រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៨នាក់ពាក់ព័ន្ធនឹងករណីជួញដូរថ្នាំញៀន ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាបបាននៅចំណុចផ្ទះលេខ ( បន្ទប់ជួលលេខ៥C ) ក្នុងភូមិឫស្សីទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ។
ជនសង្ស័យទាំង៨នាក់ខាងលើរួមមាន១-ឈ្មោះ ហ៊ួន ពិសីយ៉ាដា ភេទស្រី អាយុ២៩ឆ្នាំ ជាមុខសញ្ញាចែកចាយ ស្នាក់នៅបន្ទប់កើតហេតុ, ២-ឈ្មោះហួន ហាន់ណា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរអ្នករត់តុ ស្នាក់នៅបន្ទប់ជួលលេខ៤C ភូមិឫស្សីទី២ សង្កាត់ស្ទឹងមានជ័យទីបី, ៣-ឈ្មោះសាយ សុផាន់ណា ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិកន្ទោក ខណ្ឌសែនសុខ, ៤-ឈ្មោះលាង វាសនា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ។
៥-ឈ្មោះម៉ិន ពិសិដ្ឋ ភេទប្រុស អាយុ៣០ឆ្នាំ មុនរបរមិនពិតប្រាកដ ស្នាក់នៅភូមិឃ្មួញ ខណ្ឌសែនសុខ, ៦-ឈ្មោះម៉ក់ កក្កដា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងទង ស្នាក់នៅភូមិក្រសាំងលើ ស្រុកបន្ទាយមាស ខេត្តកំពត, ៧-ឈ្មោះលាង សុជា ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅ ភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យទី២ និង៨-ឈ្មោះហេង សារីម ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ។
មន្ត្រីអាវុធហត្ថបានអោយដឹងថា ដោយទទួលបានតម្រុយពីភ្នាក់ងារសម្ងាត់ ទើបកម្លាំងអាវុធហត្ថមូលដ្ឋាន រួមទាំងជំនាញបានបើកការស្រាវជ្រាវ រហូតឈានទៅចាប់ក្រុមជនសង្ស័យដល់ទីតាំងខាងលើតែម្តង ។
ក្នុងការបង្ក្រាបខាងលើនេះ កម្លាំងកងរាជអាវុធហត្ថបានធ្វើការដកហូតបានថ្នាំញៀនប្រភេទម្សៅសថ្លាចំនួន៣កញ្ចប់, ដាវ១ដើម, ទូរស័ព្ទដៃ៣គ្រឿង, ម៉ូតូ២គ្រឿង រួមទាំងវត្ថុតាងពាក់ព័ន្ធនឹងថ្នាំញៀនមួយចំនួនធំទៀតផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបញ្ជូនក្រុមជនសង្ស័យទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ