ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​តន្ត្រីករ​បាន​សប្បាយ​តែ​មួយ​ភ្លែត​ៗ​ប៉ុណ្ណោះ គ្មាន​តន្ត្រីករ​ណាមួយ​បាន​ក្លាយទៅជា​អ្នកមាន​ឡើយ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ តន្ត្រីករ​ពី​សម័យ​សង្គមរាស្ត្រនិយម​ត្រូវ​ទាត់​ខ្យល់​នៅ​ពេល​ចាស់​ទៅ ព្រោះតែ​ឧបករណ៍​តន្ត្រីសម័យ​ទំនើប​នេះ​គេ​មិន​ប្រើ​គ្រឿង​ផ្លុំ​ដូច​សម័យ​មុន​ទៀត​ឡើយ តែ​ប្រើ​អក្ស​រនាត​ភ្លេង​នៅ​តែ​ចេះ​ចង​ចាំ​ដដែល ព្រោះ​គ្មាន​អ្វី​ប្រែប្រួល ហើយ​វ័យ​កាន់តែ​ចាស់​ផង​នោះ​ក៏​មិន​ចង់ទៅ​ប្រឡងប្រណាំង​អ្វី​ទៀត​ដែរ គិតតែ​ពី​ថែរក្សា​សុខភាព ដើម្បី​រស់នៅ​បានឃើញ​មុខ​កូនចៅ​ជា​បន្ត​ទៅ​ទៀត​តែ​ប៉ុណ្ណោះ​។ លោក​សា…

ខេត្តបាត់ដំបង ៖ តន្ត្រីករ​ពី​សម័យ​សង្គមរាស្ត្រនិយម​ត្រូវ​ទាត់​ខ្យល់​នៅ​ពេល​ចាស់​ទៅ ព្រោះតែ​ឧបករណ៍​តន្ត្រីសម័យ​ទំនើប​នេះ​គេ​មិន​ប្រើ​គ្រឿង​ផ្លុំ​ដូច​សម័យ​មុន​ទៀត​ឡើយ តែ​ប្រើ​អក្ស​រនាត​ភ្លេង​នៅ​តែ​ចេះ​ចង​ចាំ​ដដែល ព្រោះ​គ្មាន​អ្វី​ប្រែប្រួល ហើយ​វ័យ​កាន់តែ​ចាស់​ផង​នោះ​ក៏​មិន​ចង់ទៅ​ប្រឡងប្រណាំង​អ្វី​ទៀត​ដែរ គិតតែ​ពី​ថែរក្សា​សុខភាព ដើម្បី​រស់នៅ​បានឃើញ​មុខ​កូនចៅ​ជា​បន្ត​ទៅ​ទៀត​តែ​ប៉ុណ្ណោះ​។

លោក​សា យក់​ជួន ពេល​នេះ​មាន​អាយុ​៧២​ឆ្នាំ​ហើយ ជា​តន្ត្រីករ​ជើង​ចាស់​សព្វថ្ងៃ រស់នៅ​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ កំពុង​រស់នៅ​តែ​២​នាក់​ប្តី​-​ប្រពន្ធ ឬ​យាយ​-​តា ដែល​មានកូន​ចំនួន​៥​នាក់ ប្រុស​៣ ស្រី​២ មាន​ប្តី​មាន​ប្រពន្ធ ហើយ​បាន​បែកចេញ​មានផ្ទះ​នៅ​ភ្នំពេញ និង​សៀមរាប​ទៅ​នៅ​រៀង​ៗ​ខ្លួន​អស់​ទៅ ។ លោក​សា យក់​ជួន បាន​រំលឹក​ពី​ប្រវត្តិ​កាលពី​យុវវ័យ ហើយ​បាន​ក្លាយទៅជា​តន្ត្រីករ​កាន់​គ្រឿង​ផ្លុំ​ត្រុំ​ប៉ែ​ត (Trumpet) តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មក​នោះ ព្រោះ​លោក​ពេល​នោះ​ជា​ក្រុម​យុវ័ន​ខេត្តបាត់ដំបង ដែល​គ្រប់គ្រង​ដោយ​ព្រះរាជអាជ្ញា​សាលាដំបូង​ក្នុង​សម័យ​សង្គមរាស្ត្រនិយម ក្នុង​ឆ្នាំ​១៩៦៧-៦៨ ដែល​កាលនោះ​អ្នកស្រី​ប៉ែន រ៉​ន​, អ្នកស្រី​ធៀ​ម សុ​ភ័​ណ អ្នកស្រី​ធៀ​ម សុភាព នៅ​ជា​កូនសិស្ស​ច្រៀង​នៅ​បាត់ដំបង​មិន​ទាន់​បាន​ឡើង​ទៅ​ច្រៀង​នៅ​ភ្នំពេញ​នៅឡើយ​ទេ ហើយ​ភោជនីយដ្ឋាន (​បារ​) ស្ទឹង​ខៀវ​នៅ​បាត់ដំបង​ក៏​មិន​ទាន់​បាន​បើក​ដែរ ។

លុះដល់​ឆ្នាំ​១៩៧០​ចូល​ដល់​សម័យ​លន់ ន​ល់ ទើបបាន​បែកក្រុម​គ្នា​ដោយ​លោក​បាន​មក​លេង​ជាមួយ​ក្រុម​ស្រោចស្រង់​ជាតិ​រហូត​ដល់​ឆ្នាំ​១៩៧២ បាន​ទៅ​ប្រគុំ​ឲ្យ​ភោជនីយដ្ឋាន (​បារ​លើ​) និង​បារ​ម៉ាស៊ីនភ្លើង​នៅ​ប៉ៃលិន ជាមួយ​លោក​ខ្ចៅ ពេជ្រ​ជា​អ្នក​កាន់​ហ្គី​តា​ដែល​ពេល​នោះ​ល្បី​ខ្លាំង​បទ​បុប្ផា​ឈៀង​ម៉ៃ របស់​លោក​អ៊ុយ ហែល​ជា​អ្នកនិពន្ធ និង​តែង​បទ​បាន​ច្រើន​ត្រូវ​ជិះ​យន្តហោះ​ឡើង​មក​ភ្នំពេញ​ថត​ម្តង​បន្ត​រហូត​មក​ដល់​ឆ្នាំ​១៩៧៤ ដោយសារ​ការ​រំខាន​ពី​សន្តិសុខ​សម័យ​ច្បាំង​គ្នា​ពេល​មាន​សង្គ្រាម ក្រុងប៉ៃលិន​មិន​ត្រូវ​បាន​ធានា​សុវត្ថិភាព​ឡើយ ហើយ​យប់​ឡើង​តែងតែ​មានការ​ផ្តាច់​ភ្លើង​រំខាន​ជា​ប្រចាំ លុះដល់​ឆ្នាំ​១៩៧៥ សន្តិសុខ​មិនល្អ ហើយ​មេរោគ​គ្រុនចាញ់​រាតត្បាត​បន្ថែម​ទៀត លោក​បាន​ចេញពី​ប៉ៃលិន​វិញ​មុន​លោក​វ៉ា ហុង និង​លោក​ហូ ឡា​វី ចំណែក​លោក​ខ្ចៅ ពេជ្រ ក៏​បាន​ចូល​ក្នុង​ក្រុម​ទាហាន​នៅ​សេ​អ៊ី​4 តែ​ម្តង​ទៅ លោក​សា យក់​ជួន បាន​មក​រស់នៅ​ក្នុងស្រុក​មង្គល​បូ​រី ជា​ទាសី​ក្នុង​សម័យ​ប៉ុ​ល ពត​បន្ត​រហូត​មក ។

ក្រោយ​ពី​ប្រទេស​ជាតិ​យើង​បាន​សុខ​សន្តិភាព​ពិតប្រាកដ​ហើយ នៅ​ឆ្នាំ​១៩៩៨ លោក​សា យក់​ជួន បាន​ទៅ​រស់នៅ​ក្បែរ​ភូមិកំណើត​នៅ​ខេត្តបន្ទាយមានជ័យ ដោយ​បាន​បោះចោល​ការ​ដើរ​ប្រគុំ​តន្ត្រី​ទៀត​ហើយ ព្រោះ​សម័យកាល​ឥឡូវ​គេ​មិន​ប្រើ​ឧបករណ៍​ច្រើន​ដូច​មុន​ទៀត​ឡើយ គឺ​គេ​មាន​តែ​អក​(Organt) តែ​មួយ​ដើម​អាច​ប្រើ​បាន​ដូច​គ្រឿង​ឧបករណ៍​គ្រប់មុខ មិន​ដូច​សម័យ​មុន​ត្រូវការ​មនុស្ស​ច្រើន​ឡើយ ណាមួយ​មាន​វ័យ​កាន់តែ​ចាស់​ផង គិតគូរ​ថែ​សុខភាព​ជា​ការ​សំខាន់ ។

លោក​បាន​បញ្ជាក់​ថា លោក​មិនសូវ​មានឈ្មោះ​បោះ​សំឡេង​ដូច​គេ ព្រោះតែ​លោក​កាន់​ឧបករណ៍​ភ្លេង​មិនឆាប់​ល្បី​ដូច​អ្នកចំរៀង​ឡើយ ហើយ​គេ​មិនសូវ​ស្គាល់​ដូច​អ្នកចំរៀង​ដែរ ចំពោះ​ការ​លំបាក​មានការ​ឆ្លងកាត់​ដឹង​រស់ជាតិ​អស់ហើយ ដោយ​ពឹង​លើ​ខ្លួនឯង ព្រោះ​ជីវិត​តន្ត្រីករ​បាន​ត្រឹមតែ​សប្បាយ​មួយ​ភ្លែត​ៗ​តែ​ប៉ុណ្ណោះ គ្មាន​តន្ត្រីករ​ណាមួយ​បាន​ក្លាយទៅជា​អ្នក​មានបាន​ឡើយ គឺ​ឃើញ​មាន​តែ​លំបាក​វេទនា​ភាគច្រើន​ម្ល៉ោះហើយ​ពេល​ជួប​ការ​លំបាក​មិន​ដែល​ឃើញ​មាន​អ្នក​ណា​មក​ជួយ​ក្រៅពី​ខ្លួន​យើង​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ