ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ដួល​សន្លប់ TV5 ប្រកាស​បើក​សង្វៀន​ជា​ថ្មី​នៅ​ស​ប្ដា​ហ៍​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​ជា​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ សង្វៀន​ប្រដាល់​របស់​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ និង​ប៉ុស្តិ៍​លេខ​៥ បន្ត​បិទ​ចោលការ​ប្រដាល់​របស់​ខ្លួន​ទាំងស្រុង ក្នុង​ពេល​កន្លង​មក សង្វៀន​ទាំង​ពីរ​ក៏​មាន​សក្តា​នុពល​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​ប្រដាល់​ផង​ដែរនោះ ។ យ៉ាងណា​ក៏​ដោយ…

រាជធានី​ភ្នំពេញ ៖ រយៈពេល​ជា​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ សង្វៀន​ប្រដាល់​របស់​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ និង​ប៉ុស្តិ៍​លេខ​៥ បន្ត​បិទ​ចោលការ​ប្រដាល់​របស់​ខ្លួន​ទាំងស្រុង ក្នុង​ពេល​កន្លង​មក សង្វៀន​ទាំង​ពីរ​ក៏​មាន​សក្តា​នុពល​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​ប្រដាល់​ផង​ដែរនោះ ។ យ៉ាងណា​ក៏​ដោយ ក្នុង​ចំណោម​សង្វៀន​ដែល​បាន​ដួល​សន្លប់​ទាំង​ពីរ សង្វៀន​ប៉ុស្តិ៍​លេខ​៥ បាន​ក្រោកឈរ​រួច ដោយ​បាន​ប្រកាស​បើក​ឡើង​វិញ​នៅ​ថ្ងៃ​សៅរ៍​ទី​២៩ សីហា ឆ្នាំ​២០២០ ស្អែក​នេះ ។ មន្ត្រី​ស្ថាប័ន​នេះ ក៏​អះអាង​ថា នឹង​ដំណើរការ​មួយ​សង្វៀន​ទៀត​សម្រាប់​ថ្ងៃអាទិត្យ​ផង​ដែរ ដោយ​គ្រាន់តែ​មិន​ទាន់​កំណត់​ថ្ងៃ ។ ជាមួយ​នឹង​ការ​ប្រកាស​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់ថា ប៉ុស្តិ៍​អាស៊ី​អាគ្នេយ៍​នៅ​តែ​បន្ត​បិទទ្វារ​ដោយសារ​តែ​ហេតុផល​ស្ពុ​ន​ស័​រ​។

អ្នក​នាង ដា​ឡែ​ន មន្ត្រី​ទំនាក់ទំនង​ផ្នែក​ព័​ត៌មាន បាន​អះអាង​ថា ស្ថាប័ន​ប៉ុស្តិ៍​លេខ​៥ នឹង​ដំណើរ​ការ​បើក​ប្រដាល់​របស់​ខ្លួន​ជា​ថ្មី​ឡើង​វិញ​ហើយ ដោយ​ការ​ប្រកួត​លើក​នេះ គឺ​នៅ​តែ​ជា​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ដូច​មុន​ដដែល​។

អ្នក​នាង​ថា ការ​ប្រកួត​លើក​នេះ មិន​ប្រើ​រូបមន្ត​៣២​នាក់​ជម្រុះ​យក​តែ​ម្នាក់​ដូច​មុន​នោះ​ទេ គឺ​ប្រើ​រូបមន្ត​ជម្រុះ​ក្នុង​ចំណោម​១៦​នាក់​វិញ​ម្ដង ដោយសារ​តែ​អំឡុង​កូ​វី​ដ​-១៩ ពិបាក​ក្នុង​ការ​ស្វែងរក​កីឡាករ​ដែល​មាន​សមាសភាព​ប៉ុនគ្នា​ឱ្យ​ចូល​ប្រកួត ។ អ្នក​នាង​ថា ការ​ប្រកួត​លើក​នេះ គឺជា​តម្រូវការ​ចង់បាន​របស់​ស្ពុ​ន​ស័​រ​ដោយ​ប៉ុស្តិ៍​លេខ​៥ នឹង​ដំណើរការ​លែង​ផ្អាក​ទៀត​ហើយ បើ​ទោះជា​បញ្ហា​កូ​វី​ដ​-១៩ នៅ​តែ​ជា​ឧបសគ្គ​នៅឡើយ​ក្ដី ។

អ្នក​នាង​បន្ត​ថា ការ​បើក​ប្រកួត​ជា​ថ្មី គឺ​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​២៩ សីហា នេះ​តែ​ម្ដង ខណៈ​ដែល​កម្មវិធី​ប្រកួត​សម្រាប់​ថ្ងៃអាទិត្យ ក៏​នឹង​ចាប់ផ្ដើម​ក្នុង​ពេល​ខាង​មុខ​ផង​ដែរ ពោល​គឺ​បន្ទាប់​ពី​ការ​ចរចា​ជាមួយនឹង​ដៃគូ​ស្ពុ​ន​ស័​រ​សម្រេច​រួចរាល់ ។ អ្នក​នាង​ថា ការ​ប្រកួត​ជា​ថ្មី​នេះ មានការ​រំពឹង​ថា នឹង​ទទួល​បាន​នូវ​ការ​ចាប់អារម្មណ៍ ខណៈ​ដែល​ស្ថានភាព​កូ​វី​ដ​-១៩ រាង​ស្ងប់ស្ងាត់​បន្តិច​ផង​។

នា​ពេល​កន្លង​មក លោក សេង ក​ដិ​កា អ្នក​រៀបចំ​កម្មវិធី​ប្រដាល់ ធ្លាប់​អះអាង​ថា ស្ថាប័ន​របស់​លោក​សម្រេចចិត្ត​បិទ​ចោលការ​ប្រកួត ដោយសារ​តែ​ហេតុផល​ស្ពុ​ន​ស័​រ និង​ស្វែងរក​កីឡាករ​មក​ប្រកួត​នៅ​ក្នុង​ប្រភេទ​ទម្ងន់​ថ្មី​មិន​ទាន់​គ្រប់ ។ លោក​ថា អ្នក​ខ្លះទៅ​ស្រុក ហើយ​អ្នកខ្លះ​មិន​ទាន់​ចូល​ក្លិប ធ្វើ​ឱ្យ​ការ​ជ្រើសរើស​កីឡាករ​ដើម្បី​ប្រកួត​រដូវ​កាល​ថ្មី នៅ​តែ​មិន​ស្រួល​ដូច​មុន​។

លោក​ថា ការ​បិទទ្វារ​ជា​ថ្មី​នេះ ពិតជា​ប៉ះពាល់​គ្រប់​ផ្នែក​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ប្រដាល់​ទាំងអស់ តែ​លោក​ថា​ធ្វើ​ម៉េច​បើ​នេះ​គឺជា​បញ្ហា​របស់​ពិភពលោក ហើយ​ប៉ុស្តិ៍​លេខ​៥ ក៏​មិន​ចង់​បើក​ប្រកួត​ក្នុង​ភាព​ស្ងប់ស្ងាត់​ផង​ដែរ ទើប​សុខចិត្ត​សម្ងំ​សិន ។ ទំនងជា​មូលហេតុ​នេះ​ហើយ​ទើប​រូបមន្ត​ក្នុង​ការ​បើក​ប្រកួត​ជា​ថ្មី ត្រូវ​បាន​ប្ដូរ​ពី​៣២​នាក់ មក​ត្រឹម​១៦​នាក់ ។ លោក​ថា ការ​ប្រកួត​នឹង​មិនល្អ​មើល​នោះ​ទេ ខណៈ​ដែល​កីឡាករ​ក៏​មិន​ប្រកួត​អស់ដៃ ដោយសារ​តែ​ហេតុផល​គ្មាន​អ្នក​ទស្សនា​។ ប៉ុន្តែ​ជាមួយនឹង​ការ​បើក​ដំណើរការ​ឡើង​វិញ​នេះ លោក​ថា ប៉ុស្តិ៍​លេខ​៥ នឹង​រៀបចំ​ឱ្យ​ពួក​គេ​ប្រកួត​អស់ដៃ​។

ងាក​ទៅ​លោក ញាណ សុធី អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ វិញ លោក​នៅ​តែ​អះអាង​ថា ស្ថាប័ន​របស់​លោក នឹង​បន្ត​បិទទ្វារ មិនដឹង​ពេល​ណា​ទើប​អាច​ដំណើរការ​វិញ​នោះ​ទេ ដោយ​លោក​បោះពាក្យ​ថា ទំនងជា​រហូត​ដល់​ចប់​កូ​វី​ដ​-១៩ ហើយ​មានការ​បើកទ្វារ​ឱ្យ​អ្នកគាំទ្រ​បាន​ចូល​ទស្សនា​ឡើង​វិញ​។

លោក​ថា ហេតុផល​គឺ​ការ​រៀបចំ​កាលពី​មួយ​រយៈពេល​មុន គឺ​នៅ​តែ​មិន​ទាន់​ល្អ​នៅឡើយ ទើប​លោក​បន្ត​បិទទ្វារ ។ យ៉ាងណាមិញ​មានការ​បង្ហើប​ថា ហេតុផល​សំខាន់​គឺ​ដោយសារ​តែ​ស្ថាប័ន​រក​ស្ពុ​ន​ស័​រ​ដើម្បី​រៀបចំ​មិន​ទាន់​បាន​ប៉ុណ្ណោះ ខណៈ​ដែល​ស្ថាប័ន​ក៏​ចង់​ដំណើរការ​ដែរ ប៉ុន្តែ​ដំណើរ​ការ​ទៅ​មិន​រួច ។ ការ​បញ្ជាក់​នេះ ស្រប​ពេល​ដែល​សង្វៀន​ផ្សេង​បែរជា​មាន​លទ្ធភាព​បង្កើត​បន្ថែម​នូវ​ការ​ប្រដាល់​របស់​ខ្លួន បើ​ទោះជា​ចំហាយ​កូ​វី​ដ​-១៩​នៅ​តែ​វាយលុក​។

នៅ​សង្វៀន​CNC និង CTN ដំណើរការ​រហូត​ដល់​ទៅ​៥​សង្វៀន ខណៈ​ដែល​សង្វៀន​បាយ័ន និង PNN ក៏​បង្កើន ហើយ​មើលទៅ​រឹង​មាំ​ទៀត​ផង ។ មុន​នេះ សង្វៀន​បាយ័ន ទើបតែ​ប្រកាស​បើក​មួយ​សង្វៀន​បន្ថែម​ទៀត ទើប​ជា​ការ​ចាប់អារម្មណ៍ ដែល​សង្វៀន​អាស៊ី​អាគ្នេយ៍ ដែល​មុន​កូ​វី​ដ​-១៩​មាន​រហូត​ដល់​៣​សង្វៀន និង​ពេល​ខ្លះ​មាន​ដល់​៤​សង្វៀន ស្រាប់តែ​បិទ​ស្ងាត់ឈឹង​បែប​នេះ ។ យ៉ាងណា​ក៏​ដោយ​លោក​ញាណ សុធី​ថា កំពុង​ស្វះស្វែង ដោយ​អាច​បើក​មុន​កូ​វី​ដ​-១៩​ចប់​ទាំងស្រុង ឬ​អាច​បើក​វិញ​ឆាប់​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ