ខេត្តកំពង់ឆ្នាំង ៖ ឃាតកសម្លាប់ក្មេងស្រី២នាក់បងប្អូនបង្កើតរួចញាត់ក្នុងកេះ កាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ត្រូវបានសមត្ថកិច្ចចាប់បានហើយ និងបានយកទៅធ្វើត្រាប់តាម នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨នេះ ដោយមានប្រជាពលរដ្ឋ ចូលចោមមើលយ៉ាងច្រើនកុះករ។ តាមការឲ្យដឹងពីលោក ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលបន្ទុកការិយាល័យកណ្ដាលយុត្តិធម៌ បានឲ្យដឹងថា ជនដៃដល់ក្នុងអំពើឃាតកម្មយ៉ាងសាហាវយង់ឃ្នងនេះ មានឈ្មោះ ឆុំ ពយ ហៅផ្លយ តូចអាយុ២៣ ឆ្នាំ មានទីលំនៅភូមិឃុំជាមួយកុមារីរងគ្រោះ និងមានផ្ទះចម្ងាយពីគ្នាតែជាង៧០ម៉ែត្រប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា ជនដៃដល់ត្រូវជាបងប្អូនជីទួតមួយនឹងកុមាររីរងគ្រោះទៀតផង។ ប្រភពដដែលបានបន្តថា នៅយប់ថ្ងៃកើតហេតុមានយុវជនមួយក្រុមមានមនុស្សប្រមាណជិត១០នាក់ បាននាំគ្នាផឹកស៊ី នៅផ្ទះមួយផ្សេងទៀត ជិតផ្ទះកុមារីរងគ្រោះ។ លុះពេលផឹកស៊ីបានបញ្ចប់ អ្នកផឹកស៊ីបានបែកគ្នាទៅផ្ទះអស់ទៅ ពេលនោះជនដៃឈ្មោះ ឆុំ ពយ បានដើរសំដៅមកផ្ទះកុមារីរងគ្រោះ រួចឡើងទៅចាប់រំលោភក្មេងស្រីរងគ្រោះជាបងឈ្មោះ អ៊ុន លក្ខិណា អាយុ ១៤ រហូតបានសម្រេច។
ក្រោយពេលរំលោភក្មេងស្រីហើយ ជនដៃដល់បានគម្រាម មិនអោយក្មេងស្រីរងគ្រោះ ប្រាប់នរណាទេ តែក្មេងស្រីរងគ្រោះបាននិយាយថានឹងប្រាប់គេ ហើយប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន។ ស្របពេលនោះដែរ ក្មេងស្រីរងគ្រោះជាប្អូនឈ្មោះ ជន់ មេត្តា អាយុ៧ឆ្នាំ បានភ្ញាក់ហើយស្រែកយំ ពេលនោះ ជនដៃដល់បានវាយក្មេងរងគ្រោះជាប្អូនមួយដៃរហូតសន្លប់។ ហើយបន្ទាប់មកក៏វាយក្មេងស្រីរងគ្រោះជាបងរហូត ដល់សន្លប់ បន្ទាប់មកជនដៃដល់បានយកខ្នើយសង្កត់ខ្ទប់មុខក្មេងស្រីរងគ្រោះទាំងពីររហូតដល់ដាច់ខ្យល់ស្លាប់។
ក្រោយពីសម្លាប់ក្មេងស្រីរងគ្រោះទាំងពីរនាក់ហើយ ជនដៃដល់បានលើកសពក្មេងទាំងពីរដាក់ចូលកេះ ដាក់ខោអាវ របស់គ្រួសាររងគ្រោះ រួចខ្ទាស់គន្លឹះ និងដើរចេញទៅផ្ទះតែម្តង។ ក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់ សមត្ថកិច្ច ជនដៃដល់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ដើម្បីយកមកសាកសួរ តាមជំនាញ ទើបជនដៃដល់ព្រមសារភាព។ ជនដៃដល់ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូន ទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។
សូមរំលឹកថា កុមារីរងគ្រោះ២នាក់បងប្អូន ត្រូវបានឪពុកម្តាយទៅធ្វើការ នៅស្រុកឆ្ងាយ ដោយក្នុងនោះឪពុកឈ្មោះ ប្រាក់ ជា ទៅធ្វើការនៅប្រទេសថៃ ម្តាយឈ្មោះ អុល ធីតា ទៅធ្វើការនៅភ្នំពេញ ដោយចោលកូនទាំងពីរនាក់ឲ្យយនៅចាំផ្ទះ ដោយគ្រាន់តែផ្តាំផ្ញើឪពុកមា ម្តាយមីង ឲ្យជួយមើលប៉ុណ្ណោះ។ នៅយប់កើតហេតុថ្ងៃទី១៧ ខែតុលា កុមារីរងគ្រោះទាំងពីរនាក់ត្រូវជនដៃដល់ រំលោភក្មេងស្រីជាបង ហើយបែកការណ៍ក៏បានសម្លាប់ទាំងពីរនាក់បំបិទមាត់តែម្តង៕
ចែករំលែកព័តមាននេះ