រាជធានីភ្នំពេញ ៖ បុរសវ័យ៤៤ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ផ្កាប់មុខទាំងអាក្រាតកាយនៅលើគ្រែពូកក្នុងផ្ទះសំណាក់យីហោ បេ9 ដោយសារតែជំងឺគាំងបេះដូងក្រោយពីរូបគាត់បានជិះម៉ូតូមួយគ្រឿងឌុបនារីវ័យក្មេងម្នាក់ចូលមកស្នាក់នៅមួយរយៈពេលខ្លី និងទាល់តែនាងចេញទៅវិញបាត់ហើយបុគ្គលិកឡើងទៅមើលទើបបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើង ។
ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៣ ខែ កញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់យីហោ បេ9 ផ្ទះលេខ៤៣ ផ្លូវលេខ៨៦ (ខាងកើតវិហាឥស្លាមបឹងកក់) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមប្រភពពីនគរបាលបានប្រាប់ឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ជំ ពៅ អាយុ៤៤ឆ្នាំ ស្នាក់នៅផ្ទះលេខ១១៥ ផ្លូវលេខ១១០ ភូមិព្រែកតារ័ត្ន ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ។
មុនពេលកើតហេតុកាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ បុរសរងគ្រោះបានជិះម៉ូតូម៉ាកហុងដា C125 ពាក់ផ្លាកលេខ ភ្នំពេញ ១GD-៤៣៥៥ មួយគ្រឿង ដែលមានដឹកនារីវ័យក្មេងម្នាក់ចូលមកជួលបន្ទប់ផ្ទះសំណាក់ខាងលើដោយបានមកជួលស្នាក់នៅ ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា មួយសន្ទុះក្រោយមកក៏ស្រាប់តែគេបានឃើញនារីវ័យក្មេងម្នាក់នោះបានចុះ និងចេញទៅវិញបាត់ដោយបានបន្សល់ទុកតែបុរសជាជនរងគ្រោះស្នាក់នៅម្នាក់ឯងនៅក្នុងបន្ទប់ផ្ទះសំណាក់ប៉ុណ្ណោះ ។
ក្រោយពីស្ត្រីវ័យក្មេងម្នាក់នោះចេញទៅបាត់រួចហើយដោយមានការសង្ស័យទើបបុគ្គលិកបានឡើងទៅមើលនៅក្នុងបន្ទប់ខាងលើក៏បានប្រទះឃើញបុរសម្នាក់នោះដេកស្លាប់ផ្កាប់មុខនៅលើគ្រែពូក ដោយអាក្រាតកាយទើបបង្កអោយមានការភ្ញាក់ផ្អើលកើតឡើង និងរាយការណ៍ប្រាប់កម្លាំងមានសមត្ថកិច្ចមូលដ្ឋានឱ្យបានដឹងពីរឿងនេះ ។
ក្រោយពេលកើតហេតុកម្លាំងមានសមត្ថកិច្ចខណ្ឌដូនពេញ និងកម្លាំងជំនាញកោសល្យវិច្ច័យក៏បានចុះមកធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ និងកោសល្យវិច្ច័យទៅលើសាកសពរបស់បុរសរងគ្រោះបានឃើញថា បុរសរងគ្រោះបានស្លាប់ដោយជំងឺគាំងបេះដូង និងទំនងជារូបគាត់បានប្រើប្រាស់ថ្នាំបំប៉នផ្លូវភេទផងដែរទើបបណ្តាលឱ្យស្លាប់បែបនេះ ទើបដឹកយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណីផងដែរ ៕
ចែករំលែកព័តមាននេះ