ខេត្តកំពង់ស្ពឺ ៖ ដោយសារស្ថានភាពទឹកជំនន់ បានកំពុងយាយី លើផ្លូវជាតិលេខ៥១ ដែលងាយបង្កផលប៉ះពាល់ ធ្វើឲ្យផ្លូវថ្នល់រងការខូចខាតនោះ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ រួមជាមួយអាជ្ញាធរពាក់ព័ន្ធ បានចាត់វិធានការ ទប់ស្កាត់ និងការពារផ្លូវថ្នល់ភ្លាមៗផងដែរ ។
ជាមួយគ្នាផងដែរ បើតាមរយៈហ្វេសប៊ុកផេករបស់លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានសរសេរយ៉ាងដូច្នេះថា«សូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា ដោយសារ ផ្លូវជាតិលេខ៥១ ត្រង់ចំណុចគីឡូម៉ែត្រលេខ២៥+៥០០ មានការជន់លិច ដោយជំនន់មកទឹកភ្លៀងនោះ សូមបងប្អូនដែលមានរថយន្តដឹកជញ្ជូនធំៗទាំងអស់ មេត្តាផ្អាកការប្រើប្រាស់ផ្លូវជាតិលេខ៥១ មួយរយៈពេលដោយអនុគ្រោះ» ។
ឆ្លៀតឱកាសនេះ អភិបាលខេត្តកំពង់ស្ពឺ សូមធ្វើការកោតសរសើរចំពោះ មន្ទីរអង្គភាពពាក់ព័ន្ធនានា និង កម្លាំងសមត្ថកិច្ចទាំង៣ប្រភេទ ដែលបានស្រុះដៃគ្នា ក្នុងការចូលរួមអនុវត្តការងារ (យកដីខ្សាច់ច្រកបាវទប់ទឹក) សង្គ្រោះបន្ទាន់ បានយ៉ាងល្អប្រសើរ ៕








ចែករំលែកព័តមាននេះ