កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចជួបជាមួយក្រុមជម្រើសជាតិបារ៉ែន លើទីលានស្តាតអូឡាំពិកល្ងាចថ្ងៃទី ១០ កញ្ញា នេះ ដើម្បីជម្រុះទៅកាន់ World Cup 2022 បន្ទាប់ពីកម្ពុជាទាត់ស្មើជាមួយក្រុមជម្រើសជាតិហុងកុង ១ – ១ តែបានយកឈ្នះក្រុមប៉ាគីស្ថាន រហូតដល់ទៅ ២ ប្រកួតកន្លងមកហើយ ។ ហើយដែលក្រុម បារ៉ែន ទាត់ត្រឹមស្មើជាមួយនឹងក្រុម អ៊ីរ៉ាក់ តែប៉ុណ្ណោះ ។
លោក ម៉ៃឃើល សុវណ្ណ ពីភេសជ្ជៈប៉ូវកម្លាំង វើក (WURKZ) ដែលជាម្ចាស់ឧបត្ថម្ភការប្រកួតនេះបានមានប្រសាសន៍ថា «ខ្ញុំជឿថាក្រុមជម្រើសជាតិកម្ពុជាអាចមានលទ្ធភាពច្រើនក្នុងការផ្តួលក្រុមជម្រើសជាតិ បារ៉ែនដោយសារទម្រង់លេងក្រុមកម្ពុជា ពិតជាលេងបានល្អខ្លាំង និងពោរពេញដោយបច្ចេកទេសខ្ពស់ហើយល្បឿននៃការរត់ទាំងកីឡាករខ្សែរប្រយុទ្ធ និងខ្សែបម្រើពិតជាលឿនជាងពេលណាៗទាំងអស់បើតាមការសង្កេតឃើញនៅក្នុងការប្រកួតជាមួយក្រុមហុងកុង និង ប៉ាគីស្ថាន កន្លងមក» ។
លោកក៏ក្រើនរម្លឹកផងដែរថា បើទោះបីសមត្ថភាពក្រុមជម្រើសជាតិកម្ពុជាកំពុងកើនឡើងខ្លាំង កីឡាករកម្ពុជាក៏ត្រូវតែរក្សាឥរិយាបថប្រុងប្រយ័ត្នជានិច្ចនៅក្នុងការប្រកួតល្ងាចនេះ ព្រោះ បារ៉ែន ក៏មាន កីឡាករល្អៗពីអន្តរជាតិមួយចំនួនផងដែរក្រៅតែពីកីឡាករក្នុងស្រុករបស់ពួកគេ ។
លោកក៏សូមគោរពអញ្ជើញអ្នកគាំទ្របាល់ទាត់អោយចូលរួមទស្សនា និង ស្រែកហ៊ោអោយក្រុម កីឡាករទាំង ២ក្រុមក្នុងការប្រកួតល្ងាចនេះ ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ