ខេត្តបាត់ដំបង ៖ បើគិតមកដល់ត្រឹមថ្ងៃទី៣០ មីនា ខ្យល់កន្ក្រាក់ចុងរដូវប្រាំង ឬដើមរដូវវស្សានាឆ្នាំនេះ បានវាយប្រហារយ៉ាងចាស់ដៃចំនួន៤លើកជាបន្តបន្ទាប់ ទៅលើបណ្ដាស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង និងបានបំផ្លាញលំនៅឋានរបស់ប្រជាពលរដ្ឋអស់ប្រមាណជិត៩០ខ្នង តែមិនមានរបាយការណ៍ស្ដីពីការខូចខាតផលដំណាំ ឬមានគ្រោះថ្នាក់ដល់មនុស្សទេ ។ នេះបើតាមព័ត៌មានបឋមពីសមត្ថកិច្ចដែលបានរាយការណ៍ជាបន្តបន្ទាប់។
យោងលើរបាយការណ៍ការចុងក្រោយនេះបានឲ្យដឹងថា ភ្លៀងដែលមានលាយឡំជាមួយនឹងខ្យល់កន្ក្រាក់យ៉ាងខ្លាំងក្លាផង បានវាយប្រហារ កាលពីល្ងាចថ្ងៃទី៣០ មីនា ទៅលើឃុំមួយចំនួន នៅក្នុងស្រុកថ្មគោល ដែលបណ្ដាលឲ្យលំនៅឋានរបស់ពលរដ្ឋយ៉ាងតិចចំនួន៥៥ខ្នងបានរងការខូចខាត។ សេចក្ដីរាយការណ៍បានបញ្ជាក់ថា ក្នុងចំណោមលំនៅឋានទាំង៥៥ខ្នងនោះ មានចំនួន៤ខ្នង បានខូចខាតទាំងស្រុង ក្រៅពីនេះខូចខាតដំបូល។
ប្រជាពលរដ្ឋនៅឃុំបឹងព្រីង ដែលរងគ្រោះដោយខ្យល់កន្ក្រាក់ដែរនោះ បានថ្លែងប្រាប់កោះសន្តិភាព តាមទូរស័ព្ទនៅព្រឹកថ្ងៃទី៣១ មីនា នេះថា ភ្លៀងបានបង្អោរធ្លាក់មិនច្រើនទេ តែបង្កឲ្យមានខ្យល់កន្ក្រាក់យ៉ាងខ្លាំង ហើយថែមទាំងបង្កើននូវផ្គររន្ទះដ៏គួរឲ្យខ្លាចទៀតផង។ ប្រភពដដែលបានបញ្ជាក់ថា លំនៅឋានដែលរងការខូចខាតដោយខ្យល់កន្ក្រាក់ ភាគច្រើនរបើកដំបូល តែសំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់មនុស្ស ឬប៉ះពាល់ផលដំណាំធ្ងន់ធ្ងរទេ។
សូមបញ្ជាក់ថា ភ្លៀងកក់ខែដែលមានលាយឡំនឹងខ្យល់កន្ក្រាក់ផង នាចុងរដូវប្រាំង ឬ ដើមរដូវវស្សានាឆ្នាំនេះ សម្រាប់ខេត្តបាត់ដំបង បានចាប់ផ្ដើមតាំងពីថ្ងៃទី២៤ មីនា រហូតមកដល់ត្រិមល្ងាចថ្ងៃទី៣០ មីនា នេះគឺមានចំនួន០៤លើក និងបានប៉ះទង្កិចទៅលើស្រុកចំនួន០៣ ។ ប៉ុន្តែក្នុងចំណោមនេះ ស្រុកថ្មគោល បានរងការវាយប្រហារចំនួន០៣លើកផ្ទូនៗធ្ងន់ធ្ងរជាងគេ។
នៅក្នុងរបាយការណ៍ដែលកោះសន្តិភាពទទូលបានជាបន្តបន្ទាប់កន្លងទៅនេះ លើកទី១-នៅល្ងាចថ្ងៃទី២៤ មីនា ខ្យល់កន្ក្រាក់បានប៉ះទង្កិចទៅលើភូមិមួយចំនួន នៅក្នុងស្រុកគាស់ក្រឡ ដែលបណ្ដាលឲ្យ ខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋអស់ចំនួន០២ខ្នង។ លើកទី២-នៅល្ងាចថ្ងៃទី២៥ មីនា ខ្យល់កន្ក្រាក់រដូវក្ដៅដដែលនេះ បានវាយប្រហារទៅលើឃុំបួរ នៅក្នុងស្រុកភ្នំព្រឹក បានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន១៣ខ្នង ក្នុងនោះចំនួន០២ បានខូចខាតទាំងស្រុង ។
ប៉ុន្តែស្ទើរមិនលោះពេលមិនដល់មួយម៉ោងផង ក្នុងថ្ងៃដដែលនេះ (២៥ ០៣ ២០) ស្រាប់តែមានសេចក្ដីរាយការណ៍ថា នៅក្នុងឃុំអន្លង់រុន ស្រុកថ្មគោល ខ្យល់កន្ក្រាក់ក៏បានវាយប្រហារបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋអស់ចំនួន៩ខ្នងដែរ ។ មហន្តរាយ ដែលបង្កដោយបាតុភូតធម្មជាតិនេះ ហាក់មិនបន្ធូរដៃទេ លុះនៅល្ងាចថ្ងៃទី២៨ មីនា ខ្យល់កន្ក្រាក់បានវាយប្រហារបន្ថែមទៀត ទៅលើឃុំអូរតាគី ស្រុកថ្មគោល បណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន៩ខ្នង បានរងការខូចខាតទៀត ។ ខណៈដែលសមត្ថកិច្ច និង អាជ្ញាធរ ឬ មន្ត្រីសាខាកាកបាទក្រហមខេត្ត បាននិងកំពុងមមាញឹក ក្នុងការចុះពិនិត្យ និង ជួយសង្គ្រោះបឋម ស្រាប់តែនៅរសៀលថ្ងៃទី៣០ មិនា ខ្យល់កន្ក្រាក់ដ៏សាហាវនេះ បានវាយប្រហារយ៉ាងគំហុកជាថ្មីទៀត និង ជាលើកទី៣ ទៅលើស្រុកថ្មគោល ដដែលនេះ ដែលនាំឲ្យអាជ្ញាធរ និង ពលរដ្ឋ នៃស្រុកនេះមានក្ដីបារម្ភយយ៉ាងខ្លាំង ។
លើកចុងក្រោយនេះ ថ្ងៃទី៣០ ០៣ ២ បានប៉ះទង្កិចទៅលើភូមិជាច្រើន នៅតាមមូលដ្ឋាន នៃស្រុកថ្មគោល ហើយផ្ទះសម្បែងពលរដ្ឋក៏រងផលប៉ះពាល់យ៉ាងច្រើនដែរ ។ បើតាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា លំនៅឋានប្រជាពលរដ្ឋយ៉ាងតិចចំនួន៥៥ខ្នង ដែលរងការខូចខាចដោយសារខ្យល់កន្ក្រាក់យ៉ាងខ្លាំងក្លា នៅថ្ងៃចុងក្រោយនេះ ហើយក្នុងចំណោមនេះ មានចំនួន០៤ខ្នង បានដួលរលំទាំងស្រុង តែមិនមានគ្រោះថ្នាក់មនុស្សទេ។
យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ បើតាមមន្ត្រីរដ្ឋបាលខេត្ត បានប្រាប់ថា អាជ្ញាធរខេត្ត និង មន្ត្រីសាខាកាកបាទក្រហមខេត្ត រួមទាំងមន្ត្រីតាមបណ្ដាមូលដ្ឋានផង បាននិងកំពុងមមាញឹកយ៉ាងខ្លាំង ក្នុងការចុះស្រាវជ្រាវ ត្រូតពិនិត្យ និងប្រមូលទិន្នន័យប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិនេះ ដើម្បីរៀបចំជាអំណោយ ស្បៀងអាហារ និង សម្ភារៈមួយចំនួនជួយសង្គ្រោះបន្ទាន់ និង ជាបឋម ខណៈដែលអាកាសធាតុហាក់មានការប្រែប្រូលស្ទើររាល់ថ្ងៃ ។
ជាមួយនឹងអាកាសធាតុបែបនេះ មន្ត្រីជំនាញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ គ្រប់ទីកន្លែង ត្រូវមានការប្រុងប្រយ័ត្នកំរិតខ្ពស់បំផុត ចំពោះបាតុភូតធ្មជាតិ «ខ្យល់កន្ក្រាក់ និងផ្គររន្ទះ» ដែលនឹងអាចកើតឡើងជាបន្តបន្ទាប់ទៀត ដូចខាងលើ នាពេលខាងមុខនេះ៕
ចែករំលែកព័តមាននេះ