ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ការ​គ្រប់គ្រង​សំរាម​តាម​រយៈ​ធុងសំរាម​កែ​ច្នៃ​» ជា​ប្រធានបទ​មួយ​នៃ​ទិវា​ថ្ងៃ​ទំនួល​ខុស​ត្រូវ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Pernod Ricard ជា​ក្រុមហ៊ុនស្រា​លំដាប់​ទី ២ លើ​ពិភពលោក​បាន​រៀបចំ​កម្មវិធី​បរិស្ថាន​មួយ​ដែល​ហៅ​ថា ទិវា​ថ្ងៃ​ទំនួល​ខុស​ត្រូវ (Responsib’All…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Pernod Ricard ជា​ក្រុមហ៊ុនស្រា​លំដាប់​ទី ២ លើ​ពិភពលោក​បាន​រៀបចំ​កម្មវិធី​បរិស្ថាន​មួយ​ដែល​ហៅ​ថា ទិវា​ថ្ងៃ​ទំនួល​ខុស​ត្រូវ (Responsib’All Day) ដោយ​កម្មវិធី​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៩ ។

នៅ​ក្នុងឆ្នាំនេះ​ដែរ ទិវា​ថ្ងៃ​ទំនួល​ខុស​ត្រូវ បាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ «​ការ​ផលិត និង​ប្រើប្រាស់​ដោយ​ការ​ទទួលខុសត្រូវ​» ដោយ​ផ្សា​ភ្ជាប់​គោល​ការ​ទី​១២ របស់​អង្គការសហប្រជាជាតិ​ដែល​ហៅ​ថា ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ដែល​ក្នុង​នោះ​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ៨៦ ទូ​ទាំង​ពិភពលោក ព្រមទាំង​បុគ្គលិក​ទាំងអស់​ប្រមាណ​ជាង ១៩០០០ នាក់ ចូលរួម​ចំណែក និង​ចែករំលែក​ចំណេះដឹង បរិស្ថាន ក៏​ដូច​ជា​សកម្មភាព និង​ការងារ​សង្គម​នានា​ទៅ​ដល់​មូលដ្ឋាន​សហគមន៍​របស់​ពួក​គេ​ជាដើម ។

ទន្ទឹម​នឹង​នេះ​ដែរ នៅ​ប្រទេស​កម្ពុជា ក្រុមហ៊ុន Pernod Ricard Cambodge Co Ltd បាន​រៀបចំ​សិក្ខាសាលា​ទិវា​ថ្ងៃ​ទំនួល​ខុស​ត្រូវ​មួយ​ក្រោម​ប្រធានបទ «​ការ​គ្រប់គ្រង​សំរាម​តាម​រយៈ​ធុងសំរាម​កែ​ច្នៃ​» នៅ​ថ្ងៃ​០៦ ខែមិថុនា ឆ្នាំ ២០១៩ នៅ​សណ្ឋាគារ Rosewood ដោយ​មាន​វត្តមាន និង​ការ​គាំទ្រ​ពី​ដៃគូ​ពាណិជ្ជកម្ម ។

យើង​ដឹង​ហើយ​ថា ទោះបីជា​ប្រជាជន​មានការ​យល់​ដឹង​ច្រើន​ចំពោះ​បញ្ហា​បរិស្ថាន​បើ​ប្រៀបធៀប​ពី​ឆ្នាំ​មុន​ៗ ជា​ពិសេស​ការ​ចោល​សំរាម ការ​គ្រប់​គ្រង់​សំរាម និង​ការ​បែងចែក​សំរាម​ជាដើម​ក៏​ដោយ ក៏​មានការ​ចោល​សំរាម​នៅ​តាម​កន្លែង​សាធារណៈ​មួយ​ចំនួន​នៅ​តែ​កើត​មាន​ឡើង ដូច្នេះ​ហើយ​យើង​ត្រូវ​តែ​ពង្រឹង​បន្ថែម​នូវ​ចំណេះដឹង​បរិស្ថាន​ទៅ​លើ​បញ្ហា​កាក​សំណល់​ជាដើម​នេះ​សំដៅ​ដល់​មូលដ្ឋាន​របស់​យើង ។

ក្រុមហ៊ុន Pernod Ricard Cambodge បាន​សហការ​ជាមួយ​សិប្បកម្ម​ធុងសំរាម​កែ​ច្នៃ (Eco-Bin) ក្នុង​ការ​ចែក​ជូន​ធុង​បរិស្ថាន​ចំនួន ៣ ប្រភេទ ដោយ​ធុងសំរាម​ប្រភេទ​ទី ១​សម្រាប់​សំរាម​ដប​ជ័រ និង​កំ​បុ័ង ធុងសំរាម​ប្រភេទ​ទី​២ សម្រាប់​កែវ និង​ធុងសំរាម​ទី ៣ សម្រាប់​សំរាម​ទូទៅ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ធុងសំរាម​បរិស្ថាន​ទាំងនោះ ធ្វើ​អំពី​កង់​ឡាន​ចាស់​ៗ​ដែល​ឈប់​ប្រើប្រាស់ ហើយ​យក​មក​កែ​ច្នៃ​ជា​វត្ថុធាតុដើម​ក្នុង​ការ​ផលិត ។ ក្រុមហ៊ុន​បាន​ចែក​ជូន​ទៅ​ដល់​២០​ទីតាំង​ដែល​ជា​ដៃគូ​សហ​ការណ៍​ពាណិជ្ជកម្ម​របស់​ខ្លួន​នៅ​ក្នុង​ក្រុងភ្នំពេញ ដែល​ទីតាំង​ទាំងនោះ សិ្ថ​ត​នៅ​តាម​តំបន់​ដូច​ជា ទួល​គោក កោះ​ពេជ្រ ផ្សារ​រាត្រី និង​បឹង​កេងកង​ជា ដើម ។

ក្រុមហ៊ុន Pernod Ricard Cambodge សង្ឃឹម​យ៉ាង​ខ្ពស់​ថា ប្រជាជន​កម្ពុជា​នឹង​យល់​ដឹង​បន្ថែម​មួយ​កម្រិត​ទៀត ពី​ចំណេះដឹង​បរិស្ថាន ក៏​ដូច​ជា​ការ​ចូលរួម​ថែរក្សា​បរិស្ថាន​របស់​យើង​ទាំងអស់​គ្នា ហើយ​ជា​ពិសេស​ក៏​លើកទឹកចិត្ត​ទៅ​ដល់​ការ​ប្រើប្រាស់​ផលិតផល​កែ​ច្នៃ​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត​ស្រប​តាម​គោល​ការ ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ឡើង​វិញ និង​ការ​កែ​ច្នៃ​ឡើង​វិញ ។

លោក Marc Rosales នាយក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន Pernod Ricard Cambodge មាន​ប្រសាសន៍​នៅ​ក្នុង​សិក្ខាសាលា​នេះ​ថា​៖ «​បុគ្គល​ម្នាក់​ៗ​មិន​ថា​មាន​តួនាទី​ជា​អី្វ គឺ​អាច​រួមចំណែក​ជា​វិជ្ជមាន​ចំពោះ​ការ​កាត់​បន្ថយ​ប្រើប្រាស់​វត្ថុធាតុដើម និង​ជំរុញ​ការ​កែ​ច្នៃ ។ ជា​មធ្យម​កាក​សំណល់​នៅ​ទូ​ទាំង​ពិភពលោក​មាន​ចំនួន ០,៧៤ គីឡូក្រាម​មក​ពី​ការ​ប្រើប្រាស់​របស់​បុគ្គល​ម្នាក់​ៗ​ក្នុង​មួយ​ថ្ងៃ ហើយ​ប្រទេស​ខ្លះ​មាន​ទៅ​ដល់ ៤ គីឡូក្រាម​ពី​ការ​ប្រើប្រាស់​របស់​មនុស្ស​ម្នាក់​ក្នុង​មួយ​ថ្ងៃ​។

លោក Alexandre RICARD ដែល​ជា​ប្រធាន និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Pernod Ricard ប្រចាំ​នៅ​ការិយាល័យ​កណ្តាល​នៅ​ទី​ក្រុងប៉ារីស​ប្រទេស​បារាំង​បាន​និយាយ​ថា «​យើង​មាន​បុគ្គលិក​ចំនួន ១៩០០០ នាក់​ដែល​ជា​អ្នកគាំទ្រ​យ៉ាង​ស្មោះស្ម័គ្រ និង​ជា​ភ្ញៀវ​កិត្តិយស​នៅ​លើ​ភព​ផែនដី​របស់​យើង ។ ការ​ចែករំលែក​ដ៏​មាន​តម្លៃ ការ​គោរព​សិទ្ធិ​រស់នៅ និង​ការ​លើកកម្ពស់​ការ​ប្រើប្រាស់​ដោយ​ទំនួល​ខុស​ត្រូវ នេះ​ជា​លក្ខខណ្ឌ​ទាំងអស់​ដែល​ប្រកបដោយ​ចីរភាព ។ ម្សិលមិញ​ថ្ងៃនេះ និង​ថ្ងៃស្អែក យើង​នឹង​បង្កើត​និរន្តរភាព​រយៈពេល​វែង​» ។

ដោយឡែក​ទាក់ទង​ទៅ​នឹង​ការ​គ្រប់គ្រង​កាក​សំណល់​នៅ​ប្រទេស​កម្ពុជា​វិញ​អ្នកស្រី សឿង សុ​ថា​រី ដែល​ជា​ម្ចាស់​សិប្បកម្ម​ធុង​បរិស្ថាន ហើយ​ដែល​បាន​ចូលរួម​នៅ​ក្នុង​សិក្ខា​សាល​នេះ​បានឱ្យ​ដឹង​ថា មនុស្ស​ភាគច្រើន​ជា​អ្នក​បង្កើត​កាក​សំណល់ ហើយ​មិន​បាន​គិតគូ​ពី​ផល​ប៉ះពាល់​នោះ​ទេ ។ កាក​សំណល់​ថង់​ប្លា​ស្ទិ​ក​ប៉ះពាល់​ខ្លាំង​ណាស់​ដែល​គ្រប់​គ្នា​តែងតែ​មើល​រំលង ។ អ្នកស្រី​បានឱ្យ​ដឹង​ទៀត​ថា កាក​សំណល់​ទាំងអស់​រួម​មាន ៖ កាក​សំណល់​សរីរាង្គ​, កាក​សំណល់​កែ​ឆ្នៃ​, កាក​សំណល់​ជាតិពុល និង​កាក​សំណល់​ពេទ្យ ។

ទោះជា​យ៉ាងណា​ក៏​ដោយ អ្នកស្រី​បានឱ្យ​ដឹង​ពី​គោលការណ៍​ដើម្បី​ទប់ស្កាត់​កាក​សំណល់​ផង​ដែរ ដែល​ក្នុង​នោះ​រួម​មាន​៖ ផ្ទះ​មួយ​ធុងសំរាម​មួយ​, ប្រើ​សំរាម​ដើម្បី​កាត់​បន្ថយ​សំរាម​, បង្កើត​ការ​យល់​ដឹង​អំពី​សារសំខាន់​នៃ​ការ​គ្រប់គ្រង​កាក​សំណល់​ឱ្យ​បាន​ត្រឹមត្រូវ​, បង្កើត​ក្រុម​ស្ម័គ្រចិត្ត​ក្នុង​ការ​ប្រមូល​សំរាម​, សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​ធ្វើ​យុទ្ធនាការ​អប់រំ​ការ​គ្រប់គ្រង​សំរាម​, បង្កើត​ច្បាប់​ផាកពិន័យ​ចំពោះ​បុគ្គល​ដែល​ចោល​សំរាម​ដោយ​គ្មាន​សណ្តាប់ធ្នាប់​នៅ​ទី​សាធារណៈ និង​បង្កើន​ប្រាក់​ចំណូល​សម្រាប់​កម្មករ​ប្រមូល​សំរាម​ក្នុងស្រុក​ជាដើម ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ