ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​អគ្គិសនី​ធានា​ថា ​ឆ្នាំ​២០២០​នេះ​នឹង​មិន​មានការ​ខ្វះខាត​ភ្លើង​ដូច​ឆ្នាំ​មុន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​អះអាង​កាលពី​ថ្ងៃ​ទី ២៩ ខែមករា ម្សិលមិញ​នេះ​ថា ឆ្នាំ​២០២០​នេះ ការ​ផ្គត់ផ្គង់​អគ្គិសនី នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​មានការ​ខ្វះខាត​ដូច​កាល​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​អះអាង​កាលពី​ថ្ងៃ​ទី ២៩ ខែមករា ម្សិលមិញ​នេះ​ថា ឆ្នាំ​២០២០​នេះ ការ​ផ្គត់ផ្គង់​អគ្គិសនី នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​មានការ​ខ្វះខាត​ដូច​កាល​ឆ្នាំ ២០១៩​ទៀត​ឡើយ ដោយ​កម្ពុជា​បាន​ត្រៀមលក្ខណៈ​រួចរាល់​ក្នុង​ការ​ផ្គត់ផ្គង់​បំពេញតម្រូវការ​អោយ​គ្រប់គ្រាន់ ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក លោក​យឹ​ម វិសិដ្ឋ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា នៅ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ ២០១៩ របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ។

​លោក​បាន​មាន​ប្រសាសន៍​ថា កាលពី​ឆ្នាំ​កម្ពុជា​មិន​បាន​ត្រៀម​និង​មិនដឹង​មុន ធ្វើអោយ​ទឹក​អាង​ក្នុង​ទំនប់​វា​រី​អគ្គិសនី នៅ​សល់​តិច តែ​សម្រាប់​ឆ្នាំ​២០២០​នេះ រហូត​មក​ដល់​ពេល​នេះ​ហើយ ទឹក​ក្នុង​ទំនប់​វា​រី​អគ្គិសនី​ដែល​ជា​សម្រាប់​ផលិត​ថាមពល​នៅ​ពេញ​នៅឡើយ ពោល​គឺ​នៅ ១០០​ភាគរយ ដូច្នេះ​ថាមពល​ដែល​ផលិត​ចេញពី​វា​រី​អគ្គិសនី​នៅ​តែ​ខ្លាំង បូក​រួម​ជាមួយនឹង​ការ​ផលិត​ចេញ ប្រភព​ផ្សេង​ទៀត​ដូច​ជា​រោងចក្រ​ដើរ​ដោយ​ប្រេង​ខ្មៅ​រោងចក្រ​ដើរ​ដោយ​ធ្យូងថ្ម និង​ថាមពល​បាន​មក​ពី ពន្លឺព្រះអាទិត្យ​ជាដើម ។ ក្រៅពី​នោះ កម្ពុជា ក៏​បាន​ចរចា​ទិញ​ថាមពល​អគ្គិសនី​បន្ថែម​ពី​ប្រទេស​ជិតខាង​ផង​ដែរ ដូច្នេះ​ធ្វើ​អោយ​ថាមពល​អគ្គិសនី​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ នឹង​គ្រប់គ្រាន​តាម​តម្រូវការ ។

លោក​យឹ​ម វិសិដ្ឋ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា « វិនិយោគិន​និង​ប្រជាពលរដ្ឋ​សូម​លែង​បារម្ភ​ពី​ការ​ខ្វះខាត​ភ្លើង​ដូច​កាលពី​ឆ្នាំ​២០១៩​ទៀត​ទៅ ហើយ​ការ​ដាច់​ភ្លើង​នៅ​ពេល​បច្ចុប្បន្ន​នេះ មិនមែន​ដោយសារ​តែ​ខ្វះ​ភ្លើង​នោះ​ទេ តែ​ជា​បច្ចេកទេស​របស់​អគ្គិសនី​កម្ពុជា ក្នុង​ការ​ជួសជុល​និង​ថែទាំ ឬ​ក៏​ជា​ឧបទ្ទវហេតុ​ផ្សេង​ដូច​ជា​ការ​ធ្វើ​សំណង់​ហើយ​លើក​ដែក​ប៉ះពាល់​បង្គោល​បណ្ដោយ​អោយ​ដាច់​ចរន្ត​ជាដើម » ។ ​លោក​បាន​បន្ត​ថា ប្រភព​អគ្គិសនី​ដែល​កម្ពុជា​មាននៅ​ក្នុង​ឆ្នាំ ២០២០ និង​ឆ្នាំ​បន្តបន្ទាប់ គឺ​មាន​ខ្ពស់​ជាង​តម្រូវការ​ខ្ពស់​បំផុត​ដែល​បាន​សិក្សា​សម្រាប់​ការ​ប្រើប្រាស់ ។ ការ​សិក្សា​បាន​បង្ហាញ​ថា តម្រូវការ​សម្រាប់​ការ​ប្រើប្រាស់​ភ្លើង​ក្នុង​ឆ្នាំ​២០២០​នេះ​មាន​ប្រមាណ​២២០០​មេ​ហ្កា​វ៉ា​ត់ ប៉ុន្តែ​ការ​ផ្គត់ផ្គង់​ត្រូវ​បន្ថែម​ពីលើ​នេះ​ប្រមាណ​២០​ភាគរយ​ទៀត​ដើម្បី​ត្រៀម​នៅ​ពេល​ដែល​មានការ​ប្រើប្រាស់​លើស​ពី​ការ​សិក្សា ដូច្នេះ​ហើយ​ទើប​អាជ្ញាធរ​អគ្គិសនី​ហ៊ាន​អះអាង​ថា នឹង​មិន​មានការ​ខ្វះខាត​ភ្លើង​ទៀត​នោះ​ទេ ។

លោក​បាន​បន្ថែម​ថា បើ​ទោះបីជា​បច្ចុប្បន្ន​នេះ ការ​ផ្គត់ផ្គង់​មិន​មានការ​ខ្វះខាត​ក៏​ដោយ​ក្ដី ក៏​កម្ពុជា​ត្រូវការ​អោយ​មានការ​វិនិយោគ​លើ​វិស័យ​ថាមពល​បន្ថែម​ទៀត​ផង​ដែរ ព្រោះ កំណើន​នៃ​តម្រូវការ​ថាមពល​ក្នុង​ប្រទេស​នីមួយ​ៗ​តែងតែមាន​កំណើន​ជា​រៀង​រាល់​ឆ្នាំ ដូច្នេះ​ហើយ​ត្រូវការ​មានការ​វិនិយោគ​បន្ថែម​ទៀត ។

​ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​កម្ពុជា​ទទួលស្គាល់​ថា​គុណភាព​នៃ​ការ​ប្រើប្រាស់​ភ្លើង​នៅ​មាន​កម្រិត ដោយ​ជំហាន​ដំបូង កម្ពុជា​ត្រូវការ​ត​ភ្ជាប់​បណ្ដាញ​ទៅ​គ្រប់​ភូមិ លំនៅ​ឋាន​របស់​ពលរដ្ឋ បន្ទាប់​មក​ទៀត​ទើបត្រូវ​ការ​ពង្រឹងគុណភាព​ដើម្បី​ធានា​ដល់​ការ​ប្រើប្រាស់​អោយ​មាន​ប្រសិទ្ធភាព ។ ចំណែក​តម្លៃ​នៃ​ការ​ប្រើប្រាស់​ភ្លើង​នៅ​កម្ពុជា​វិញ គឺ​មាន​លក្ខណៈ​ខុស​ពី​ប្រទេស​ជិតខាង ដោយ​កម្ពុជា​មាន​និន្នាការ​បញ្ចុះតម្លៃ​ភ្លើង​ពី​មួយ​ឆ្នាំទៅ​មួយ ជាក់ស្ដែង​ក្នុង​ឆ្នាំ ២០២០​នេះ តាម​គោលការណ៍​រដ្ឋាភិបាល​គ្រោង​នឹង​បញ្ចុះ​បន្ថែម​ទៀត​ទៅ​តាម​លទ្ធភាព​។

បើ​តាម​លោក​ស៊ុ​យ សែន រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​បានអោយ​ដឹងផង​ដែរ​ថា មេរៀន​និង​បទ​ពិសោធន៍ ដែល​បាន​រៀនសូត្រ និង​ទទួល​បាន ពី​ការ​ជួប​ប្រទះ ការ​ខ្វះខាត​អគ្គិសនី​នៅ​រដូវប្រាំង​កាលពី​ឆ្នាំ ២០១៩ បាន​ធ្វើ​អោយ​ក្រសួង​រ៉ែ​និង​ថាមពល បង្កើន​ការ​យកចិត្តទុកដាក់​កាន់តែ​ខ្លាំង លើ​សកម្មភាព​នៃ​ការ​អភិវឌ្ឍ​បន្ត​ទៀត ដែល​ក្នុង​នោះ​មានការ​រៀបចំ​ផែនការមេ ការ​បន្ថយ​អ​តុល្យការ​នៃ​អានុភាព​ប្រភព​អគ្គិសនី រវាង​រដូវប្រាំង​និង​រដូវវស្សា ការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍ ដែល​មាន​ក្នុង​ផែនការមេ​អោយទាន់​ពេលវេលា និង​វិធាន​ការណ៍​ដើម្បី​ធានា​ថា​នៅ​រដូវប្រាំង​ឆ្នាំ​បន្តបន្ទាប់​ទៀត កម្ពុជា​នឹង​មិន​ជួប​បញ្ហា​ខ្វះ​អគ្គិសនី ។

​គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ កម្ពុជា​មាន​ប្រភព​ថាមពល​សំខាន់​ៗ​ពី​វា​រី​អគ្គិសនី ពី​រោងចក្រ​ដើរ​ដោយ​ធ្យូងថ្ម ពី រោងចក្រ​ដើរ​ដោយ​ប្រេង​ខ្មៅ ពី​ពន្លឺព្រះអាទិត្យ ប្រភព​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ដើម​។

លោកស្រី​ឧកញ៉ា កែវ មុំ នាយិកា​ក្រុមហ៊ុន​ផលិត​នំ​ស្រួ​លី​លី ធ្លាប់​បញ្ជាក់​ឲ្យ​ដឹង​កន្លង​មក​ថា ក្នុង​នាម​ជា​ម្ចាស់​ឧស្សាហកម្ម​មួយ​រូប​មានការ​ព្រួយបារម្ភ​ខ្លាំង​មែនទែន​ចំពោះ​ការ​កង្វះខាត​ថាមពល​អគ្គិសនី​ផ្គត់ផ្គង់​នៅ​តាម​អគារ​រោងចក្រ ព្រោះ​វា​ពិតជា​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សង្វា​ក់​ផលិតកម្ម និង​ថ្លៃដើម ដូច្នេះ​លោកស្រី​ពិតជា​រីករាយ​បើសិនជា​មិន​មាន​បញ្ហា​កង្វះ​អគ្គិសនី​សម្រាប់​ឆ្នាំ ២០២០ នេះ ។ ​លោកស្រី​ឧកញ៉ា​បាន​បញ្ជាក់​ថា «​អីចឹង​វា​មិនមែន​តែ​រូប​ខ្ញុំ​ម្នាក់​នោះ​ទេ​សូ​ម្បី​តែ​ប្រជាជន​នៅ​ទូ​ទាំង​ប្រទេស​មានការ​ព្រួយបារម្ភ​នូវ​ការ​កង្វះខាត​អគ្គិសនី​នេះ​ដែរ ។

កាលពី​ចុងឆ្នាំ​២០១៩ ឃើញ​ប្រកាស​របស់​សម្តេច​ចេញ​មក​ថា បច្ចុប្បន្ន​អគ្គិសនី​ដែល​ដើរ​ដោយ​កំលាំង​ទឹក​គឺ​មានការ​ខ្វះខាត​ទឹក ហើយ​ការ​ផលិត​អគ្គិសនី​ក៏​មានការ​ខ្វះខាត អីចឹង​វា​ជា​ការ​បារម្ភ​របស់ខ្ញុំ​ក៏​ដូច​ជា​ឧស្សាហករ​ដទៃ​ទៀត​ផង​ដែរ​» ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ