ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​៥៥​នាក់ ក្អួត​ផង ហៀរ​ទឹកភ្នែក​ផង ព្រោះតែ​ក្លិន​សំរាម​ក្បែរ​សាលា

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​លោក សូរ ប្លា​តុង អភិបាលស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹង​ថា កាលពី​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២២ ខែមករា…

ខេត្តសៀមរាប ៖ បើ​តាម​លោក សូរ ប្លា​តុង អភិបាលស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹង​ថា កាលពី​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២០​នេះ មាន​សិស្ស​ថ្នាក់​ទី​៧ នៃ​សាលា​វិទ្យាល័យ​ហ៊ុន​សែន​ស្វាយ​ធំ ប្រុស​ស្រី​ចំនួន​៥៥​នាក់ ក្នុង​នោះ​ស្រី​៣២​នាក់ បាន​កើត​អាកា​រៈ ឈឺក្បាល ហៀរ​ទឹកភ្នែក និង​រក​ក្អួតចង្អោរ បណ្តាល​ឱ្យ​ដួល​សន្លប់ ដោយសារ​តែ​ពុល​នឹង​ក្លិន​សំរាម​ដែល​មាន​គេ​ដុត​ក្បែរ​សាលា​នោះ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ក្នុងភូមិ​ជ្រៃ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទ​បាគង​។

លោក​អភិបាលស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹង​នៅ​ល្ងាច​នេះ​ថា បន្ទាប់​ពី​ទទួល​សេចក្តីរាយ​ការណ៍​ពី​លោកគ្រូ​នាយក​សាលា​ភ្លាម លោក​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ទៅ​ដល់ទី​កន្លែង​កើត​ហេតុ ដើម្បី​ជួយ​អន្តរាគមន៍ និង​ជូន​ក្មួយ​ៗ​សិស្សានុសិស្ស​ខាងលើ​ទៅ​មណ្ឌល​សុខភាព ដើម្បី​ពិនិត្យ និង​ព្យាបាល​។

លោក​បន្ត​ថា បន្ទាប់​ពី​កើតហេតុ លោក​បាន​ចាត់តាំង​ក្រុមការងារ​ពិនិត្យ​ស្រាវជ្រាវ រួម​ទាំង​ពិនិត្យ​លើ​គុណភាព​ចំណីអាហារ​ដែល​មាន​លក់​នៅ​បរិវេណ​សាលា​ផង​ដែរ ដើម្បី​រក​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​ហេតុការណ៍​នេះ​កើតឡើង ។​លោក​បញ្ជាក់​ថា ជា​លទ្ធផល គឺ​បណ្តាល​មក​ពី​ការ​ដុត​សំរាម​ក្បែរ​សាលារៀន​បាន​ធ្វើ​ឲ្យ​ធុំក្លិន និង​ខ្វះ​អុក​ស៊ី​សែន​។

លោក​បន្ថែម​ថា ដោយ​យោង​តាម​សេចក្តីណែនាំ​របស់​ក្រសួងបរិស្ថាន លោក​ក៏​បាន​ណែនាំ និង​ស្នើ​ដល់​គណៈ​គ្រប់គ្រង​សាលា ក៏​ដូច​ជា​អ្នក​រស់នៅ​ជិតខាង​សាលារៀន ឲ្យ​បញ្ឈប់​ការ​ដុត​សំរាម​បែប​នេះ​ត​ទៀត ព្រោះ​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​ណាស់​។ លោក​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន ស្ថាន​ភាព​ក្មួយ​ៗ​សិស្សានុសិស្ស​ទាំង​៥៥​នាក់​ខាងលើ មាន​ភាព​ប្រសើរ​ជា​ធម្មតា​ឡើង​វិញ​ហើយ​។ ហើយ​ចំពោះ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​សិស្ស​ដួល​សន្លប់​នោះ គឺ​បណ្តាល​មក​ពី​ការ​ដុត​សំរាម​ក្បែរ​សាលារៀន​នេះ​។

សូម​បញ្ជាក់​ថា ដោយ​យោង​តាម​សេចក្តីណែនាំ​របស់​ក្រសួងបរិស្ថាន លោក​អភិបាលស្រុក​បាន​ណែនាំ​ដល់​គណៈ​គ្រប់គ្រង​សាលា ក៏​ដូច​ជា​អ្នក​រស់នៅ​ជិតខាង​សាលារៀន ឱ្យ​បញ្ឈប់​ការ​ដុត​សំរាម​បែប​នេះ​ត​ទៀត ព្រោះ​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​ណាស់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ