ខេត្តកំពង់ស្ពឺ ៖ នារីបម្រើហាងខារ៉ាអូខេ និងភ្ញៀវស្ទាវៗ៧នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងថៅកែស្រីម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ចំណែកមេខ្លោងជួញដូរម្នាក់ទៀត ត្រូវជាកូនប្រុស បង្កើតម្ចាស់ផ្ទះសំណាក់ និងខារ៉ាអូខេ កំពុងរត់គេចខ្លួន សមត្ថកិច្ចក៏កំពុងស្រាវជ្រាវចាប់ខ្លួនដែរ។ ប្រតិបត្តិការនេះបានធ្វើនៅម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅផ្ទះសំណាក់ យីហោ ម៉ីម៉ី ស្ថិតក្នុងភូមិធម្មទ័យ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ។
ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាល ស្រុក បានឲ្យដឹងថា មុនឈានដល់បើកប្រតិបត្តិការនេះ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ដែលបានទិញថ្នាំញៀនពីកូនប្រុសម្ចាស់ផ្ទះសំណាក់ យីហោ ម៉ីម៉ី ហើយជិះម៉ូតូឌុបគ្នាចេញមកវិញ ដល់ផ្លូវលំ១កន្លែង ស្ថិតក្នុងភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ។ ប្រភពដដែលបន្តថា ជនសង្ស័យទី១-ឈ្មោះ ឃឹម ឃុយ ភេទប្រុស អាយុ២៥ឆ្នាំ,ទី២-ឈ្មោះ ផន វាសនា ភេទប្រុស អាយុ១៨ឆ្នាំ។ ពួកគេទាំង២នាក់ រស់នៅភូមិភ្លើងឆេះ ឃុំមានជ័យ ស្រុកឧដុង្គ។ ពេលសមត្ថកិច្ច ឆែកឆេរដកហូតបានម្សៅក្រាមពណ៌ស សង្ស័យគ្រឿងញៀនចំនួន២កញ្ចប់តូច និងទូរស័ព្ទដៃ១គ្រឿង។
ក្រោយសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀននេះបានទិញពីឈ្មោះ សេម យ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ត្រូវជាកូនប្រុសបង្កើតម្ចាស់ផ្ទះសំណាក់ និងខារ៉ាអូខេយីហោ ម៉ីម៉ី។ ក្រោយទទួលបាន ចម្លើយសារភាពនេះ លោកអធិការបានស្នើសុំយោបល់ពីលោក សម សាមួន ស្នងការនគរបាល ដើម្បីស្រាវជ្រាវរកមុខសញ្ញាជួញដូរគ្រឿងញៀន ត្រូវជាកូនម្ចាស់ផ្ទះខាងលើ។សមត្ថកិច្ចបន្តថា នៅពេលសមត្ថកិច្ចចុះឆែកឆេរ ជនសង្ស័យឈ្មោះ សេម យ៉ា ជាមេខ្លោងជួញដូរគ្រឿងញៀន បានរត់គេចខ្លួន តែសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន១៤នាក់ នាំ មកពិនិត្យរកសារធាតុញៀនដោយក្នុងនោះមានស្រីខារ៉ាអូខេ៨នាក់ និងម្នាក់ទៀតជាថៅកែ។
នៅពេលពិនិត្យសារធាតុញៀន មនុស្ស៨នាក់ លទ្ធផលវិជ្ជមាន និង៦នាក់អវិជ្ជមាន។ អ្នកមានសារធាតុញៀនទី១-ឈ្មោះនឿន ស្រីលក្ខណ៍ ភេទស្រី អាយុ២៦ឆ្នាំ,២.ឈ្មោះ សុខ ពេញ ភេទស្រី អាយុ២៥ឆ្នាំ ៣.ឈ្មោះ ឈិត ដា ភេទស្រី អាយុ៣០ឆ្នាំ។ អ្នកទាំង០៣ស្នាក់នៅផ្ទះឈ្មោះ សេម យ៉ា ខាងលើ។ ៤.ឈ្មោះ វ័យ សុខណា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិថ្មី ឃុំរុងរឿង ស្រុកថ្ពង។ ៥.ឈ្មោះធួក សេង ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ។ ៦.ឈ្មោះ ផន មិថុនា ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិរលាំងថ្លើង ឃុំរុងរឿង ស្រុកថ្ពង។ ៧.ឈ្មោះ សៀន ម៉ៅ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ។ ៨.ឈ្មោះ ហៀង ចាន់ ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិស្វាយ ឃុំមានជ័យ ស្រុកឧដុង្គ។
ចំណែកនារីខារ៉ាអូខេ៥នាក់ និងស្ត្រីថៅកែផ្ទះសំណាក់ឈ្មោះ អៀម ច្រឹប ភេទស្រី អាយុ៤៨ឆ្នាំ មិនមានសារធាតុញៀនទេ។ នៅពេលឆែកឆេរ សមត្ថកិច្ចដកហូតបានម៉ូតូ០៤គ្រឿង និងទូរសព្ទ័០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យសរុប១០នាក់ និងថៅកែម្នាក់ រួមទាំងវត្ថុតាង សមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញគ្រឿងញៀនខេត្តចាត់ការតាមនីតិវិធី។ ចំណែកឯជនសង្ស័យម្នាក់ឈ្មោះ សេម យ៉ា ជាមេខ្លោងជួញដូរគ្រឿងញៀន ត្រូវជាកូនប្រុសបង្កើតម្ចាស់ផ្ទះសំណាក់ និងខារ៉ាអូខេយីហោ ម៉ីម៉ី ដែលកំពុងរត់គេចខ្លួននោះ សមត្ថកិច្ចជំនាញកំពុងតាមប្រមាញ់ចាត់ការតាមក្រោយ៕
ចែករំលែកព័តមាននេះ