រាជធានីភ្នំពេញ ៖បើទោះបីជាពេលនេះ អ្នកនាងពេជ្រ សោភា និងលោកឆឹម សក្កដាកាន់តែបង្កើនភាពស្និទ្ធស្នាលនឹងគ្នាបែបណា ក្ដី នៅតែមានអ្នកខ្លះយល់ថា ពួកគេបង្កើតស្នេហាក្លែងបន្លំ។
ស្នេហារបស់ពេជ្រ សោភា និងឆឹម សក្កដា នៅតែមិនទាន់អាចធ្វើឲ្យទស្សនិកជនជឿជាក់នៅឡើយទេ ខ្លះថាអាចជាស្នេហាពិតប្រាកដ និងមួយចំនួនទៀតថាជារឿងក្លែងក្លាយ ។ ជាពិសេសទៀតនោះ មានគេលើកឡើងថា «ស្នេហាអ្នកទាំង២ជារឿង Drama» បើយោងទៅលើពេលវេលាយូរមកហើយនោះ មិនទាន់ឃើញប្រែប្រួលទៅជាអ្វី ក្រៅពីរូបភាពស្វ៊ីតៗ ដដែលៗ ។
លើសពីនេះគូស្នេហ៍តារាមួយចំនួន គេឆាប់ចូលរោងការមិនទុកយូរជូរផ្អូមទេ ព្រោះបើគិតទៅសោភា និងសក្កដា ជិតដិតគ្នា៤ឆ្នាំទៅហើយ នៅតែប្រើពាក្យគូជិតដិត ឬមនុស្សជិតដិត ។
ជាការឆ្លើយតប កាលពីពេល ថ្មីៗកន្លងមកទាំងពេជ្រ សោភា និងឆឹម សក្កដា បានរៀបរាប់ ប្រដេញគ្នានាឱកាសចូលរួមពិធីមង្គលការរបស់តារាសម្តែងប៉ែន ចំរុង ។ សោភាឆ្លើយយ៉ាងលឿនថា ៖ «ប្រសិនបើយើងមានបំណងបំភ័ន្តភ្នែកមហាជន ឬហ្វេន សួរថា មានប្រយោជន៍អ្វីទៅ! គេនៅតែនាំគ្នានិយាយថា យើងទាំងពីបង្ហាញភាពកៀកកើយគ្នាគ្រាន់តែបង្កើតនូវឈុតឆាកត្រាម៉ា សម្តែងឲ្យគេមើលសម្រាប់ប្រជាប្រិយភាពប៉ុណ្ណោះ ។
៤ឆ្នាំទៅហើយដែលយើងបានចងក្រងចំណងស្នេហ៍នេះឡើង សួរថានាងខ្ញុំជាស្រី អ្នកខាតគឺខ្ញុំ បើខ្ញុំមិនច្បាស់លាស់ តើមិនខ្លាចជារឿងមួយខាតពេល ។ បើខ្ញុំប្រឌិតធ្វើទៅចង់ល្បី ខ្ញុំបានអីមកវិញ បើនាងខ្ញុំល្បីរួចហើយ ។ ជាពិសេសខាតពេលណាស់ បើមិនប្រាកដជាមួយគាត់ នោះនាងខ្ញុំទុកពេលឲ្យបុរសផ្សេងចូលស្តីដណ្តឹងបាត់ទៅហើយ។ ដូចនេះនាងខ្ញុំរំពឹងថា មហាជនឈប់ឆ្ងល់ ហើយ លែងសួរនាំច្រើនតទៅទៀត »។
ចំពោះលោកឆឹម សក្កដាវិញ និយាយថា «បើនិយាយរឿងរៀបការគឺយើងមានលទ្ឋភាពគ្រប់គ្រាន់ ប៉ុន្តែយើងនៅមានចំណុចមួយចំនួនតូចដែលត្រូវបំពេញ ។ ពួកយើងមិនបានយកភាពក្លែងក្លាយមកបាំងមុខ ការពារឲ្យគេឃើញ ឆក់យកការទាក់ទាញអ្វីឡើយ ។ ចំណុចសំខាន់បើមើលលើសិល្បៈរៀមច្បងដូចជាបងគង់ សុជាតិនិងលោកជា វិបុល ឈ្វេងយល់ចិត្តគ្នាជិត១០ឆ្នាំ ទើបរៀបការ ។
ចំណែកខ្ញុំ៤ឆ្នាំប៉ុណ្ណោះ។ រឿងការជារឿងមួយសំខាន់ ការរស់នៅមួយជីវិត ហើយបើនិយាយពីរឿងយល់ចិត្តគ្នាមានច្រើន រាប់ទាំងពីម៉ោងណាទៅណា ដេកពួនអីដឹងទាំងអស់»៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ