រាជធានីភ្នំពេញ៖ អតីតបេក្ខនារីកម្មវិធីប្រឡងចម្រៀងខេមបូឌាអាយដល រដូលកាលទី៣ សោភា ទេពី បច្ចុប្បន្នកេរ្តិ៍ឈ្មោះក៏លូតឡើង ជីវភាពក៏ធូរធារ ជាក់ស្ដែង កាលពីពេល ថ្មីៗកន្លងមកតាមរយៈហ្វេសប៊ុក នាងបានបង្ហាញឲ្យឃើញរថយន្តស៊េរីថ្មី ស្រស់ប្រណីត ។
ភ្លាមៗក្រោយពេលបង្ហោះរូបនោះស្រាប់តែមានអ្នកលើកឡើងថាប្រហែលជាកាដូពីគូស្នេហ៍មានទ្រព្យស្ដុករបស់នាងហើយ ។ វាមិនខុសពីតារាស្រីផ្សេងទៀតដែលផ្តើមល្បីឈ្មោះប្រែប្រួលជីវភាពពីមួយថ្ងៃទៅមួយថ្ងៃមានលុយ ឡាន ផ្ទះថ្មី គ្រឿងប្រើប្រាស់ល្អៗ រមែងរងពាក្យថាមានឧកញ៉ា ឬប្រុសស្នេហ៍ទ្រព្យស្តុកទិញឲ្យផ្គាប់ចិត្តហើយ ។ សោភា ទេពី កាលពីថ្ងៃ៧ សីហា ឆ្នាំ២០១៩ គ្រាន់តែបង្ហោះរូបឈរបង្ហាញរថយន្តបានបន្តិចមក ក៏មានអ្នកខ្លះខមមិនថាប្រហែលជានាងមានអ្នកតាមស្រលាញ់ផ្ដល់ជូនដើម្បីទាក់ចិត្ត ខ្លះថាប្រុសស្នេហ៍អ្នកមានស្ដុកផ្ដល់ជូន ។
មិនពេញចិត្តនឹងមតិទាំងនោះ ស្រីស្អាតសោភា ទេពី ប្រញាប់បញ្ជាក់ថា រថយន្តតម្លៃជាង៦៦០០០ដុល្លាររបស់នាង គឺជាកាដូរបស់ម្ដាយ១០០ភាគរយ ដោយមិនមានបុរសណាម្នាក់ជះទិញឲ្យនាងទេ ។ ម្ដាយរបស់នាងចង់ឲ្យនាងសប្បាយចិត្ត និងដោយសារតែលួចសួរចិត្តនាង ដឹងថានាងស្រលាញ់រថយន្តស៊េរីហ្នឹងផង ទើបម្ដាយរបស់នាងទៅបញ្ជាទិញឲ្យ ស្ងាត់ៗ ហើយយកមកប្រគល់ឲ្យនាង ។
សោភា ទេពី សរសេរថា «ម្ដាយរបស់នាងខ្ញុំគឺជាអ្នកជំនួញធំដំគួរសមជាយូរមកហើយ ទើបត្រឹមលទ្ធភាពរថយន្តដែលបានកាដូឲ្យ គឺមិនចាំបាច់ដល់ថ្នាក់បុរសណាម្នាក់យកមកជះឲ្យទេ »។
រថយន្តថ្មីទំនើបនេះពិតជាធ្វើឲ្យសោភា ទេពី មានមុខមាត់ថែមមួយកម្រិតទៀតនៅក្នុងពិភពសិល្បៈ ស្របពេលដែលនាងកាន់តែមានការគាំទ្រខ្ពស់ តាំងពីបញ្ចប់ការប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោកនៅទូរទស្សន៍ហង្សមាសមក ។
សោភា ទេពី បញ្ជាក់រឿងស្នេហ៍ដែរថា នាងមិនទាន់ទទួលយកបុរសណាធ្វើជាគូគាប់ទេ សុំនៅទំនេរសិន ម្យ៉ាងឪពុកម្តាយនាងក៏មិនទាន់បើកឱកាសឲ្យគេចូលចែចូវដែរ ។ ដូច្នេះហើយនាងទុកពេលយកចិត្តទុកដាក់លើអាជីពសិល្បៈឲ្យកាន់តែលូតលាស់ឡើង ។
ក្រៅពីចេះច្រៀងបទសម័យ សោភា ទេពីក៏ចេះច្រៀងបទបុរាណដែរ ព្រោះនាងជាសិស្សសាលាវិចិត្រសិល្បៈ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ