រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ បានប្រកាសាលក្រមផ្តន្ទាទោសលើសំណុំរឿងឃាតកម្មមួយដែលជនជាប់ចោទជាឃាតករ២នាក់ម្តាយ និងកូនស្រីព្រួតគ្នាវាយកាប់ចាក់ផ្តាច់ជីវិតបុរសម្នាក់ត្រូវជាប្តី ឬកូនប្រសា ។ សាលក្រមបានប្រកាសសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ គង់ ធីតា ភេទស្រី អាយុ៤៩ឆ្នាំ (ត្រូវជាម្តាយ) ដាក់ពន្ធនាគារកំណត់១១ឆ្នាំ និងឈ្មោះ អូយ សុម៉ារី ភេទស្រី អាយុ២០ឆ្នាំ (ត្រូវជាកូន) ដាក់ពន្ធនាគារកំណត់១០ឆ្នាំ ពីបទឃាតកម្ម តាមបញ្ញាតិមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ នឹងពិន័យជាប្រាក់ចំនួន២០០លានរៀល ។ សាលក្រមបានបើកផ្លូវទុកឲ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើសិនភាគីណាមួយកើតទុកមិនសុខចិត្តចំពោះការកាត់ក្តីនេះ ។
គួរបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ បានលើកយកសំណុំរឿងឃាតកម្ម ម្ដាយ និងកូនស្រីព្រួតគ្នាវាយកាប់ចាក់ផ្តាច់ជីវិតកូនប្រសាប្រុស ឬប្ដី មកបើកសវនាការជំនុំជម្រះទោសលើជនជាប់ចោទ តែសវនាការនោះត្រូវបានលើកពេលប្រកាសសាលក្រមផ្តន្ទាទោសទៅថ្ងៃទី២៣ ខែធ្នូ នេះ ។ ជនជាប់ចោទម្នាក់ឈ្មោះ គង់ ធីតា ភេទស្រី អាយុ ៤៩ឆ្នាំ (ជាម្ដាយ) និងម្នាក់ឈ្មោះ ង៉ូយ សុម៉ារី អាយុ២០ឆ្នាំ (ជាកូន) ។ ជនជាប់ចោទពីរនាក់ម្តាយ និងកូន ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួល ក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែន សុខ ។
ក្នុងសវនាការជនជាប់ចោទម្តាយ និងកូន បានឆ្លើយសារភាពដូចគ្នាថា ខ្លួនពិតជាបានព្រួតគ្នាវាយ នឹងកាប់ផ្តាច់ជីវិតកូនប្រសា ឬប្ដី ដូចការចោទប្រកាន់នោះមែន ប៉ុន្តែការកាប់ផ្តាច់ជីវិតនោះគឺជាការការពារខ្លួន ព្រោះបើពួកខ្លួនមិនផ្តាច់ជីវិតកូនប្រសារ ឬប្តី ប្រាកដជាជនរងគ្រោះនឹងផ្តាច់ជីវិតពួកខ្លួនជាក់ជាមិនខាន ។
ជនជាប់ចោទបានបញ្ជាក់ទៀតថា នៅថ្ងៃកើតហេតុ កូនប្រសារប្រុសរបស់គាត់កើតមានទំនាស់ជាមួយប្រពន្ធ ហើយមានការវាយតប់គ្នា ពេលនោះប្ដីបានច្របាច់កប្រពន្ធមិនព្រមលែងទេ ធ្វើឲ្យកូនស្រីគាត់ថប់ដង្ហើមត្រដខ្យល់ស្ទើរផុតដង្ហើម ឃើញដូច្នោះហើយទើបគាត់ស្ទុះទៅទាញយកកាំបិតមកកាប់កូនប្រសារ២កាំបិត បណ្តាលឲ្យរងរបួសហូរឈាមទើបកូនប្រសារលែងកូនស្រីគាត់វិញ ។ បន្ទាប់ពីបានរួចខ្លួនហើយកូនស្រីគាត់បានឆក់យកកាំបិតចុងស្រួចចាក់ទៅលើប្ដីជាច្រើនកាំបិតបន្ថែមទៀត ធ្វើឲ្យជនរងគ្រោះតដៃលែងកើត នឹងបានបាត់បង់ជីវិតក្នុងថ្លុកឈាមតែម្តងទៅ ។
ជនជាប់ចោទពីរនាក់ម្តាយ និងកូន បានសារភាពយ៉ាងក្បោះក្បាយតាមដំណើររឿង ពាក់ព័ន្ធអំពើឃាតកម្មនោះ ទើបតំណាងអយ្យការបានធ្វើការសន្និដ្ឋាន នៅតែរក្សាទុកបទចោទប្រកាន់ និងបានស្នើសុំឲ្យប្រធានក្រុមប្រឹក្សាសម្រេចតាមគតិយុទ្ធ ។
គួររំលឹកថា លោកស្រី ស៊ លីនណា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាល ពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ បានសម្រេចចេញដីកាឃុំខ្លួនស្ត្រីពីរនាក់ម្តាយ និងកូន ដែលព្រួតគ្នាចាក់ផ្តាច់ជីវិតបុរសម្នាក់ជាកូនប្រសា ឬជាប្ដី ដោយសារជម្លោះពាក្យសម្ដីរឿងប្រាក់១ម៉ឺនរៀល ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទឃាតកម្ម តាមមាត្រា១៩៩ នៃ ក្រមព្រហ្មទណ្ឌ ។ ដែលបទចោទប្រកាន់នេះជនជាប់ចោទប្រឈមមុខ នឹងជាប់ពន្ធនាគារពី១០ ទៅ១៥ឆ្នាំ បើតុលាការរកឃើញថា ពួកគេពិតជាបានប្រព្រឹត្តអំពើឃាតកម្មនោះយ៉ាងប្រាកដមែន ។
អង្គហេតុឃាតកម្មខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ផ្ទះជួលមួយ ស្ថិតក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែន សុខ រាជធានីភ្នំពេញ ជនសង្ស័យឈ្មោះ គង់ ធីតា ជាម្ដាយ និងកូនស្រីឈ្មោះ ង៉ូយ សុម៉ារី បានចាក់ផ្តាច់ជីវិតជនរងគ្រោះម្នាក់ឈ្មោះ គឹម យ៉ត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ។ ជនរងគ្រោះ និងជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានរៀបការជាមួយគ្នានៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៩ ហើយជនសង្ស័យជាប្រពន្ធបានបបួលជនរងគ្រោះទៅចុះសំបុត្រអាពាហ៍ពិពាហ៍ តែជនរងគ្រោះនិយាយថា ចាំការបាន២ឆ្នាំសិន ។
នៅវេលាល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានទៅយកម្តាយរបស់ខ្លួនឈ្មោះ គង់ ធីតា ដែលស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ មកនៅជាមួយខ្លួន ដើម្បីជួយមើលប្តី(ជនរងគ្រោះ)ដែលមានអាការៈមិនសូវស្រួល លុះថ្ងៃទី២៤ ខែឧសភា ជនសង្ស័យឈ្មោះ ង៉ូយ សុម៉ារី បានសុំលុយប្តី១ម៉ឺនរៀល តែជនរងគ្រោះមិនឲ្យ ក៏មានជម្លោះវាយតប់គ្នាតែម្តងទៅ ។ ជម្លោះនោះបានធ្វើឲ្យជនរងគ្រោះយកដៃទៅច្របាច់កជនសង្ស័យ(ង៉ូយ សុម៉ារី) ហើយជនសង្ស័យ ង៉ូយ សុម៉ារី បានស្រែកឲ្យម្តាយជួយ ទើបឈ្មោះ គង់ ធីតា ស្ទុះទៅទាញយកកាំបិតតាំងបុ័ងតោ មកកាប់ជនរងគ្រោះជាកូនប្រសារចំកញ្ចឹងក និងបានយកខ្សែភ្លើង ស្កុតចងរុំដៃជើង រួចយកកូនកាំបិតចុងស្រួចចាក់ជនរងគ្រោះ បណ្តាលឲ្យបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ។
ក្រោយកើតហេតុ ជនដៃដល់២នាក់ម្តាយ និងកូន បានចូលសារភាពនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ខណ្ឌសែនសុខ ទើបត្រូវកម្លាំងសមត្ថ កិច្ចបានធ្វើការឃាត់ខ្លួន នឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមផ្លូវច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ