ខេត្តព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌ ខេត្តព្រះសីហនុ ដែលមានការសហការណ៍ជាមួយ នគរបាលមូលដ្ឋាន បានបើកការស៊ើបអង្កេតស្រាវជ្រាវ ឈានដល់ការបង្ក្រាបករណីចោរកម្ម (លួចកាច់សោកម៉ូតូ) មួយករណីនេះ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ និងដកហូតបានម៉ូតូចំនួន៤គ្រឿង កាលពីថ្ងៃទី១៨ វិច្ឆិកា នៅចំណុចបុរី គឹង សុខា ស្ថិតក្នុងក្រុម១៤ ភូមិ៣ សង្កាត់៣ ក្រុងខេត្តព្រះសីហនុ។
ជនសង្ស័យម្នាក់ឈ្មោះ អៀង គឹមសូរ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ១ សង្កាត់៣ ក្រុង.ខេត្តព្រះសីហនុ ( ជនដៃដល់)។ ២.ឈ្មោះ ហោ កុសល់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ជាងសំណង់ មានទីលំនៅ ភូមិត្រពាំងស្អុយ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ និង ៣.ឈ្មោះ ទី វ៉ាន់ដុង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ដឹកម្ហូបហាងចិន មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុង.ខេត្តព្រះសីហនុ (បក្ខពួកសមគំនិត)។ ចំណែកជនរងគ្រោះឈ្មោះ លុក សុថា ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិ១ សង្កាត់៣ ក្រុង.ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹង អំពើលួចកាច់កម៉ូខាងលើនេះ បង្កឡើងដោយជនសង្ស័យ៣នាក់ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាច់សោកម៉ូតូ ម៉ាក VISION ស៊េរីឆ្នាំ២០១៣ ពណ៌ខៀវ របស់ជនរងគ្រោះ ដែលចតទុកនៅមុខផ្ទះ រួចជិះរត់គេចខ្លួនបាត់។ ក្រោយកើតមានអំពើចោរលួចកាច់កម៉ូតូនោះ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ច ទើបសមត្ថកិច្ចសហការណ៍ឃាត់ខ្លួនសង្ស័យបាន ៣នាក់ខាងលើនេះ។ ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត តាមនីតិវិធី៕
ចែករំលែកព័តមាននេះ