ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​សាលក្រម​ផ្ដន្ទាទោស​អតីត​ឧកញ៉ា ហូរ ចំរើន ដាក់​ពន្ធនាគារ​១៨​ខែ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ តុលា ២០១៨​នេះ បាន​ប្រកាស​សាលក្រម​សម្រេច ផ្ដន្ទាទោស​អតីត​ឧកញ៉ា ហូរ ចំរើន…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ តុលា ២០១៨​នេះ បាន​ប្រកាស​សាលក្រម​សម្រេច ផ្ដន្ទាទោស​អតីត​ឧកញ៉ា ហូរ ចំរើន ដាក់​ពន្ធនាគារ​១៨​ខែ ក្រោម​ការ​ចោទប្រកាន់​ពី​បទ គំរាមកំហែង​ថា​នឹង​សម្លាប់ តាម​មាត្រា​២៣៣ នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​ករណី​ផ្ទុះអាវុធ នា​ល្ងាច​ថ្ងៃ​ទី​២១ មេ​សា នៅ​ក្នុងផ្ទះ​លេខ​២៧៣ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ សាលក្រម​បាន​បើកផ្លូវ​ទុក​ឲ្យ​ជនជាប់ចោទ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់​។ ក្រោយ​សាលក្រម​នេះ បាន​ប្រកាស​ចប់ ចៅក្រម​ជំនុំជម្រះ​បាន​បង្គាប់​ទៅ​អនុរក្ស​ពន្ធនាគារ​នាំ​ខ្លួន​លោក ហូរ ចំរើន ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​វិញ ដោយ​រង់ចាំ​អនុវត្ត​ទោស​តាម​សាលក្រម​នេះ បើសិន​គ្មាន​បណ្តឹងឧទ្ធរណ៍​នោះ​ទេ​។

គួរ​រំ​ឮ​កថា អតីត​ឧកញ៉ា ហូរ ចំរើន ជាប់ចោទ​ពី​បទ​គំរាមកំហែង​ថា​នឹង​សម្លាប់ ពាក់ព័ន្ធ​នឹង ការ​ផ្ទុះអាវុធ​កាលពី​ថ្ងៃ​ទី​២១ មេ​សា ឆ្នាំ​២០១៨ ប៉ុន្តែ​ក្នុង​សវនាការ លោក ហូរ ចំរើន បាន​បដិសេធ​ថា​ខ្លួន​មិន​បាន​ផ្ទុះ​នោះ​ទេ ហើយ​ថា​ថ្ងៃ​កើតហេតុ​ក៏​ខ្លួន​មិន​បានដឹង​ដែរ​។ នៅ​វេលា​ម៉ោង​ប្រហែល​៣ រសៀល ពេល​លោក​មក​ដល់​ផ្ទះ ក៏​មិនឃើញ​មានរឿង​អី​ដែរ ស្រាប់តែ​បន្តិច​ក្រោយមក បានឃើញ​ព័ត៌មាន​ចុះ​ផ្សាយ ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​កថា លោក​បាន​ប្រើប្រាស់​កាំភ្លើងខ្លី​បាញ់​គំរាម​ម្ដាយក្មេក និង​ប្រពន្ធ​កូន ឃើញ​ដូច្នោះ​លោក​ក៏​បាន​យក​កាំភ្លើងខ្លី​នោះ ទៅ​ប្រគល់​ឲ្យ​អង្គភាព​វិញ ហើយ​ក៏​បាន​បកស្រាយ​តាម​ទូរទស្សន៍​ក្នុងស្រុក បញ្ជាក់​ថា ពុំ​មាន​ករណី​ផ្ទុះអាវុធ​នៅ​ក្នុងផ្ទះ​របស់​លោក​ទេ​។

គួរ​រំ​ឮ​ក​ទៀត​ថា រាល់ពេល​សវនាការ គេ​តែង​បានឃើញ​ប្រពន្ធ និង ម្ដាយក្មេក​លោក​ឧកញ៉ា ហូរ ចំរើន ចូលរួម​ធ្វើ​ជា​សាក្សីដោះបន្ទុក​ជនជាប់ចោទ រួម​ទាំង​នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់ ព្រៃ​ស​ផង​ដែរ​។ សាក្សីដោះបន្ទុក​ទាំងនោះ បាន​បញ្ជាក់​ចម្លើយ​ប្រហាក់ប្រហែល​គ្នា​ថា នៅ​ថ្ងៃ​ដែល​ថា​កើតហេតុ​នោះ គឺ​គេ​មិន​បានឮ​ស្នូរ​ផ្ទុះអាវុធ​ដូចដែល​ព័ត៌មាន​ចុះ​ផ្សាយ​នោះ​ទេ ហើយ​នៅផ្ទះ​នោះ​ក៏​គ្មាន​ហេតុការណ៍​អ្វី​កើតឡើង​ដែរ​។ បើ​ទោះបី​ជនជាប់ចោទ និង​សាក្សី​បាន​បដិសេធ នៅ​ក្នុង​សវនាការ​យ៉ាងណា​ក្តី តាម​ពាក្យបណ្ដឹង​របស់​ស្នងការដ្ឋាន​ស្រាវជ្រាវ សន្តិសុខ នៃ​កង​អង្គរក្ស​បាន​បង្ហាញ​ថា លោក ហូរ ចំរើន ពិតជា​បាន​ផ្ទុះអាវុធ​បង្ក​សំឡេង​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង ថែម​ទាំង​គេចវេស​មិន​ចូល​អង្គភាព​ទៀត​ផង​។

ពាក្យបណ្តឹង​ឲ្យ​ដឹង​ទៀត​ថា អតីត​ឧកញ៉ា ហូរ ចំរើន មាន​បញ្ហា​វិវាទ​ក្នុង​ការ រកស៊ី​ទិញ​លក់​ដីធ្លី ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រៅ​ស្រុក​ទៀត ដែល​នោះ​ជា​បញ្ហា​របស់​បុគ្គល និង បុគ្គល​ត្រូវ​ដោះស្រាយ​តាម​ផ្លូវ​តុលាការ​ទេ​។ ក្រោយ​ចប់​ការ​សាកសួរ​ដេញដោល លើ​ជនជាប់ចោទ និង សាក្សី​ដាក់បន្ទុក​ដោះ​បន្ទុក​រួច​ហើយ លោក ស៊ិ​ន វិ​រៈ ព្រះរាជអាជ្ញា​រង និង​ជា​តំណាង​អយ្យការ​ក្នុង​សំណុំរឿង​ក្តី​នេះ បាន​ធ្វើ​សេចក្ដីសន្និដ្ឋាន និង​បញ្ជាក់​ថា ពិតជា​មានការ​ផ្ទុះអាវុធ​នៅ​ក្នុងផ្ទះ​លោក ហូរ ចំរើន ដោយ​ផ្ដើម​ចេញពី​ជម្លោះ​ប្ដី​ប្រពន្ធ​នោះ​មែន ហើយ​តំណាង​អយ្យការ នៅ​តែ​ស្នើ​ឲ្យ​សុំ​ទៅ​ចៅក្រម​ជំនុំជម្រះ​ឲ្យ​សម្រេច​តាម​ផ្លូវច្បាប់។

ដោយ​យោង​លើ​ពាក្យបណ្តឹង និង​ការ​សន្និដ្ឋាន​ចោទ​ពី​សំណាក់​តំណាង​អយ្យការ លោក លាង សំណាត់ ចៅក្រម​ជំនុំជម្រះ​បាន​បាន​ផ្អាក​សវនាការ ថយ​ទៅ​ពិចារណា​រយៈពេល​១៥ នាទី បន្ទាប់​មក​បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស លើ​ជនជាប់ចោទ​អតីត​ឧកញ៉ា ហូរ ចំរើន ដាក់​ពន្ធនាគារ​កំណត់​១៨​ខែ (១​ឆ្នាំ​កន្លះ​) ពី​បទ​គំរាមកំហែង​ថា និង​សម្លាប់ តាម​មាត្រា​២៣៣ នៃ​ក្រមព្រហ្មទណ្ឌ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ