រាជធានីភ្នំពេញ៖ បើតាមថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាលបានឲ្យដឹងថាមូលហេតុចម្បងមួយដែលធ្វើឲ្យអ្នកជំងឺកូវីដ-១៩ ត្រូវចំណាយពេលវេលាយូរក្នុងការទទួលការព្យាបាលឲ្យជាសះស្បើយនោះ គឺដោយសារតែអ្នកជំងឺរូបនោះមានជំងឺផ្លូវចិត្តផ្សេងទៀតពាក់ព័ន្ធ ។
លោកជំទាវឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងឲ្យដឹងថា អ្នកជំងឺកូវីដ-១៩ ចុងក្រោយ ២នាក់ គឺម្នាក់ជាស្ត្រីអ្នកជំងឺនៅបន្ទាយមានជ័យមានអាយុជិត ៤០ ឆ្នាំ និងម្នាក់ទៀតជាអ្នកជំងឺបុរសនៅខេត្តកំពង់ឆ្នាំង ដែលមានវ័យជាង ៧០ ឆ្នាំ ខណៈអ្នកជំងឺទទួលបានការព្យាបាលជាសះស្បើយនិងបានចាកចេញពីមន្ទីរពេទ្យសរុបចំនួន ១២០ នាក់ នៃការរកឃើញមានករណីវិជ្ជមានកូវីដ-១៩ សរុប ១២២ ករណីទូទាំងប្រទេស ។
លោកជំទាវបានបន្តថា «ស្ថានភាពសុខភាពរបស់ពួកគាត់បច្ចុប្បន្ននេះពុំមានអ្វី ឬការវិវត្តន៍ទៅរកស្ថានភាពមួយដែលឲ្យយើងព្រួយបារម្ភទេ ក៏ប៉ុន្តែអ្វី ជាការកត់សម្គាល់របស់យើងនោះ គឺបុរសជនជាតិខ្មែរ នៅខេត្តកំពង់ឆ្នាំដោយសារតែគាត់មាន វ័យចាស់ទៅហើយ ហើយម្យ៉ាងទៀតគាត់ក៏មានបញ្ហាសុខភាពផ្ទាល់ខ្លួនរបស់គាត់ស្រាប់កន្លងមក អញ្ចឹងធ្វើឲ្យស្ថានភាពនៃការព្យាបាលទាមទារឲ្យមានរយៈពេលយូរបន្តិចហើយ ដើម្បីឲ្យស្ថានភាពនៃវីរុសក្នុងខ្លួនគាត់អាចបាត់ទៅ «។
លោកជំទាវ ឱ វណ្ណឌីន បានបន្តថា «សម្រាប់ស្ត្រីនៅខេត្តបន្ទាយមានជ័យ ដែលមានវ័យកណ្តាល ក៏ប៉ុន្តែគាត់មានបញ្ហាផ្លូវចិត្តមួយចំនួន ដែលខ្ញុំតែងតែបានលើកជូនបងប្អូនប្រជាពលរដ្ឋរួចទៅហើយថា ផលប៉ះពាល់នៃជំងឺកូវីដ-១៩នេះគឺយើងមិនអាចជៀសផុតទេនូវផលប៉ះពាល់ទៅលើបញ្ហាសុខភាពផ្លូវចិត្តរបស់អ្នកជំងឺ និងគ្រួសាររបស់គាត់ផងដែរ ។
អញ្ចឹងដោយឡែកនៅខេត្តបន្ទាយមានជ័យនេះគឺគាត់មានបញ្ហាផ្លូវចិត្ត យប់ៗឡើងគាត់អត់សូវបានសម្រាន្តទេ អញ្ចឹងធ្វើឲ្យរាងកាយរបស់គាត់ និងការឆ្លើយតបរបស់អង្គបដិបក្ស សម្រាប់ទប់ទល់នឹងវីរុសកូវីដ-១៩ ហ្នឹង មានសភាពមិនទាន់ខ្លាំងក្លានៅឡើយ ។ ហើយក្រុមគ្រូពេទ្យ កំពុងតែសស្រាក់សស្រាំ មានការផ្លាស់ប្តូរនិងបទពិសោធន៍គ្នា ដើម្បីជួយពួកគាត់ធ្វើយ៉ាងណាឲ្យពួកគាត់មានស្ថានភាពល្អប្រសើរឡើង »៕
ចែករំលែកព័តមាននេះ