រាជធានីភ្នំពេញ ៖ ហាងលក់ទូរស័ព្ទដៃមួយកន្លែងដែលបើកដំណើរការលក់បានរយៈពេល៧ខែមកហើយនោះ ត្រូវបានក្រុមជនសង្ស័យគាស់ទ្វារហាងចូលទៅធ្វើសកម្មភាពលួចប្រមូលយកទូរស័ព្ទថ្មីៗស៊េរីទំនើបៗអស់ជាច្រើនគ្រឿងដែលគិតជាទឹកប្រាក់ជាង៣ម៉ឺនដុល្លារ ខណៈពេលម្ចាស់កំពុងដេកលក់ដោយមិនដឹងខ្លួន។ ហើយអ្វីដែលជាការកត់សម្គាល់នោះគឺក្នុងហាងខាងលើមានបំពាក់កាមេរ៉ាសុវត្ថិភាពដែរ ប៉ុន្តែត្រូវក្រុមជនសង្ស័យចាប់កាច់ក្បាលកាមេរ៉ានោះសំយ៉ុងចុះមកក្រោម ទើបមិនបានចាប់ជាប់នូវសកម្មភាពរបស់ពួកគេឡើយ។
ហេតុការណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ នៅក្នុងហាងលក់ទូរស័ព្ទយីហោហ្គូតស្តរ «Good Store» ដែលមានទីតាំងស្ថិតនៅតាមផ្លូវវ៉េងស្រេង ហៅផ្លូវចោមចៅ ទល់មុខផ្សារកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ម្ចាស់ហាងរងគ្រោះឈ្មោះ គឹម សុខឡេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ទូរស័ព្ទ មានទីលំនៅក្បែរហាងកើតហេតុខាងលើ។
តាមប្រភពពីម្ចាស់ហាងរងគ្រោះបានឲ្យដឹងថា គាត់បើកហាងលក់ទូរស័ព្ទនៅចំណុចខាងលើ អស់រយៈពេល៧ខែមកហើយ នៅពេលថ្មីៗនេះ គាត់បាននាំចូលទូរស័ព្ទថ្មីស៊េរីថ្មីៗជាច្រើនគ្រឿងដែលមានតម្លៃជាង៣ម៉ឺនដុល្លារ និងទើបនឹងដាក់ចូលទូលក់ដោយបានបើកលក់ចាប់ពីម៉ោង៧និង៣០នាទីព្រឹក រហូតដល់ម៉ោង៧និង៣០នាទីយប់ ទើបបិទហាង។
តាមប្រភពដដែលបានបន្តថា នៅវេលាយប់ថ្ងៃទី៥ ខែសីហា ដល់ម៉ោងបិទហាង គាត់ក៏បានបិទទ្វារហាងហើយសម្រាក តែពុំមានបុគ្គលិក ឬនរណាម្នាក់ដេកនៅក្នុងហាងនោះឡើយ គឺគាត់បានដេកនៅក្នុងផ្ទះក្បែរហាងនោះ ហើយមិនបានដឹងថាក្រុមជនសង្ស័យចូលទៅធ្វើសកម្មភាពគាស់ទ្វារលួចយកទូរស័ព្ទអស់បែបនេះឡើយ។
ប្រភពដដែលបានបន្តទៀតថា លុះពេលពីភ្ញាក់ពីដំណេកនៅវេលាព្រឹកថ្ងៃទី៦ ខែសីហា គាត់បានធ្វើដំណើចេញពីផ្ទះដល់ហាង ស្រាប់តែឃើញទ្វាររបើក ពេលចូលទៅពិនិត្យមើលខាងក្នុងទូ ស្រាប់តែបាត់ទូរស័ព្ទអស់រលីង ទើបមានការភ្ញាក់ផ្អើលឆោឡោរាយការណ៍ជូននគរបាលឲ្យចុះទៅពិនិត្យមើលជាក់ស្តែង និងស្រាវជ្រាវរកមុខជនសង្ស័យទាំងនោះ ។ ចំណែកឯកាមេរ៉ាសុវត្ថិភាពចំនួន២គ្រាប់ដែលបំពាក់នៅក្នុងហាងនោះត្រូវបានក្រុមជនសង្ស័យកាច់ក្បាលសំយ៉ុងចុះក្រោម ខុសទម្រង់ដើម ទើបមិនអាចចាប់បានសកម្មភាពរបស់ពួកគេឡើយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមរកចាប់ខ្លួនមុខសញ្ញាជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ