ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រឹងប្រែង​រក្សា​ជីវិត​ល្ខោនពោល​ស្រី​ដែល​ស្ទើរតែ​បាត់បង់​ទៅ​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ក្នុង​គោលបំណង​រំឭក​ឡើង​វិញ​ល្ខោនពោល​ស្រី​ដែល​ស្ទើរ​បាត់បង់​នោះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​សហការ​ជាមួយ​អ្នកគ្រូ​ជើង​ចាស់​ដែល​នៅ​សេសសល់ ដំឡើង​ស្នាដៃ​ល្ខោន​បុរាណ​មួយ​នេះ​ឡើង​វិញ​តាម​រយៈ​រឿង​ជ័យ​ជេ​ត ។ រឿង​នេះ​គ្រោង​នឹង​ផ្សព្វផ្សាយ​តាម​រយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​។ យោង​តាម​ការ​ផ្សព្វផ្សាយ​ពី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​នាយកដ្ឋាន​បច្ចេកទេស​វប្បធម៌ របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ​នា​ពេល…

រាជធានី​ភ្នំពេញ ៖​ក្នុង​គោលបំណង​រំឭក​ឡើង​វិញ​ល្ខោនពោល​ស្រី​ដែល​ស្ទើរ​បាត់បង់​នោះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​សហការ​ជាមួយ​អ្នកគ្រូ​ជើង​ចាស់​ដែល​នៅ​សេសសល់ ដំឡើង​ស្នាដៃ​ល្ខោន​បុរាណ​មួយ​នេះ​ឡើង​វិញ​តាម​រយៈ​រឿង​ជ័យ​ជេ​ត ។ រឿង​នេះ​គ្រោង​នឹង​ផ្សព្វផ្សាយ​តាម​រយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​។

យោង​តាម​ការ​ផ្សព្វផ្សាយ​ពី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​នាយកដ្ឋាន​បច្ចេកទេស​វប្បធម៌ របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ​នា​ពេល ថ្មី​ៗ​នេះ​ឲ្យ​ដឹង​ថា ល្ខោន​បុរាណ ឬ​អ្នកខ្លះ​ហៅ​ថា ល្ខោនពោល​ស្រី គឺជា​ល្ខោន​មួយ​នៃ​ភូមិ​ទួល​ក្របៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ ទោះបីជា​មក​ដល់​បច្ចុប្បន្ន ល្ខោន​នេះ​ហាក់ដូចជា​គេ​ដឹង​ថា​មាន​តែ​នៅ​វត្ត​កៀនស្វាយក្រៅ​ក៏​ដោយ តែបើ​តាម​ការ​បញ្ជាក់​របស់​លោកយាយ​ជា មុត និង​លោកយាយ​គិ​ន យិ​ន ថា​ល្ខោន​នេះ​មាន​ឫសគល់​មក​ពី​ខាង​ព្រែក​ថោ​ង​-​ព្រែក​ហ្លួង​ក្នុងស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ដែល​មាន​គ្រូ​ឈ្មោះ​លោក​យាយ ជិ​ញ ជា​អ្នក​បង្ហាត់បង្រៀន​អ្នក​ភូមិ​នៅ​វត្ត​កៀនស្វាយក្រៅ​កាលពី​ប្រមាណ​ជាង​៧០​ឆ្នាំ​មុន ហើយ​ក៏​បន្ត​រីក​ដុះដាល​មក​ដល់​បច្ចុប្បន្ន​។ នេះ​បញ្ជាក់​ឲ្យ​ឃើញ​ជា​ឧទាហរណ៍​មួយ​នៃ​ការ​បន្តវេន​មត៌ក​វប្បធម៌​អរូបី តាម​រយៈ​ការ​ផ្សាំ​បណ្តុះ ត​ៗ​គ្នា​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ។

ល្ខោន​បុរាណ​នៃ​វត្ត​កៀនស្វាយក្រៅ​នេះ​ស្ទើរតែ​បាត់បង់​ទៅ​ហើយ ក្រោយ​សម័យ​ប៉ុ​ល ពត ។ រហូត​មក​ដល់​ចុង​ទសវត្សរ៍​១៩៩០ ទើប​មានការ​ផ្តួចផ្តើម​ឲ្យ​ដំឡើង​សម្តែង​ឡើង​វិញ ដ្បិត​អ្នកគ្រូ លោកគ្រូ ដែល​នៅ​មានជីវិត​ក្រោយ​សម័យ​ប៉ុ​ល ពត អាច​បង្ហាត់បង្ហាញ​ប្រពៃណី​ពី​បុរាណកាល​របស់​អ្នក​ភូមិ​ឡើង​វិញ​បាន ។ ការ​ដំឡើង​ស្នាដៃ​នេះ​ក៏​បាន​សម្តែង​ច្រើន​ដង​រួច​មក​ហើយ​ដែរ តែ​យ៉ាងណា​ក៏​ដោយ ល្ខោន​បុរាណ​មួយ​នេះ​ក៏​ចេះ​តែ ហោចទៅ​ៗ ។

អំឡុង​ឆ្នាំ​២០០៨ រហូត​មក​ដល់​បច្ចុប្បន្ន កិច្ច​ពិធី​ដែល​ជា​ប្រពៃណី ទំនៀមទម្លាប់ មាន​ដូច​ជា​ទំនៀម​សំពះគ្រូ​នៅ​ថ្ងៃ​១៣​កើត ខែបុស្ស​ជាដើម នៅ​តែ​បន្ត​រៀង​មក គ្រាន់តែ​ពុំ​មានការ​សម្តែង​ដូច​កាលពីដើម ។ អ្នកលេង​ល្ខោន​បុរាណ ដែល​មាន​វ័យ ចាស់​ៗ៨០-៩០​ឆ្នាំ ក៏​ដូច​ជា​អ្នក​សម្តែង ថ្មី​ៗ ដែល​បាន​ហាត់រៀន​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៩០ នៅ​តែ​ចិញ្ចឹមចិត្ត​ចង់​ឲ្យ​ល្ខោន​នេះ​រស់​ដូច​បុរាណ​កាល​វិញ​ក្នុងភូមិ​ស្រុក​របស់​ខ្លួន ។

ក្នុង​គោលបំណង​នោះ​ហើយ ទើប​លោកយាយ​ជា មុត និង​លោកយាយ​គិ​ន យិ​ន ដែល​ជា​សិល្បករ​ជើង​ចាស់ ព្រម​ជាមួយ​សិល្បករ​ក្មេង​ក្នុងភូមិ​ប្រមាណ​ជា​៦-៧​នាក់​ទៀត បាន​ខិតខំ​ចំណាយពេល​វេលា​មក​ចូលរួម​បង្ហាត់បង្ហាញ​ក្បាច់​ល្ខោន និង​ចូលរួម​ហាត់​សម្តែង​ដោយ​យកចិត្តទុកដាក់ ដើម្បី​ដំឡើង​ស្នាដៃ​មួយ គឺ “​រឿង​ជ័យ​ជេ​ត​” ដោយ​សហការ​ជាមួយ​សិល្បករ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ។

លោកយាយ លោកតា ព្រមទាំង​សិល្បករ​នៃ​វត្ត​កៀនស្វាយក្រៅ​រំពឹង​ថា ការ​ដំឡើង និង​សម្តែង​ល្ខោន​បុរាណ​រឿង​ជ័យ​ជេ​ត នឹង​ជួយ​ឲ្យ​ល្ខោន​បុរាណ​ដ៏​កម្រ​មួយ​នេះ រីក​ដុះដាល​ទៅ​មុខ ហើយ​ចាក់​ឫស​មត៌ក​ដូនតា​នៅ​ក្នុងភូមិ​ស្រុក​របស់​ខ្លួន​ឡើង​វិញ ។

ល្ខោន​បុរាណ​រឿង​ជ័យ​ជេ​ត ដែល​ដំឡើង​នេះ​សម្រាប់​ផ្សព្វផ្សាយ​បន្ត​ផ្ទាល់​តាម Facebook ផ្លូវ​ការ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែតុលា ឆ្នាំ​២០២០ ដើម្បី​ចូលរួម​អបអរ​ព្រះរាជ​ពិធី​ឡើង​គ្រង​ព្រះ​បរម​រាជសម្បត្តិ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ជា​អម្ចាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ