រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមពីរនាក់ត្រូវបានសមត្ថកិច្ចខណ្ឌឬស្សីកែវ សហការជាមួយសមត្ថកិច្ចតាមបណ្តាប៉ុស្តិ៍ផ្សេងទៀត ធ្វើការដេញប្រផាប់ចាប់ប្រភីង កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី១៩ កក្កដា ២០១៤ ហើយចាប់បាននៅចំណុច មុខផ្សារគីឡូម៉ែត្រ លេខ៧ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះពីរ បន្ទាប់ពីធ្វើសកម្មភាពឆក់ខ្សែក ពីស្រ្តីម្នាក់មិនបានសម្រេចកាលពីវេលាម៉ោង ១រសៀលថ្ងៃដដែលនេះនៅចំណុច ផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក ចំណែកឯជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល ។
ជនសង្ស័យទី១. ឈ្មោះ ដាំង ដឺមី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅក្នុងភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងជនសង្ស័យទី២. ឈ្មោះ លីន អាយុប្រមាណ ៣០ឆ្នាំ រត់គេចខ្លួនបាត់ ។
សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង១សៀល ថ្ងៃទី១៩ កក្កដា ២០១៤ នេះមានជនសង្ស័យ ប្រុស-ស្រី២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១១០ ពាក់ស្លាកលេខភ្នំពេញ 1BA-5639 បានធ្វើសកម្មភាព ឆក់ខ្សែក ពីស្រី្តម្នាក់កំពុងជិះម៉ូតូតាមផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្ត សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ តែមិនបានសម្រេច ក៏ជិះគេចខ្លួនបាត់ទៅ ។ បន្ទាប់ពីមានការភ្ញាក់ផ្អើលស្រ្តីរងគ្រោះក៏បាន និយាយរៀបរាប់ប្រាប់សមត្ថកិច្ច ពីភិនភាគរបស់ជនសង្ស័យ ហើយមកដល់វេលាម៉ោង ប្រមាណជា៤ល្ងាច ថ្ងៃដដែល សមត្ថកិច្ច ក៏ប្រទះឃើញមុខសញ្ញា ជនសង្ស័យ នៅចំណុចមុខ សាលាសង្កាត់ឬស្សីកែវ កំពុងជិះម៉ូតូដើរលេង នៅពេលនោះជនសង្ស័យរអៀស ខ្លួនក៏បើកម៉ូតូរត់គេច ហើយសមត្ថកិច្ចបានដេញប្រផាប់ចាប់ប្រភីង និងបានធ្វើការទាក់ទងទៅសមត្ថកិច្ចតាមបណ្តាប៉ុស្តិ៍ផ្សេងៗទៀត តាមវិទ្យុទាក់ទង រួចក៏ឃាត់ខ្លួនបានជនសង្ស័យម្នាក់នៅចំណុចមុខផ្សារគីឡូម៉ែត្រលេខ៧ ក្នុងសង្កាត់ច្រាំងចំរេះទី២ ចំណែកជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់ទៅ ។
ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យបានសារភាពថា រូបគេបានធ្វើសកម្មភាពឆក់ចំនួន៦ដងហើយ នៅតាមផ្លូវជាតិលេខ៥ ដោយឆក់បានសម្រេច៤ដង និង មិនបានសម្រេច២ដងទាំងលើកនេះ ។ទោះបីជាយ៉ាងណាស្រ្តីរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងទេ ហើយសមត្ថកិច្ចបានទូរស័ព្ទឱ្យមកដាក់ពាក្យបណ្តឹងតែស្រ្តីរងគ្រោះបានបិតទូរស័ព្ទ។
ចែករំលែកព័តមាននេះ