ចិត្តល្អមានសារសំខាន់ណាស់ចំពោះជីវិតដែលរស់នៅក្នុងនគរលោកនេះ ចិត្តល្អគឺជាស្នេហ៍មុខទាក់ទាញមនុស្សទាំងឡាយចួលមកស្រឡាញ់រាប់អានប្រៀបបាននឹងទឹកត្រជាក់ត្រីកុំ ចិត្តល្អគឺជារបៀបមួយដូចដែលព្រះបរមសាស្តាប្រព្រឹត្តធ្វើចំពោះមនុស្សទូទៅ ចិត្តល្អគប្បីបង្ហាញឲ្យឃើញទាំងក្នុងពាក្យសម្តី និងទង្វើទាំងអស់របស់យើង ទាំងនៅកន្លែងធ្វើការ សាលារៀន ទីវត្តអារាម ទីប្រជុំជន ហើយជាពិសេសគឺនៅផ្ទះរបស់យើងផ្ទាល់តែម្តង ។
គម្ពីរព្រះពុទ្ធសាសនាបានបង្រៀនយើងឱ្យប្រព្រឹត្តតែអំពើសុចរិត មានចរិតលក្ខណៈទន់ភ្លន់ ស្លូតបូត តែម៉ឺងម៉ាត់ និងមានភាពស្រឡាញ់ស្មោះត្រង់ដោយស្មើមុខគ្រប់កាលៈទេសៈ ដូចដែលព្រះពុទ្ធជាម្ចាស់នៃយើងព្រះអង្គតែងមានចិត្តល្អ មានក្តីស្រឡាញ់រាប់អានដោយស្មើ និងមានចិត្តសប្បុរសជានិច្ច ។
ហេតុនេះចូរយើងប្តេជ្ញាចិត្តធ្វើតាមគំរូរបស់ព្រះសម្មាសម្ពុទ្ធដោយការសង្គ្រោះ ព្រមឱ្យអភ័យ និងមានចិត្តសប្បុរសជានិច្ច ហើយផលដែលទទួលបានពីអំពើល្អគឺយើងនឹងស្ថិតនៅក្នុងកន្លែងដ៏ប្រសើរមួយដែលជាទីរួចចាកទុក្ខទាំងពួង ។ សាន សារិន
ចែករំលែកព័តមាននេះ