រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ កាលពីរសៀលថ្ងៃទី៥ កក្កដានេះ ត្រូវបានចាត់បញ្ជូនមន្ត្រីយោធាម្នាក់ ដែលពាក់ព័ន្ធប្រើកាំភ្លើង វាយក្បាលអ្នកលក់ប្រហិតបណ្ដាលឱ្យរងរបួស ដើម្បីជូនតំណាងអយ្យការ នៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ដែលសំណុំរឿងនោះ បានស្ថិតនៅដៃលោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងធ្វើការសាកសួរ។
ជនសង្ស័យឈ្មោះ នួន ប៉ូ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរជាមន្ត្រីយោធា ស្នាក់នៅផ្ទះលេខ៥៩Q ផ្លូវ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ ជនរងគ្រោះក្នុងហេតុការណ៍នោះឈ្មោះ យ៉ែម វណ្ណៈ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់ប្រហិត ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិគោកឃ្លៀង សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ របួសដៃខាងស្តាំ និងរបួសលើក្បាល ត្រង់សៀតផ្កាខាងឆ្វេង។
គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើង កាលពីយប់ថ្ងៃទី២ សីហា នៅចំណុចតាមផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ។ ថ្ងៃកើតហេតុ ឈ្មោះ សៅ ចាន់ធី បានបើករថយន្តរបស់ខ្លួនម៉ាក កាមរីបាឡែនរបស់ខ្លួន ដល់ចំណុចខាងលើ បានជ្រុលទៅបុកជាមួយរ៉ឺម៉កម៉ូតូលក់ប្រហិតរបស់ឈ្មោះ យ៉ែម វណ្ណៈ។ ពេលរថយន្តបុករ៉ឺម៉កម៉ូតូលក់ប្រហិតហើយ ឈ្មោះ សៅ ចាន់ធី មិនបានឈប់រថយន្ត ដើម្បីធ្វើការដោះស្រាយ ជាមួយអ្នកលក់ប្រហិតទេ ភ្លាមនោះអ្នកលក់ប្រហិតបានយកដុំថ្ម គប់ទៅលើរថយន្តរបស់ឈ្មោះ សៅ ចាន់ធី បណ្តាឱ្យបែកញ្ចក់ខាងស្តាំ និងបានផ្លាតទៅត្រូវរថយន្ត ម៉ាកព្រូស របស់ជនសង្ស័យឈ្មោះ នួន ប៉ូ។
ភ្លាមនោះជនសង្ស័យឈ្មោះ នួន ប៉ូ បានទាញយកកាំភ្លើងខ្លី ម៉ាកP08 ចេញពីក្នុងឡានរបស់ខ្លួន ហើយស្ទុះទៅវាយលើជនរងគ្រោះ យ៉ែម វណ្ណៈ បណ្តាលឱ្បត្រូវក្បាល និងសៀតផ្កាខាងឆ្វេង។ បន្ទាប់មកសមត្ថកិច្ចក៏ចុះទៅដល់កន្លែងកើតហេតុ និង បានធ្វើការនាំខ្លួន ជនសង្ស័យឈ្មោះ នួន ប៉ូ ទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ ក្រោយពីសាកសួរហើយ សមត្ថកិច្ចបានរាយការណ៍ទៅស្ថាប័នអយ្យការ ដើម្បីសុំការសម្រេច ពេលនោះ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ តម្រូវឲ្យសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ នួន ប៉ូ បញ្ជូនទៅតុលាការតាមនីតិវិធី។
នៅល្ងាចថ្ងៃទី៥ សីហា តំណាងអយ្យការបានធ្វើការសាកសួរ ជនត្រូវចប់សព្វគ្រប់ហើយ ប៉ុន្តែមិនទាន់បានសម្រេចធ្វើការចោទប្រកាន់ឈ្មោះ នួន ប៉ូ នៅឡើយទេ ដូច្នោះជនសង្ស័យត្រូវបានធ្វើទៅសមត្ថកិច្ចគ្រប់គ្រងបណ្តោះអាសន្នវិញ និងតម្រូវឲ្យបញ្ជូនទៅព្រឹកថ្ងៃទី៦ សីហា ទៀត ដើម្បីចាត់បញ្ជូនទៅចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន ឬមិនឃុំខ្លួនអាស្រ័យលើអង្គហេតុ នៃ បទល្មើស៕
https://youtu.be/Y1VvfrehzJM
ចែករំលែកព័តមាននេះ