ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​បោះផ្សាយ​លក់​ភាគហ៊ុន​របស់​អេ​ស៊ី​លី​ដា​ជា​ផ្លូវការ កាន់តែ​ជិត​មក​ដល់ សាធា​រណជន​ត្រៀម​ទុន​សម្រាប់​ទិញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គម្រោង​បោះផ្សាយ​លក់​មូល​ប​ត្រ​របស់​ធនាគារ​អេ​ស៊ី​លី​ដា​នៅ​តែ​មានដំណើរ​ជា​ធម្មតា មិន​មានការ​ប្រែប្រួល​អ្វី​ឡើយ ទោះបីជា​មាន​រាតត្បាត​ពី​ជំងឺ​កូ​វី​ដ​១៩​ក្ដី ។ រហូត​មក​ដល់​ពេល​នេះ ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​បញ្ចប់​ដំណើរការ​កំណត់​ថ្លៃ​ភាគហ៊ុន​ហើយ…

រាជធានី​ភ្នំពេញ ៖ គម្រោង​បោះផ្សាយ​លក់​មូល​ប​ត្រ​របស់​ធនាគារ​អេ​ស៊ី​លី​ដា​នៅ​តែ​មានដំណើរ​ជា​ធម្មតា មិន​មានការ​ប្រែប្រួល​អ្វី​ឡើយ ទោះបីជា​មាន​រាតត្បាត​ពី​ជំងឺ​កូ​វី​ដ​១៩​ក្ដី ។

រហូត​មក​ដល់​ពេល​នេះ ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​បញ្ចប់​ដំណើរការ​កំណត់​ថ្លៃ​ភាគហ៊ុន​ហើយ ឬ​ហៅ​ថា ប៊ុ​ក​បៀ​ល​ឌី​ង ។ ជំ​ហ៊ាន​បន្ទាប់​ធនាគារ​អេ​ស៊ី​លី​ដា កំពុង​សហការ​ជាមួយ​ក្រុម​ហ៊ុន​យាន់​តា ស៊ី​ឃ្យួ​រី​ធី (​ខេ​ម​បូ​ឌា ) ភី​អិ​ល​ស៊ី ក្នុង​ការ​រៀបចំ​បែក​ចែក​ភាគហ៊ុន និង​កំណត់​ថ្លៃ​ចុង​ក្រោយ​នៃ​ភាគហ៊ុន​របស់​ធនាគារ​ដោយ​ផ្អែក​តាម​នីតិវិធី​ស្ដី​ពី​ការ​ធ្វើ​ប៊ុ​ក​បៀ​ល​ឌី​ង និង​ការ​ធ្វើ​បរិវិស​ក​ម្ម ។ យ៉ាងណា​លទ្ធផល​ផ្លូវការ​នៃ​ការ​កំណត់​ថ្លៃ​ភាគហ៊ុន​នឹង​ត្រូវ​ផ្សព្វផ្សាយ​ជូន​សាធារណជន បន្ទាប់​ពី​ទទួល​បានការ​អនុម័ត​ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ។

យោង​តាម​ប្រសាសន៍​លោក បណ្ឌិត អុិន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេ​ស៊ី​លី​ដា ភី​អិល​ស៊ី ថា វិនិយោគិន​រូប​វ័​ន្ត​បុគ្គល​ជាង ២០០០ នាក់ បាន​ចូលរួម​នៅ​ក្នុង​ដំណើរការ​កំណត់​ថ្លៃ​ភាគហ៊ុន (​ប៊ុ​ក​បៀ​ល​ឌី​ង​) របស់​ធនាគារ​អេ​ស៊ី​លី​ដា ។ នេះ​គឺជា​ជោគជ័យ​មួយ​របស់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ដែល​ជា​ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុកចិត្ត និង​ជា​ធនាគារពាណិជ្ជ​ទី​មួយ ដែល​នឹង​ចុះបញ្ជី​នៅ​ក្នុង​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​។

នៅ​ពេល​ដែល​វិនិយោគិន​រូប​វ័​ន្ត​បុគ្គល​ក្លាយជា​ភាគ​ហ៊ុ​និករ​បស់​ធនាគារ រឹតតែ​ធ្វើ​ឲ្យ​យើង​បង្កើន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និត និង​កាន់តែ​រឹង​មាំ​ថែម​ទៀត​ជាមួយនឹង​អតិថិជន​ប្រកប ដោយ​វិសាល​ភាព​ទូលំទូលាយ​។ យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​វិនិយោគិន​សក្តានុពល​របស់​ធនាគារ​ទាំង​អស់​ដែល​បាន​ចំណាយ​ពេលវេលា​ដ៏ មាន​តម្លៃ​ចូលរួម​ក្នុង​ដំណើរការ​កំណត់​ថ្លៃ​ភាគហ៊ុន (​ប៊ុ​ក​បៀល​ឌី​ង​) និង​ទិញ​ភាគហ៊ុន​របស់​ធនាគារ ។

លោក Han Kyung Tae អគ្គនាយក​ក្រុមហ៊ុន យាន់​តា ស៊ី​ឃ្យួ​រឹ​ធី (​ខេ​ម​បូ​ឌា​) ភី​អិ​ល​ស៊ី បាន​មាន​ប្រសាសន៍​ថា ទោះបីជា​មាន​កង្វល់​អំពី​ជំងឺ Covid-19 និង​ការ​កើនឡើង​នៃ​ភាព​មិន​ប្រាកដ នៅ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​សកល​ក៏​ដោយ ក៏​តម្រូវការ​ចូលរួម​ដាក់​សំណើ​រទិញ និង​កំណត់​ថ្លៃ​ភាគ​ហ៊ុន (​ប៊ុ​ក​បៀ​ល​ឌី​ង​) មាន​ចំនួន​ច្រើន​គួរ​ឲ្យ​កត់សម្គាល់ ដោយ​តម្រូវការ​សរុប​មាន​ចំនួន ៣​ដង លើស ចំនួន​ភាគហ៊ុន​ដែល​បាន​បម្រុង​ទុក​ក្នុង​ដំណាក់កាល​ប៊ុ​ក​បៀ​ល​ឌី​ង ។ លទ្ធផល​នៃ​ការ​កំណត់​ថ្លៃ​ភាគហ៊ុន (​ប៊ុ​ក​បៀ​ល​ឌី​ង​) នា​ពេល​នេះ ជា​លទ្ធផល​បណ្តោះអាសន្ន​នៅឡើយ ហើយនឹង​ត្រូវ​ដាក់​ជូន​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា និង​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​ដើម្បី​អនុម័ត​លើ​ថ្លៃ​ចុង​ក្រោយ ។

លោក​ថា ការ​ជូនដំណឹង​នេះ គឺ​ក្នុង​គោលបំណង ជូន​ព័ត៌មាន​ខ្លះ​ៗ​ជា​មុន​ដល់​វិនិយោគិន​ដើម្បី​អនុញ្ញាត​ឲ្យ​វិនិយោគិន​រៀបចំ​ខ្លួន និង​ត្រៀមខ្លួន​ចូលរួម​ដំណាក់កាល​បរិវិសកម្ម ដែល​គ្រោង​នឹង​ចាប់ផ្តើម​នា​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២០ ខាង​មុខ​នេះ ។ ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​របស់​ធនាគារ​នេះ គឺជា​ឱកាស​មាស​របស់​វិនិយោគិន​រូប​វ័​ន្ត​បុគ្គល ដើម្បី​ក្លាយជា​ភាគ​ហ៊ុ​និករ​បស់​ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុកចិត្ត​បំផុត និង​ជា​ធនាគារ​មាន​ស្ថានភាព​ហិរញ្ញវត្ថុ​រឹង​មាំ​បំផុត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក Han Kyung Tae បាន​បន្ថែម​ទៀត​ថា ភាគហ៊ុន​ចំនួន ៤.៣៧៥.៦៩៦ ត្រូវ​បាន​បម្រុង​ទុក​សម្រាប់​វិនិយោគិន​ដែល​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ដំណាក់កាល​កំណត់​ថ្លៃ​ភាគហ៊ុន ។ ដូច្នេះ​សូម​អញ្ជើញ​វិនិយោគិន​សាធារណៈ ទាំងអស់​ចូលរួម​ក្នុង​ដំណាក់កាល​បរិវិសកម្ម​ដើម្បី​ទិញ​ភាគហ៊ុន​របស់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ជាមួយនឹង​តម្លៃ​ចុង​ក្រោយ​ដែល​រំពឹង​ថា នឹង​ចាប់​ផ្តើម​​ពី​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២០ ដល់​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០២០ ។

វិនិយោគិន​ដែល​ទទួល​បាន​ជោគជ័យ និង​វិនិយោគិន​ដែល មិន​ទទួល​បាន​ជោគជ័យ​នៅ​តែ​អាច​ទិញ​ភាគហ៊ុន​របស់​ធនាគារ​បន្ថែម​ទៀត​បាន​នៅ​ក្នុង​ដំណាក់ កាល​បរិវិសកម្ម​។ នៅ​ក្នុង​ដំណាក់​កាល​បរិវិសកម្ម មាន​ភាគហ៊ុន​សរុប​រហូត​ដល់ ២១.៨៧៨.៤៧៧ ភាគហ៊ុន​សម្រាប់​ដាក់​លក់​ជូន​វិនិយោគ​គិ​ន​សាធារណៈ​នៅ​ក្នុង​តម្លៃ​ចុង​ក្រោយ​។

យោង​តាម​ប្រសាសន៍​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា លោក​បណ្ឌិត អុិ​ន ចាន់​នី ថា អេ​ស៊ី​​លី​ដា ភី​អិ​ល​ស៊ី រង់ចាំ​ទទួល​ស្វាគមន៍ វិនិយោគិន​ទាំងអស់​ដើម្បី​ចូលរួម​ទិញ​ភាគហ៊ុន និង​ក្លាយ​ជា​ភាគ​ហ៊ុ​និករ​បស់​ធនាគារ នា​ពេល ឆាប់​ៗ​ខាង​មុខ​នេះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ