ខេត្តព្រៃវែង ៖ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១ មករា ២០១៩ នៅចំណុចភូមិត្រពាំងសេះ ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង មានជនសង្ស័យម្នាក់បានកាប់ទៅលើសមត្ថកិច្ច បណ្តាលឱ្យរងរបួស២នាក់ ហើយត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ។
ជនសង្ស័យខាងលើឈ្មោះ ហន់ ហា៑ង ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាង លើ ។ ចំណែកសមត្ថកិច្ច២នាក់ដែលរងគ្រោះរួមមាន ១-លោកអនុសេនីយ៍ទោ យី ថេត នាយរងប៉ុស្តិ៍ បានរងរងរបួសស្មាខាងឆ្វេង និង២-មន្ត្រីប៉ុស្តិ៍ឈ្មោះ ដៃ រស្មី បានរងរបួសកំភួនដៃខាងស្តាំ ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋបានទូរស័ព្ទមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ព្រាល ថា ឈ្មោះ ហន់ ហា៑ង បានដើររករឿងដេញកាប់គេឯងផ្អើលពេញភូមិ ។ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោក យី ថេត និងលោក ដៃ រស្មី បានធ្វើដំណើរទៅដល់កន្លែងកើតហេតុ ហើយក៏បានជួបនឹងជនសង្ស័យ ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពកាប់មកលើពួកគាត់ទាំង២នាក់ បណ្តាលអោយរងរបួសទាំង២នាក់តែម្តង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀច ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ