ខេត្តស្វាយរៀង ៖ បាវិតជាទីក្រុងមួយដែលធ្លាប់តែអ៊ូរអរ និងមានសកម្មភាពវិនិយោគខ្លាំងលើវិស័យសំណង់ ដូចជាសណ្ឋាគារកាស៊ីណូ ភោជនីយដ្ឋាននិងមជ្ឈមណ្ឌលកម្សាន្តនានាបែរជាស្ងប់ស្ងាត់ក្រោយមានការចាកចេញរបស់ជនជាតិចិនពីកម្ពុជា ហើយថ្មីៗនេះ ក្រោយមានការផ្ទុះជំងឺបង្កដោយវីរុសកូរ៉ូណាក៏បានធ្វើអោយស្ថានភាពក្នុងទីក្រុងមួយនេះ កាន់តែស្ងប់ថែមទៀត ។
បើតាមប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាវិត នៃទឹកដីខេត្តស្វាយរៀងបានបញ្ជាក់អោយដឹងថា កាលពីពេលមុន គឺចិនមកកាន់ខេត្តស្វាយរៀងច្រើន ជាពិសេសនៅក្រុងបាវិតច្រើនជាងគេបានធ្វើអោយពលរដ្ឋក្នុងតំបន់នោះទទួលបានផលយ៉ាងច្រើនពីការលក់និងជួលអចលនទ្រព្យទៅកាន់ជនជាតិចិនទាំងនោះ ដូចជាការជួលផ្ទះ ជួលអគារ ជួលដី ដើម្បីអភិវឌ្ឍន៍ជាកាស៊ីណូ សណ្ឋាគារនិងផ្ទះសំណាក់ជាដើម ។ ក៏ប៉ុន្តែគ្រប់យ៉ាងបានប្រែប្រួលនឹកស្មានមិនដល់ ដោយផលប្រយោជន៍នានាត្រូវបានបាត់បង់ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានប្រកាសបិទល្បែងអនឡាញ ធ្វើអោយជនជាតិចិនចាកចេញពីខេត្តស្វាយរៀងជាបណ្ដើរៗ ។
ជាមួយនឹងទស្សនៈវិជ្ជមាន ពលរដ្ឋកម្ពុជារស់នៅក្រុងបាវិតបានរំពឹងថាក្រោយចូលឆ្នាំចិននាចុងខែមករាកន្លងទៅរួចរាល់នោះជនជាតិចិននឹងត្រលប់មកកាន់កម្ពុជានិងបន្តការអភិវឌ្ឍបន្ថែមទៀត ។ ក៏ប៉ុន្តែស្រាប់តែមានករណីផ្ទុះជំងឺរលាកសួតថ្មីបង្កឡើងដោយវីរុសកូរ៉ូណា នៅទីក្រុងវូហាន នៅប្រទេសចិន និងបាននឹងកំពុងរីកឆ្លងរាលដាលដល់បណ្តាប្រទេសជាច្រើនទៀតលើពិភពលោក ធ្វើអោយជនជាតិចិនមកបានចាកចេញពីប្រទេសទៅប្រទេសផ្សេងទៀតដើម្បីទប់ស្កាត់ការឆ្លងមេរោគដ៏សាហាវនេះ។ កត្តានេះបានជំរុញអោយក្រុងបាវិតកាន់តែស្ងាប់បន្ថែមទៀត សូម្បីតែភ្ញៀវទេសចរដែលត្រូវចូលមកលេងកម្ពុជា តាមច្រកបាវិតក៏ស្ងាត់ដែរ ។
យោងតាមសម្ដីរបស់លក់កាហ្វេមួយកន្លែងនៅក្រុងបាវិតបានអោយដឹងថា ក្នុងអំឡុងពេលជនជាតិចិនមកកាន់ក្រុងបាវិតច្រើន បានទាក់ទាញអាជីវករមកពីបណ្ដាខេត្តនានាមករកស៊ីនិងធ្វើអាជីវកម្មនៅបាវិត ដូចជាលក់ដូរ និងរត់កង់បី ម៉ូតូឌុបជាដើម ។ ប៉ុន្តែនៅពេលចិនចាកចេញទៅវិញ ពួកគាត់ក៏រកលែងបាន ហើយក៏ត្រលប់ទៅកាន់ស្រុកកំណើតវិញឬទៅតំបន់ផ្សេងអោយផ្ដល់អំណោយផលដល់ពួកគេសម្រាប់រកចំណូលបន្ថែម ទើបធ្វើអោយទីក្រុងបាវិតកាន់តែស្ងប់ស្ងាត់ ។
អាជីវករកាហ្វេដែលបដិសេធមិនបញ្ចេញឈ្មោះបានអោយដឹងទៀតថា សកម្មភាពវិនិយោគនានាមួយចំនួនធំ ត្រូវបានផ្អាកឬបិទចោលតែម្ដង ដោយសារតែស្ងាត់ភ្ញៀវដូចជាភោជនីយដ្ឋាន កន្លែងកម្សាន្ត ហើយសម្រាប់សំណង់មួយចំនួនទៀត ដូចជាសំណង់សណ្ឋាគារកាស៊ីណូ និងមជ្ឈមណ្ឌលកម្សាន្តមួយចំនួនទៀតក៏ត្រូវផ្អាកដែរ អត់មានកម្មករធ្វើបន្តដូចមុនទៀតទេ ។
មន្ត្រីប្រចាំច្រកព្រំដែនបាវិតស្នើសុំមិនបញ្ចេញឈ្មោះក៏បានអោយដឹងថា ពេលនេះមិនមែនតែជនជាតិចិនទេដែលចាកចេញពីបាវិតសូម្បីតែភ្ញៀវទេសចរដែលចូលតាមច្រកបាវិតក៏បានធ្លាក់ចុះដែរ ហើយអត្រានៃការធ្លាក់ចុះនេះជាង៦០ភាគរយឯណោះ ដែលជាកត្តាមួយគួរអោយព្រួយបារម្ភ តែសម្រាប់ទំនិញចេញចូលតាមច្រកនេះវិញមិនមានការថយមថយទេ គឺនៅតែមានសកម្មភាពដដែល គឺធ្លាក់តែភ្ញៀវចេញចូល ។
ពាក់ព័ន្ធនឹងវីរុសកូរ៉ូណានេះដែរ មន្ត្រីប្រចាំមន្ទីរសុខាភិបាលខេត្តស្វាយរៀងក៏បានយកម៉ាស៊ីនស្កែន មកដាក់ប្រចាំនៅច្រកទ្វារអន្តរជាតិមួយនេះ សម្រាប់វាស់កំដៅភ្ញៀវទេសចរចូលកម្ពុជា ។បើសិនជារកឃើញថាមានភ្ញៀវណាកំដៅឡើងខុសពីធម្មតានឹងត្រូវរករក្សាម្ដុំនិងតាមដានបន្តទៀត ទាល់តែឃើញមានកំដៅមកធម្មតាវិញ ទើបអនុញ្ញាតអោយចូលកម្ពុជា ។
បើតាមអ្នកជំនាញវិស័យអចលនទ្រព្យបានអោយដឹងថា ចិនដែលចាកចេញជាចិនលេងល្បែង តែសម្រាប់អ្នកវិនិយោគពិតមិនចេញទេ ។ នៅពេលដែលស្ថានភាពវីរុសកូរ៉ូណាប្រសើរវិញ វិនិយោគិនចិននឹងចូលមកកម្ពុជាបន្តដាក់ទុន នូវគម្រោងរបស់ខ្លួនបន្តទៀត ហើយជាគម្រោងវិនិយោគយូរអង្វែងដោយមិនមែនជាការវិនិយោគល្បែងនោះឡើយ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ