ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​កម្ពុជា​ចូលរួម​វេទិការ​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក ក្រោម​មូលបទ​«​ភាព​ជា​ដៃគូ​សភា​ឆ្នាំ​២០២០ និង​ឆ្នាំ​បន្តបន្ទាប់​»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វេទិការ​សភា​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ក្រោម​មូលបទ «​ភាព​ជា​ដៃគូ​សភា​សម្រាប់​ឆ្នាំ​២០២០ និង​ឆ្នាំ​បន្តបន្ទាប់​» ដែល​ប្រទេស​អូស្ត្រាលី​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ត្រូវ​បាន​បញ្ចប់​ដោយ​ស្ថាពរ ។ ជាក់ស្តែង​សម្ដេច ហេង សំ​រិ​ន…

រាជធានី​ភ្នំពេញ ៖ វេទិការ​សភា​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ក្រោម​មូលបទ «​ភាព​ជា​ដៃគូ​សភា​សម្រាប់​ឆ្នាំ​២០២០ និង​ឆ្នាំ​បន្តបន្ទាប់​» ដែល​ប្រទេស​អូស្ត្រាលី​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ត្រូវ​បាន​បញ្ចប់​ដោយ​ស្ថាពរ ។ ជាក់ស្តែង​សម្ដេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមករា​នេះ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​កម្ពុជា​ត្រឡប់​ពី​ការ​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៨ នៃ​វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក ដែល​ហៅ​កាត់​ថា (APPF) នៅ​ទីក្រុង​កង់​បេ​រ៉ា ប្រទេស​អូស្ត្រាលី​វិញ​ដោយ​សុវត្ថិភាព និង​ជោគជ័យ ។

សម្តេច​ប្រធានរដ្ឋសភា​ត្រូវ​បាន​សភា​ប្រទេស​អូស្ត្រាលី​ផ្តល់​កិត្តិយស​ចូលរួម​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ និង​បាន​ថ្លែង​សុន្ទរកថា គន្លឹះ​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ជា​ផ្លូវការ ។ សភា​ប្រទេស​អូស្ត្រាលី និង​ប្រតិភូ​ដែល​បាន​ចូលរួម​បាន​សម្តែង ការ​កោតសរសើរ​ចំពោះ​សម្តេច​ដែល​បាន​ដឹកនាំ​សភា​កម្ពុជា​រៀបចំ​កិច្ចប្រជុំ APPF លើក​ទី​២៧ កាលពី​ឆ្នាំ​កន្លង​ទៅ​នៅ​ខេត្តសៀមរាប​បាន​ទទួល​ជោគជ័យ ហើយ​ជោគជ័យ​នៅ​កម្ពុជា​នោះ​ធ្វើ​ឲ្យ​ការ​ប្រជុំ​របស់ APPF កាន់តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ឡើង ។

កំឡុង​ពេល​ចូលរួម​កិច្ចប្រជុំ​នេះ​សម្តេច​អគ្គ​មហា​ពញា​ចក្រី បាន​ជួប​ពិភាក្សា​ការងារ ជាមួយ​ប្រធានរដ្ឋសភា​អូស្ត្រាលី ដើម្បី​ជំរុញ​ទំនាក់ទំនង​សភា និង​ស្នើ​សុំ​អូស្ត្រាលី​ជួយ​ផ្សព្វផ្សាយ​ពី​សក្តានុពល​របស់​កម្ពុជា ក្នុង​វិស័យ​ពាណិជ្ជកម្ម​វិនិយោគ និង​ទេសចរណ៍ ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​ស្នើ​សុំ​អូស្ត្រាលី​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​និស្សិត​កម្ពុជា​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត ។ ក្រៅពី​នេះ​សម្តេច​ប្រធានរដ្ឋសភា​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ជំទាវ​ប្រធានរដ្ឋសភា​ប្រទេស​ឡាវ លោក​ជំទាវ​អនុប្រធាន​រដ្ឋសភា​ប្រទេស​វៀតណាម ដើម្បី​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋសភា​ប្រទេស​ទាំង​ពីរ​និង​បាន​ផ្លាស់​ប្តូរ​ព័ត៌មាន​បច្ចុប្បន្នភាព​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​ជំរុញ​ចំណងមិត្តភាព កិច្ច​សហប្រតិបត្តិការ​ល្អ​ក្នុង​នាម​ប្រទេស​ជិតខាង ។ ប្រតិភូ​សភា​កម្ពុជា​ក៏​បាន​ចូលរួម​នៅ​ក្នុង​គណៈកម្មាធិការ​ព្រាង​សេចក្តី​ប្រកាស​រួម​ដោយ​បាន​ផ្លាស់​ប្តូរ​យោបល់​ជាមួយ​សមាជិក APPF យ៉ាង​ផុលផុស​ផង​ដែរ ។

សូម​ជម្រាប​ថា កិច្ចប្រជុំ​ប្រចាំឆ្នាំ APPF លើក​ទី​២៨ បាន​បិទ​បញ្ចប់​ដោយ​បាន​អនុម័ត​សេចក្តីសម្រេច​ចំនួន​១៩ ដែល​ជា​យន្តការ​មួយ​ក្នុង​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ លើកកម្ពស់​តួនាទី​សភា​ក្នុង​ការ​ពង្រឹង​សន្តិភាព និង​សន្តិសុខ ការ​ពង្រឹង​ស្ថាប័ន​ពហុភាគី ដើម្បី​អនុវត្ត​ពាណិជ្ជកម្ម​សេរី និង​រួម​គ្នា​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ឆ្ពោះទៅ​រក​ការ​រីក​ចម្រើន​ប្រកបដោយ​ចីរភាព និង​វិបុលភាព​នៅ​ក្នុង​តំបន់ និង​សកលលោក ។ កិច្ចប្រជុំ APPF លើក​ទី​២៩ នឹង​ប្រារព្ធ​ធ្វើ​នៅ​សាធារណរដ្ឋ​កូរ៉េ ក្នុង​ឆ្នាំ​២០២១ និង​នៅ​ព្រះរាជាណាចក្រ​ថៃ ក្នុង​ឆ្នាំ​២០២២ ។

APPF បាន​ដំណើរការ​កិច្ចប្រជុំ​របស់​ខ្លួន​ក្រោម​មូលបទ «​ភាព​ជា​ដៃគូ​សភា​សម្រាប់​ឆ្នាំ​២០២០ និង​ឆ្នាំ​បន្តបន្ទាប់​» ដោយ​មាន​គណៈប្រតិភូ​សភា​ជា​សមាជិក APPF ចំនួន​២០​ប្រទេស និង​ប្រទេស​សង្កេតការណ៍​ចំនួន​១០ មាន​ចំនួន​គណៈប្រតិភូ​ជាង​៣៥០​នាក់ បាន​ចូលរួម​កិច្ចប្រជុំ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ