ខេត្តព្រៃវែង ៖ ក្រុមឈ្មួញជាច្រើននាក់ ដែលរកស៊ីដើរប្រមូលទិញស្រូវ យកទៅលក់ឲ្យឈ្មួញវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី បាននាំគ្នារអ៊ូរទាំថា ចាប់តាំងពីផ្ទុះកើតជំងឺកូវីដ-១៩មក ពួកគាត់រកស៊ីមិនសូវចំណេញនោះទេ ដោយសារតែម្ចាស់បេនចំណតនៅខាងវៀតណាម តម្រូវឲ្យបង់សេវាច្រើនពេក។
ក្រុមឈ្មួញទាំងនោះបានឲ្យដឹងថា កាលពីមិនទាន់ផ្ទុះកើតជំងឺកូវីដ-១៩ ឈ្មួញវៀតណាមគេបើកទូកចូលមកទិញស្រូវពីឈ្មួញខ្មែរ ដល់មាត់ទឹកព្រំដែនខាងខ្មែរតែម្តង ដោយមានម្ចាស់បេនខាងខ្មែរជាអ្នករៀបចំ ហើយពួកគាត់ដែលជាឈ្មួញដើរទិញស្រូវ ពីតាមបណ្តាស្រុកខេត្តផ្សេងៗ ពេលដឹកមកដល់មាត់ច្រក គ្រាន់តែចរចាតម្លៃត្រូវរ៉ូវគ្នាហើយ ក៏ទយគូថរថយន្តទម្លាក់ស្រូវចូលទូកភ្លាម ហើយបើមិនត្រូវថ្លៃគ្នាទេ ក៏អាចដឹកស្រូវទៅលក់នៅកន្លែងផ្សេងទៀតបាន គឺងាយស្រួលខ្លាំងណាស់ ប៉ុន្តែពេលនេះខុសគ្នាដាច់ស្រឡះ ព្រោះត្រូវបើករថយន្តឆ្លងព្រំដែន ចូលទៅទម្លាក់ស្រូវនៅក្នុងបេនខាងដីវៀតណាម ពេលទៅដល់ហើយតម្លៃថោកថ្លៃយ៉ាងណាក៏ត្រូវតែបង្ខំចិត្តលក់ឲ្យគេដែរ ព្រោះបើមិនលក់ គ្មានលុយបង់ថ្លៃសេវាបេនឲ្យគេទេ ហើយរឿងដែលសំខាន់នោះ គឺពេលឆ្លងព្រំដែនចូលដីគេម្តងៗ ពួកគាត់បារម្ភខ្លាំងណាស់ គឺខ្លាចឆ្លងជំងឺកូវីដ-១៩។
ឈ្មួញទាំងនោះបានបន្តទៀតថា ការឆ្លងដែនយកស្រូវទៅលក់ក្នុងដីគេ ក្រៅពីប្រឈមខ្លាចឆ្លងជំងឺហើយនោះ គឺពួកគាត់ត្រូវខាតបង់ថវិកាច្រើនណាស់ ទៅលើថ្លៃបង់បេន និងសេវាផ្សេងៗ ដោយក្នុងរថយន្តដឹកស្រូវ១គ្រឿងចំណុះ៤០តោន ត្រូវបង់អស់ជាង២០០ដុល្លារឯណោះ ខណៈពេលចុះបេនខាងដីខ្មែរ បង់មិនដល់៥០ដុល្លារទេ ហើយក្នុង១ថ្ងៃៗរថយន្តដឹកស្រូវរបស់ពួកគាត់ដឹកស្រូវចូលទៅលក់ក្នុងដីវៀតណាម មិនក្រោម៣០០គ្រឿងនោះទេ ដូច្នេះបើគិតជាមធ្យមក្នុង១ថ្ងៃៗ ពួកគាត់យកលុយទៅឲ្យគេ មិនក្រោម៦ម៉ឺនដុល្លារទេ។ ថវិកាទាំងនោះ គេមិនបានទារយកពីឈ្មួញខ្មែរផ្ទាល់ទេ គឺគេទារយកពីឈ្មួញវៀតណាមម្ចាស់ទូក ប៉ុន្តែឈ្មួញវៀតណាមគេយកមកទូទាត់ពីឈ្មួញខ្មែរវិញ ដោយការទម្លាក់តម្លៃស្រូវ គឺមិនខុសអីពីច្របាច់កយួនលៀនអណ្តាតខ្មែរនោះទេ។
ម្យ៉ាងទៀត ពេលមានរថយន្តដឹកស្រូវចុះច្រើនម្តងៗ ធ្វើឲ្យស្ទះនៅមាត់ច្រកទ្វាr រថយន្តរាប់រយគ្រឿងត្រូវស្ទះតកន្ទុយគ្នាចម្ងាយរាប់គីឡូដី រថយន្តដែលនៅក្រោយគេទំរាំបានចុះ ធ្វើឲ្យស្រូវស្លេកខូចហាងឆេង ឈ្មួញវៀតណាមទម្លាក់តម្លៃ ធ្វើឲ្យខាតបង់កាន់តែច្រើនថែមទៀត។ ដោយសារតែការនាំស្រូវឆ្លងដែនទៅលក់នៅក្នុងដីវៀតណាម មានការខាតបង់ច្រើនបែបនេះ ទើបក្រុមឈ្មួញទាំងអស់ នាំគ្នាស្នើសុំឲ្យខាងអាជ្ញាធរស្រុក និងខេត្ត ក៏ដូចជាមន្ត្រីជំនាញប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី មេត្តាជួយអន្តរាគមន៍ សម្រួលឲ្យពួកគាត់អាចទម្លាក់ស្រូវលក់នៅបេនខាងដីខ្មែរបានដូចមុនវិញ ដើម្បីជួយកាត់បន្ថយការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់ផង និងការពារពីការឆ្លងជំងឺកូវីដ-១៩ផង។
ជុំវិញការស្នើសុំនេះ ត្រូវបានលោក ហាស់ ពណ្ណភណ័ ប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី បានឲ្យដឹងតាមទូរសព្ទ័ថា ចំពោះករណីនេះក្រុមឈ្មួញទាំងអស់ ក៏ធ្លាប់បានស្នើសុំមករូបលោក ក៏ដូចជាអាជ្ញាធរពាក់ពន្ធ័ដែរ ប៉ុន្តែលោកមិនអាចជួយដោះស្រាយបាន តាមការស្នើសុំនោះទេ ព្រោះថាពេលនេះទាំងប្រទេសកម្ពុជាយើង និងវៀតណាម គឺកំពុងតែមានវិធានការការពារខ្លាំង ចំពោះបញ្ហាជំងឺកូវីដ-១៩ ជាពិសេសគឺខាងវៀតណាម គឺគេហាមមិនឲ្យប្រជាជនណាម្នាក់ ឆ្លងដែនចូលមកកម្ពុជាទេ បើមានអ្នកណាលួចឆ្លងចូលមក ពេលត្រឡប់ទៅវិញគេនឹងចាប់ធ្វើចត្តាឡីសក័រយៈពេល១៤ថ្ងៃភ្លាម ដូច្នេះបើយើងបើកឲ្យគេចូលមក ក៏ឈ្មួញវៀតណាមគេមិនហ៊ានចូលមកទិញដែរ។
ម្យ៉ាងវិញទៀត បើសិនមានការបើកឲ្យឈ្មួញវៀតណាម ចូលមកទិញស្រូវក្នុងដីខ្មែរ ហើយបើមានករណីឆ្លងជំងឺកូវីដ-១៩កើតឡើង តើនរណាជាអ្នកទទួលខុសត្រូវ? គួរបញ្ជាក់ផងដែរថា បើទោះបីជាជំងឺកូវីដ-១៩បានផ្ទុះឡើង និងបានបង្ខំឲ្យមានការបិទទ្វារព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាមក្តី ប៉ុន្តែសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំង២ គឺនៅតែអាចធ្វើឡើងជាធម្មតា ជាក់ស្តែងសម្រាប់ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី នៅតែមានការនាំចេញនាំចូលទំនិញទៅវិញទៅមកជាធម្មតា ក្នុងនោះទំនិញនាំចូលពីប្រទេសវៀតណាម មានដូចជាត្រី បន្លែ បង្កង សាច់ និងគ្រឿងទេសជាដើម ចំណែកទំនិញនាំចេញពីកម្ពុជាទៅវៀតណាមវិញ មានតែ២មុខប៉ុណ្ណោះ គឺស្វាយ និងស្រូវ ក្នុងនោះស្រូវអ៊ីអ៊ែរបាយរឹង លក់បានតម្លៃ៨៩០រៀលក្នុង១គីឡូក្រាម ចំណែកស្រូវសែនក្រអូប ឬស្រូវបាយទន់លក់បានតម្លៃ១១០០រៀលក្នុង១គីឡូក្រាម៕ ដោយ ៖ សុំ ពៅពិសិដ្ឋ
ចែករំលែកព័តមាននេះ