ខេត្តមណ្ឌលគិរី ៖ ខណៈអតិថិជនទទួលទានកាហ្វេតាមហាងទំនើបនិងតាមទីតាំងតាមដងផ្លូវនានាទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត-ក្រុងនានាកំពុងពេញនិយមយ៉ាងខ្លាំង តែតម្លៃកាហ្វេក្នុងស្រុកបែរជាធ្លាក់ថ្លៃគួរឲ្យកត់សម្គាល់ ព្រោះការនាំចូលកាហ្វេពីប្រទេសជិតខាងចូលមកក្នុងទីផ្សារប្រទេសកម្ពុជាមានចំនួនច្រើនពេក ។
ជាក់ស្តែងកាហ្វេក្នុងស្រុកដែលកំពុងទទួលបាននូវល្បីល្បាញគឺ «កាហ្វេមណ្ឌលគិរី» ដែលទទួលបានគាំទ្រពីអតិថិជនទាំងក្នុងនិងក្រៅប្រទេស គឺបច្ចុប្បន្នមានក្រុមហ៊ុនក្នុងស្រុកចំនួនបីបាននាំយកគ្រាប់កាហ្វេប្រចាំខេត្តមួយនេះទៅលក់នៅក្រៅប្រទេសជាច្រើនទាំងនៅទ្វីបអាស៊ី និងអឺរ៉ុប ។ ក៏ប៉ុន្តែទន្ទឹមនឹងភាពល្បីល្បាញដែលខេត្តមណ្ឌលគិរីមានដំណាំកាហ្វេឈ្ងុយឆ្ងាញ់ ក្រឡែកទៅមើលកសិករដែលកំពុងអាស្រ័យផលលើដំណាំកសិឧស្សាហកម្មនេះ បានអះអាងថា ផលកាហ្វេឆ្នាំនេះបានតិចជាងឆ្នាំមុន ព្រោះតែបញ្ហាអាកាសធាតុ ឯតម្លៃទៀតសោតក៏ស្រកចុះបន្តិច ព្រោះមានការនាំចូលគ្រាប់កាហ្វេពីប្រទេសជិតខាង ដូចជាប្រទេសវៀតណាម និងប្រទេសថៃច្រើនចូលទីផ្សារកម្ពុជា ។
លោក យស ចាន់ថា នាយកក្រុមហ៊ុន Coffe Timor ដែលមានចំការផ្ទាល់នៅខេត្តមណ្ឌលគិរីបានឲ្យដឹងថា តម្លៃកាហ្វេឆ្នាំនេះបានថោកជាងបណ្តាឆ្នាំមុនៗ ព្រោះតែមានការនាំចូលកាហ្វេពីប្រទេសវៀតណាមច្រើន ដូច្នេះតម្លៃក្នុងស្រុកធ្លាក់ចុះបន្តិច ។ បច្ចុប្បន្នកាហ្វេដែលក្រុមហ៊ុនលោកទទួលទិញពីកសិករក្នុងតម្លៃចាប់ពី១០,០០០ រៀល ទៅដល់១៨,០០០ រៀល ក្នុងមួយគីឡូក្រាម។ លោក ចាន់ថា បានបន្តថា ទិន្នផល
កាហ្វេឆ្នាំនេះ ដោយសារតែកើតមានបញ្ហារដូវរាំងស្ងួតច្រើន ដូច្នេះផលកាហ្វេក៏ធ្លាក់ចុះដោយមួយហិចតា បានត្រឹម ២ តោនប៉ុណ្ណោះ ចំណែកកាលឆ្នាំកន្លងមកបានរហូតដល់ទៅ ៤តោនក្នុងមួយហិចតា ។ តាមការបញ្ជាក់ពីនាយកក្រុមហ៊ុនកាហ្វេរូបនេះបានឲ្យដឹងផងដែរថា ក្រុមការងាររបស់លោកបាននឹងកំពុងបង្កើនសកម្មភាពចុះបង្រៀន នឹងជួយផ្តល់ជាដើមទុនសម្រាប់បងប្អូនប្រជាកសិករដាំដំណាំកាហ្វេ បែបធម្មជាតិដើម្បីអាចនាំចេញទៅក្រៅប្រទេស ហើយទទួលបានតម្លៃថ្លៃ។
ដោយឡែកកសិករឈ្មោះ រ៉ូយ ទើប រស់នៅភូមិពូចារ ឃុំប៊ូស្រា ស្រុកពេជ្រាដា បានឲ្យដឹងថា គ្រួសាររបស់គាត់មានផ្ទៃដីដាំកាហ្វេចំនួន៨ហិចតា ហើយសព្វថ្ងៃកំពុងប្រមូលផល ។ កសិករម្ចាស់ចំការខាងលើបានបន្តថា កាហ្វេជាដំណាំមួយប្រភេទងាយស្រួលដាំនិងថែទាំ មិនពិបាកដូចដំណាំម្រេចទេ។ ចំណែករយៈពេលនៃការប្រមូលផល គឺមានរយៈពេល២ឆ្នាំកន្លះ ដោយគិតចាប់ពីថ្ងៃដាំដុះ ។ កសិករដដែលបានបញ្ជាក់ថា តម្លៃកាហ្វេកាលពីឆ្នាំ២០១៩ គាត់អាចលក់បានតម្លៃមួយគីឡូក្រាមរហូតដល់ជាង ២ ម៉ឺនរៀល ចំពោះគ្រាប់កាហ្វេស្ងួត ឯគ្រាប់កាហ្វេស្រស់ក្នុងមួយគីឡូក្រាមតម្លៃ ៨,០០០ រៀល ទៅ១,០០០ រៀល តម្លៃនេះពិតជាធ្វើឲ្យពួកគាត់ទទួលបានផលចំនេញច្រើន ។ ក៏ប៉ុន្តែនៅដើមឆ្នាំ២០២០ នេះ តម្លៃកាហ្វេបានធ្លាក់ចុះបន្តិចវិញ ។ ដោយគ្រាប់កាហ្វេស្ងួតបានតម្លៃ១៥, ០០០ រៀល ទៅ១៧, ០០០ រៀល គ្រាប់កាហ្វេស្រស់បាន ៤,៥០០ រៀល ទៅ៦, ០០០រៀល ប៉ុណ្ណោះ ។ ចំណែកទិន្នផលដែលទទួលបានកាលពីឆ្នាំ២០១៩គឺមួយហិចតា បានគ្រាប់កាហ្វេស្រល់ប្រមាណ៧ទៅ៨តោន បើហាលស្ងួតអាចនៅសល់ត្រឹម៤ទៅ៥តោន ហើយឆ្នាំ២០២០នេះទិន្នផលធ្លាក់ចុះខ្លាំង គឺបានត្រឹមតែ៥០% នៃទិន្នផលឆ្នាំមុនតែប៉ុណ្ណោះ ។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរីបានឲ្យដឹងថា សព្វថ្ងៃផ្ទៃដីដាំដំណាំកាហ្វេក្នុងខេត្ត មានសរុបចំនួន៣២៧ហិកតា កើនលើសឆ្នាំ២០១៩ ចំនួន៤១ហិចតា។ លោកប្រធានមន្ទីរក៏បានបង្ហាញពីការថែទាំកាហ្វេគឺចាំបាច់ត្រូវដើរបេះខ្នែងវាដុះចេញពីមែក និងត្រូវស្រោចទឹកនៅរដូវប្រាំងឲ្យបានក្នុង១គុម្ព ចំណុះទឹក១០ទៅ២០លីត្រ ក្នុង១ថ្ងៃ ។
បើនៅរដូវវស្សាទឹកមិនបាច់ស្រោចក៏បាន ព្រោះអាកាសធាតុត្រជាក់ និងមានភ្លៀងធ្លាក់សើមដី ។ តែបើដីស្ងួតអាចស្រោចទឹក៣ថ្ងៃម្ដង និងថែមជីក្នុង១គុម្ព២បង្គីសម្រាប់ជីកំប៉ុស្ត ។ ការថែទាំកាហ្វេដិតដល់វានឹងហុចផលក្នុងរយៈពេល៣ឆ្នាំ នៅឆ្នាំទី៤ទើបគេចាប់ផ្ដើមប្រមូលផលពេញតែម្តង ។ ដើមកាហ្វេ បើគេអាចថែទាំវាបានល្អស្រោចទឹកដាក់ថែមជីគ្រប់គ្រាន់ វានឹងឲ្យផលបេះផ្លែបានរហូតដល់ជិត២០ឆ្នាំ ។ ហើយវាអាចផ្តល់ទិន្នផលប្រមាណពី៣ទៅ៦តោនក្នុងមួយហិកតា៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ