ផ្លូវ​មេ​ចំនួន​៣៨​ខ្សែ​ ត្រូវ​បាន​សិក្សា ដើម្បី​​លើកកម្ពស់​វិស័យសេដ្ឋកិច្ច​ទីក្រុង​សៀម​រាប


ខេត្តសៀមរាប ៖ គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​មេ​ចំនួន​៣៨​ខ្សែ សរុប​ប្រវែង ៩៨,៣៤​គ​.​ម ក្នុង​ក្រុង​សៀមរាប ត្រូវ​បាន​សិក្សា​ក្នុង​គោលបំណង​ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យសេដ្ឋកិច្ច សោ​ភណ្ឌ​ភាព​ទីក្រុង​សៀមរាប ឱ្យ​សាក​សមជា​ទីក្រុង​ទេសចរណ៍វប្បធម៌ និង​ប្រវត្តិសាស្ត្រ ព្រម​ទាំង​ត​ភ្ជាប់​ទីប្រជុំជន​ក្រុង​សៀមរាប ទៅ​តំបន់​ដាច់​ស្រយាល​នៅ​ជាយក្រុង និង​ជួយ​សម្រួលការ ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​ផង​ដែរ ។

យោង​តាម​ការ​លើក​ឡើង​របស់​លោក ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២០ បានឱ្យ​ដឹង​ថា ការ​សិក្សា​ទៅ​លើ​គម្រោង​ខ្សែ​ផ្លូវ​មេ ចំនួន​៣៨​ខ្សែ សរុប​ប្រវែង​ប្រមាណ ៩៨,៣៤​គ​.​ម ក្នុង​នោះ ផ្លូវ​ពីរ​គន្លង មាន​ប្រវែង​ប្រមាណ ៤៤​គ​.​ម និង​ផ្លូវ​បួន​គន្លង មាន​ប្រវែង​ប្រមាណ ៥៤​គ​.​ម លាតសន្ធឹង​ក្នុង​សង្កាត់​ទាំង​១២ របស់​ក្រុង​សៀម​រាប និង​មួយ​ផ្នែក​នៃ​ស្រុក​បាគង ដែល​ស្ថិត​ក្នុង​គម្រោង​អភិវឌ្ឍ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ ក្នុង​ក្រុង​សៀម​រាប​។

លោក ស៊ុន ចាន់​ថុ​ល បាន​មាន​ប្រសាសន៍​ថា «​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​ក្រុង​សៀមរាប ដល់​ពេល​ដែល​ត្រូវ​សិក្សា​រៀបចំ​ផែនការមេ ដើម្បី​ធ្វើការ​ជួស​ជុស កែ​លម្អ​ឡើង​វិញ ដូច​ក្រុង​ព្រះ​សហ​នុ ឱ្យ​សាក​សមជា​ទីក្រុង​ទេសចរណ៍ ដើម្បី​លើក​ស្ទួយ​មុខមាត់​ប្រទេស​ជាតិ នៅ​លើ​ឆាក​អន្តរជាតិ តាម​រយៈ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​»​។

លោក ស៊ុន ចាន់​ថុ​ល ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា រាជរដ្ឋាភិបាល កំពុង​សិក្សា​ស្វែងរក​ប្រភព​ថវិកា​ដើម្បី​អនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​៣៨​ខ្សែ​នេះ​។ ខេត្តសៀមរាប ជា​ប៉ូ​ល​សេដ្ឋកិច្ច ក៏​សំខាន់​មួយ​របស់​កម្ពុជា និង​ជា​តំបន់​ត​ភ្ជាប់​ផ្លូវ​សេដ្ឋកិច្ច​បាត់ដំបង​-​សៀមរាប​។

លោក​បាន​បន្ថែម​ថា គម្រោង​ដែល​ក្រសួង កំពុង​ជួសជុល កែ​លម្អ​ឡើង​វិញ គម្រោង​ផ្លូវ​វាង​ក្រុង​រួម​មាន ៖ ផ្លូវ​ខេត្ត​លេខ 2SR3 ប្រវែង ១៤,៩៥​គ​.​ម បំបែក​ពី​ផ្លូវជាតិ​លេខ​៦ ត្រង់​គ​.​ម ៣០៨+៨៣០ (​ចុង​កៅស៊ូ​) ដល់​គ​.​ម ៣១៩+៦០០ (​ទឹក​វិល​) ក្រាល​កៅស៊ូ DBST និង​ផ្លូវ​ខ្នារ​ចាស់ (​វិ​ថី​សម្តេច ជា ស៊ី​ម​) ប្រវែង ៤,៦០​គ​.​ម បន្ត​ពី​ផ្លូវ ៧​មក​រា ចាប់ពី​ផ្លូវ​លេខ 2SR3 ឆ្ពោះទៅ​កាន់​ផ្លូវ​ខេត្ត​លេខ 265F ប្រើប្រាស់​ថវិកា​ឥណទាន ADB និង​គម្រោង​ផ្លូវ​វាង​ខាងត្បូង​ក្រុង​សៀមរាប ប្រើប្រាស់​ឥណទាន​ហិរញ្ញប្បទាន​សាធារណរដ្ឋ​កូរ៉េ EDCF មាន​ប្រវែង​៤៥​គ​.​ម ចាប់ពី​ផ្លូវជាតិ​លេខ ៦ ត្រង់​ចំណុច គ​.​ម​២៩១ ដល់​គ​.​ម ៣៣០ កំពុង​សិក្សា​ជ្រើសរើស​គន្លង​ខ្សែ​ផ្លូវ និង​សិក្សា​សមិទ្ធផល​លទ្ធ​ភាព​គម្រោង​។ ព្រម​ជាមួយ​គម្រោង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ក្នុង​ក្រុង​សៀមរាប​ផង​ដែរ​។

លោក​អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប លោក ទៀ សីហា បានឱ្យ​ដឹង​ថា «​ខេត្តសៀម​រាប គឺជា​ខេត្ត​ទេសចរណ៍វប្បធម៌ និង​ប្រវត្តិសាស្ត្រ ហើយ​ស្ថានភាព​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ជា​ច្រើន ត្រូវ​ធ្វើការ​ជួសជុល និង​កែ​លម្អ​ឡើង​វិញ ហើយ​គម្រោង​ខ្សែ​ផ្លូវ​មេ​ទាំង ៣៨​ខ្សែ​នេះ ដែល​បាន​សិក្សា​នេះ​គឺជា​សរសៃឈាម និង​ជា​បេះដូង​របស់​ខេត្ត ដើម្បី​កំណើនសេដ្ឋកិច្ច ទេសចរណ៍ និង​សោ​ភណ្ឌ​ភាព​របស់​ខេត្ត​។

លោក​អភិបាលខេត្ត ក៏​បាន​លើក​ឡើង​ពី​ការងារ​ជួសជុល និង​កែ​លម្អ​ផ្លូវ​ចំនួន​១០​ខ្សែ ដោយ​រដ្ឋបាល​ខេត្តសៀមរាប រួម​មាន​៖ ផ្លូវ​តា​អុច ផ្លូវ​នាគ​ទេព ផ្លូវ​ខ្នែង​ជន្លង់ ផ្លូវ​តុង​សេង ផ្លូវ​អា​ទី​ហ្ស​ង់ ផ្លូវគោក​ស្រិត ផ្លូវ​ជាប់សូ​ហ្វី​តែ​ល ផ្លូវ​ពន្ធដារ​ខេត្ត ផ្លូវ​កេសរ​កូ​ល និង​ផ្លូវ​ស្វាយមាស​»​។

សូម​បញ្ជាក់​ផង​ដែរ​ថា គម្រោង​សិក្សា​ផ្លូវ​ទាំង ៣៨ ខ្សែ នេះ ជា​បណ្តុំ​បណ្ដាញ​ផ្លូវ​មេ យ៉ាង​ប្រទាក់​ក្រឡា ក្នុង​ក្រុង​សៀមរាប នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប កាត់​បន្ថយ​ពេលវេលា​ក្នុង​ការ​ដឹក​ជញ្ជូន និង​ចរាចរណ៍​ទំនិញ​គ្រប់​ប្រភេទ កាត់​បន្ថយ​ការ​កកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍ ព្រមទាំង​លើកកម្ពស់​សោ​ភណ្ឌ​ភាព​ទីក្រុង​សៀមរាប ឱ្យ​សាក​សមជា​ទីក្រុង​ទេសចរណ៍វប្បធម៌ និង​ប្រវត្តិសាស្ត្រ របស់​កម្ពុជា​។

ម្យ៉ាងទៀត គម្រោង​ផ្លូវ​នេះ នឹង​ចូលរួម​ជំរុញ និង​លើកកម្ពស់​កំណើនសេដ្ឋកិច្ច តាម​រយៈ​តំបន់​ទេសចរណ៍​នានា ជា​ពិសេស​តំបន់​ភាគ​ខាងត្បូង និង​ការ​ធ្វើ​សមាហរណកម្ម​ប្រជាពលរដ្ឋ​ដែល​នៅ​ជាយក្រុង​ដាច់​ស្រយាល មក​កាន់តែ​ជិត​ក្រុង​ត​ភ្ជាប់​ទីប្រជុំជន​ក្រុង​សៀមរាប ដោយ​កាត់​បន្ថយ​​គម្លាត​រវាង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង និង​តំបន់​ដាច់​ស្រយាល​នៅ​ជាយក្រុង ក្នុង​ការ​ទទួល​បាន​សមិទ្ធផល​ប្រកបដោយ​បរិ​យា​ប័ន្ន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ