ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចលាចល នាយក​រដ្ឋមន្ត្រី​បញ្ជាក់​លុយ ១$ ២$ និង​៥$ នៅ​ចាយ​ធម្មតា​គ្មាន​ការ​កាត់ទឹក​ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​នៅ​មុន​នេះ​បន្តិច​បាន​ប្រកាស​ថា​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រភេទ $1, $2 និង $5…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​នៅ​មុន​នេះ​បន្តិច​បាន​ប្រកាស​ថា​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រភេទ $1, $2 និង $5 នៅ​តែ​ចាយ​បាន​ធម្មតា​ក្នុង​ប្រទេស​កម្ពុជា ។ ការ​ប្រកាស​របស់​សម្តេច​តេ​ជោ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ចលាចល​មួយ​កើតឡើង​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា​ដែល​បងប្អូន​អាជីវករ​មួយ​ចំនួន​បដិសេធ​មិន​យក​លុយ ១$ ២$ និង​៥$ នោះ ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា «​ខ្ញុំ​សូម​បញ្ជាក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​អោយ​បាន​ជ្រាប​បន្ថែម​លើ​ការ​ប្រកាស​របស់​នាគារ​ជាតិ​នៃ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ ២០២០ ម្សិលមិញ​នេះ គឺ​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រភេទ $1, $2, និង $5 គឺ​នៅ​តែ​ចាយ​បាន​ធម្មតា​នៅ​លើ​ទីផ្សារ​ទូ​ទាំង​ប្រទេស គឺ​មិន​មានការ​ហាមប្រាម​មិន​អោយ​ចាយ​ដូច​ពាក្យ​ច​ចាម​អារាម​នោះ​ទេ​។ ក្នុង​ករណី​ប្រសិនបើ​មានការ​បញ្ឈប់​អោយ​ចរាចរណ៍​ចាយ​លុយ​ក្រដាស់ប្រាក់​អា​មេ​រិ​ក​ប្រភេទ​ខាងលើ​នេះ គឺ​ប្រាកដជា​មាន​សេចក្តី​ប្រកាស​ជា​ផ្លូវការ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​មិន​ខាន​»​។

សម្តេច​បាន​បញ្ជាក់​ថា សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ប្រើប្រាស់​ចាយវាយ​ក្រដាសប្រាក់​អា​មេ​រិ​ក​ប្រភេទ ($1,$2,$5) ដោយ​សេរី​ដោយ​គ្មាន​ការ​កាត់ទឹក​ឬ​កាត់​ផុ​ក​អ្វី​ទាំងអស់​។
សូម​រម្លឹក​ថា​ពលរដ្ឋ​មួយ​ចំនួន​បដិសេធ​មិន​ទទួល​លុយ​ខាងលើ​បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​នូវ​លិខិត​កោះ​ប្រជុំ​មួយ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ផ្ញើ​ទៅ​កាន់​ធនាគារពាណិជ្ជ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ «​ស្ដី​ពី​ការ​ផ្អាក​ទទួលយក​ក្រដាសប្រាក់​១​ដុល្លារ ២​ដុល្លារ និង​៥​ដុល្លារ​» ដោយ​កិច្ចប្រជុំ​នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ឧសភា ២០២០ ។

អ្វី​ដែល​ជា​កត់សម្គាល់ លិខិត​មួយ​នេះ ត្រូវ​បាន​សារព័ត៌មាន​យក​ទៅ​ចុះ​ផ្សាយ​ដោយ​មាន​ខ្លឹមសារ ផ្អាក​ការ​ទទួលយក​ក្រដាសប្រាក់​ប្រភេទ​ទាំងនេះ​នៅ​តាម​ធនាគារ ធ្វើ​អោយ​ពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស មានការ​យល់​ច្រ​លំ​ថា​គេ​លែង​ចាយ​ក្រដាសប្រាក់​ដុល្លារ​ទាំង​បី​ប្រភេទ​នេះ ។

មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​លើក​ឡើង​តាម​បណ្ដាញ​សង្គម ថា​មាន​អាជីវករ​តាម​ផ្សារ​មួយ​ចំនួន​ចាប់ផ្ដើម​មិន​ទទួលយក​ក្រដាសប្រាក់​ទាំងនេះ សម្រាប់​ការ​ទូទាត់​ទំនិញ​ឡើយ ខណៈ​ធនាគារជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​ថ្មី​មួយទៀត​នៅ​ល្ងាច​ថ្ងៃ​ទី​២៨ ឧសភា ២០២០ ដោយ​បញ្ជាក់​ថា ក្រដាសប្រាក់​១​ដុល្លារ ២​ដុល្លារ និង​៥​ដុល្លារ​នៅ​តែ​អាច​ទូទាត់​និង​ចាយវាយ​បាន​ដដែល​នៅ​លើ​ទីផ្សារ ។ យ៉ាងណា​ក៏​ដោយ មាន​អាជីវករ​តាម​ផ្សារ និង​កន្លែង​លក់ទំនិញ​ដទៃ​ទៀត ហាក់​មានការ​រើស​អើ​ស​ទៅ​លើ​ក្រដាសប្រាក់​ដុល្លារ​ទាំង​បី​ប្រភេទ ។

បើ​តាម​ពលរដ្ឋ​ម្នាក់​ដែល​មិន​បាន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា ខ្លួន​បាន​ទៅ​ទិញ​ទំនិញ​នៅ​ក្នុង​ផ្សារ​ក្រុង​តា​ខ្មៅ ហើយ​អោយ​ក្រដាសប្រាក់​៥​ដុល្លារ​ទៅ​អ្នកលក់ តែ​អ្នកលក់​ស្នើ​សុំ​រក​ក្រដាស​ផ្សេង​ដោយ​ប្រាប់​ថា លុយ​៥​ដុល្លារ​លែង​ចាយ​ហើយ បើ​ទោះបី​ខ្លួន​ដែល​ជា​អ្នកទិញ​ខំ​ពន្យល់​យ៉ាងណា​ក៏​អ្នកលក់​យក​ដែរ ។

បុរស​ម្នាក់​ឈ្មោះ​នី បម្រើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​ក៏​បាន​និយាយ​ផង​ដែរ​ថា គាត់​ភ្ញាក់​ព្រឺ​ត​នៅ​ពេល​ដែល​ហុច​ក្រដាសប្រាក់​៥​ដុល្លារ​ទៅ​អ្នកលក់​បែរជា​គេ​បដិសេធ​ទទួលយក ហើយ​សុំ​រក​ក្រដាសប្រាក់​ផ្សេង​ទៅ​វិញ ។ លោក​ថា លោក​មានការ​ព្រួយបារម្ភ​ណាស់ ព្រោះថា​ នៅផ្ទះ​លោក​ក៏​មាន​ក្រដាសប្រាក់​ប្រភេទ​១​ដុល្លារ និង​៥​ដុល្លារ​ច្រើន ហើយ​នៅ​ពេល​ដែល​អាជីវករ​មិន​ទទួលយក​ក្រដាសប្រាក់​បែប​នេះ​មិនដឹង​ថា ​ទៅ​ចាយ​នៅឯណា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ