ្លើង​ឆាបឆេះ​ខ្លួនប្រាណ​ខ្លោច​ទាំង​អាក្រាត​កាយ​ រហូត​ដេក​ផ្កាប់មុខ​បាត់បង់​ជីវិត​ក្បែរ​​​ម៉ូតូ​តែម្តង​ ហើយ​​សម្ភារ​​នៅ​ក្នុង​ផ្ទះ​ជួល​​ក៏ត្រូវ​ឆាបឆេះ​អស់ទាំង​ស្រុង​ផង​ដែរ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ខណៈ​ពេល​ដែល​ភ្លើង​​កំពុង​តែ​ឆាប​ឆេះនោះ​​ គឺ​​មាន​ប្រជាពល​រដ្ឋ​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​យក​ទៅ​បាញ់​ពន្លត់​អស់​ជាង​20​បំពង់ ប៉ុន្តែ​មិន​ទាន់​រលត់​នោះ​ទេ ហើយ​​សមត្ថកិច្ច​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ចំនួន​2​គ្រឿង​ជួយ​បាញ់​បន្ថែម ទើប​រលត់​អស់ទាំង​ស្រុង ។

បើ​តាម​សម្តី​ម្តាយ​របស់​ជន​រង​គ្រោះ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​មាន​ប្រពន្ធ​កំពុង​តែ​ពរ​ពោះ​ចំនួន​8​ខែ​ហើយ សល់​តែ​1​ខែ​កន្លះ​ទៀត​សម្រាលកូន​ហើយ បែរជា​ជួប​រឿង​អកុសល​ធ្វើ​ឱ្យ​កូន​កើតមក​កំព្រា​ឪពុក ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឱុ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត​តាម​ប្រពៃណី​តែ​ម្តង ។

លុះ​រហូតមក​ដល់​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកានេះ នគរបាល​ការិយាល័យ​បច្ចេក​ស្នង​ការ​នគរបាល​រាជ​ធានី​​ភ្នំពេញ សហ​ការ​ជាមួយ​អាជ្ញាធរ​មូល​ហេតុ​ដ្ឋាន​បាន​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​កន្លែង​កើត​ហេតុ​ ដើម្បី​ស្រាវ​ជ្រាវ​ជុំ​វិញ​​​ចំពោះ​ករណី​អគ្គិភ័យ​​​ខាងលើ​នេះ ហើយ​បាន​សន្និដ្ឋានថា ​ការ​កើត​មាន​អគ្គិ​ភ័យ​ខាងលើ​នេះ គឺ​បណ្តាល​មក​ពី​ផ្ទុះ​កំប៉ុង​ហ្គាស ទើប​​ធ្វើ​ឱ្យ​ឆេះ​ខ្ទេច​​ម៉ូតូ​១​គ្រឿង និង​សម្ភារ​ក្នុង​ផ្ទះរង​ការ​ខូច​ខាត​ទាំង​ស្រុង ថែមទាំង​ឆក់​យក​ជីវិត​ជនរងគ្រោះ​​ទៀតផង ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ