ខេត្តតាកែវ ៖ រមណីយដ្ឋានទន្លេបាទីស្ថិតនៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ចម្ងាយប្រមាណ៣០គីឡូម៉ែត្រភាគខាងត្បូងរាជធានីភ្នំពេញ ។ ក្រៅពីជាទីកម្សាន្តលើផ្ទៃទឹកកៀកនឹងរាជធានី ទន្លេបាទីក៏ជាកន្លែងគោរពសក្ការមួយដ៏ពិសិដ្ឋ ។
នៅទន្លេបាទីមានប្រាសាទបុរាណពីរគឺប្រាសាទតាព្រហ្ម និងប្រាសាទយាយពៅដែលបានកសាងឡើងនៅចុងសតវត្សរ៍ទី១២ ដើមសតវត្សរ៍ទី១៣ក្នុងរជ្ជកាលព្រះបាទជយវរ្ម័នទី៧ ។ អ្នកធ្វើដំណើរកម្សាន្តនឹងមិនភ្លេចចូលទស្សនាប្រាសាទដែលជាកេរដំណែលដូនតាខ្មែរឡើយមុនពេលធ្វើដំណើរទៅកម្សាន្ត និងទទួលទានអាហារលើផ្ទៃទឹក ។ ភ្ញៀវទេសចរពេលទៅលេងរមណីយដ្ឋានទន្លេបាទី មិនបារម្ភអ្នកលក់កោរទេព្រោះតម្លៃមុខម្ហូបទាំងអស់ត្រូវបានសហគមន៍ជាអ្នកគ្រប់គ្រងមិនឲ្យភ្ញៀវទេសចរថ្នាំងថ្នាក់ ឬមិនសប្បាយចិត្តឡើយ ។
លោកតាម្នាក់សុំមិនឲ្យបញ្ចេញឈ្មោះដែលជាអ្នកឈរចាំយកលុយរថយន្តគ្រប់ប្រភេទចូលកម្សាន្តនៅរមណីយដ្ឋានទន្លេបាទី កាលពីពេល ថ្មីៗកន្លងមកឲ្យដឹងថា រមណីយដ្ឋានទន្លេបាទីនាពេលបច្ចុប្បន្ននេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហគមន៍ ហើយក្នុងរថយន្តមួយគ្រឿងដែលចូលកម្សាន្តត្រូវបង់លុយចំនួន៣០០០រៀល រីឯតម្កៃម្ហូបទាំងអស់ត្រូវសហគមន៍ជាអ្នកគ្រប់គ្រង ។ តម្លៃតូបអង្គុយលេងក៏មានកំណត់តម្លៃច្បាស់លាស់ផងដែរ ។
អ្នកស្រីនី យ៉ា វ័យជា៥០ឆ្នាំ រស់នៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ជាអ្នកលក់មាន់បំពង ត្រីអណ្តែង ត្រីរ៉ស់ នៅរមណីយដ្ឋានទន្លេបាទីអស់រយៈជាង២០ឆ្នាំមកហើយបាននិយាយថា អាជ្ញាធរខេត្តតាកែវដកសិទ្ធិធ្វើវិនិយោគរមណីយដ្ឋានទន្លេបាទីពីឈ្មួញ ហើយបានប្រគល់ឲ្យមកសហគមន៍ឃុំក្រាំងធ្នង់ជាអ្នកគ្រប់គ្រងវិញ ធ្វើឲ្យប្រជាពលរដ្ឋសប្បាយរីករាយ និងបានចែករំលែកគ្នាសាងសង់តូបតាមមាត់បឹងទន្លេបាទី ។ អ្នកខ្លះទៀតតាំងលក់គ្រឿងហូបចុក ។
រមណីយដ្ឋានទន្លេបាទីបច្ចុប្បន្នសំបូរភ្ញៀវជាតិ និងអន្តរជាតិទៅកម្សាន្ត តែថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ បើថ្ងៃធម្មតាមិនសូវមានមនុស្សទេ រីឯការលក់ដូរក៏ប្រឈមទៅតាមនោះដែរ ។ មានថ្ងៃខ្លះក្នុងមួយថ្ងៃលក់មាន់មិនបានមួយក្បាលផង ។ តម្លៃមាន់ស្រែមួយតម្លៃ៣៥០០០រៀល ចំណែកមាន់បីសាសន៍តម្លៃ១៨០០០រៀល ត្រីរ៉ស់ ត្រីអណ្តែង តម្លៃពី៧០០០រៀលទៅ៨០០០រៀង រីឯតូបអង្គុយកម្សាន្តតម្លៃ១មុឺនរៀល ។
អ្នកស្រីនី យ៉ា បញ្ជាក់ថា កាលពីឈ្មួញវិនិយោគរមណីយដ្ឋានទន្លេបាទី ពួកគេមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋរស់នៅក្បែររមណីយដ្ឋានប្រកបរបរលក់ដូរជូនភ្ញៀវដែលទៅកម្សាន្តរមណីយដ្ឋានទន្លេបាទីទេ តែបើយើងរត់ចាប់ម៉ូយយកមកបានដាក់ក្នុងតូបម្ចាស់វិនិយោគគេនឹងឲ្យកម្រៃជើងសា ថ្ងៃខ្លះរកមិនបានភ្ញៀវម្នាក់ទេ តែពេលនេះគ្រាន់បើជាមុនឆ្ងាយណាស់ ។
អ្នកស្រីសំ សារ៉ា លក់ជ្រក់គ្រប់មុខឲ្យដឹងថា អ្នកស្រីប្រកបមុខរបរលក់ជ្រក់ម្ទេស ជ្រក់ត្រសក់ ជ្រក់មមាញ ជ្រក់សណ្តែកបណ្តុះ នៅរមណីយដ្ឋានទន្លេបាទីអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ គាត់លក់ដាច់ណាស់ ហើយអតិថិជននិយមហូបជ្រក់ដែលធ្វើពីដៃរបស់គាត់ ។ មុខរបរលក់ជ្រក់នេះបានធ្វើឲ្យជីវភាពក្នុងគ្រួសារបានធូរធារមួយកម្រិត គឺពេលថ្ងៃសៅរ៍ និងថ្ងៃអាទិត្យគាត់លក់នៅរមណីយដ្ឋានទន្លេបាទី ហើយថ្ងៃធម្មតាគាត់លក់នៅផ្ទះក្នុងមួយខែយ៉ាងតិចណាស់ក៏សល់លុយពី៣០០ដុល្លារទៅ៤០០ដុល្លារដែរ ។ សហគមន៍បានយកលុយបង់ថ្លៃលក់ដូរក្នុងរមណីយដ្ឋានតែថ្ងៃបុណ្យទានប៉ុណ្ណោះ ដូច្នេះទើបគាត់អាចសល់លុយពីការលក់ជ្រក់ផ្គត់ផ្គង់គ្រួសារ ។
លោកកុយ យ៉ន ជាអ្នកហៅភ្ញៀវដាក់តូបអង្គុយកម្សាន្ត បានត្អូញត្អែរថា ក្នុងមួយសប្តាហ៍មានតែមួយថ្ងៃប៉ុណ្ណោះគឺថ្ងៃអាទិត្យមានភ្ញៀវច្រើនបង្គួរដែលនាំគ្នាទៅជួលតូបអង្គុយហូបបាយ និងជជែកគ្នាលេង ពេលខ្លះគាត់បានពីរបីម៉ូយ ពេលខ្លះអត់តែម្តង ដោយសារមិនអាចឈ្នះ ក្មេងៗដែលមានម៉ូតូ ហើយឈប់ចាំហៅភ្ញៀវនៅច្រកចូលរមណីយដ្ឋាន ។ បញ្ហានេះគាត់នៅពេលសហគមន៍បើកកិច្ចប្រជុំគាត់នឹងសុំឲ្យសហគមន៍លុបបំបាត់ភាពអនាធិបតេយ្យចំពោះក្រុមបើកម៉ូតូដេញតាមហៅរថយន្តភ្ញៀវ ។ ណាមួយចាប់ពីរមណីយដ្ឋានទន្លេបាទីក្រោមការគ្រប់គ្រងរបស់សហគមន៍មកមិនមានការអភិវឌ្ឍទេ ជាពិសេសសួនច្បារស្មៅដុះពេញ ។ ទាំងនេះហើយធ្វើឲ្យភ្ញៀវជាតិ និងអន្តរជាតិថយចុះពីមួយថ្ងៃទៅមួយថ្ងៃ ។
លោកកែវ និមល ជាអ្នកទេសចរបាននាំគ្រួសារតាមរថយន្តទៅកម្សាន្តនៅរមណីយដ្ឋានទន្លេបាទីបានលើកឡើងថា រមណីយដ្ឋានទន្លេបាទី នាពេលបច្ចុប្បន្នដែលគ្រប់គ្រងដោយសហគមន៍មើលទៅដូចជាគ្មានការរីកច្រើនទៅមុខសោះ។ ចាប់ពីផ្លូវចូលរមណីយដ្ឋានឃើញចាក់ក្រួស ហើយឆ្លងកាត់មុខប្រាសាទតាព្រហ្មឃើញបរិស្ថានល្អគ្រាន់បើ តែសួនច្បារស្មៅដុះបណ្តោយឲ្យគោស៊ី។ ម្យ៉ាងគ្មានកសាងរូបចម្លាក់អ្វីឡើយសម្រាប់ការបង្អួតភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។
មិនដឹងថា តើការកសាងសួនច្បារក្នុងរមណីយដ្ឋាន ផ្នែកខាងណាជាអ្នកទទួលខុសត្រូវឡើយ ។ ក្រសួងទេសចរណ៍តែងតែក្រើនរំលឹកដល់មន្ទីរទេសចរណ៍តាមបណ្តាខេត្តនានាត្រូវតែយកចិត្តទុកដាក់អភិវឌ្ឍតំបន់ទេសចរណ៍ក្នុងដែនដីរបស់ខ្លួនដែលមានស្រាប់ឲ្យកាន់តែរីកចម្រើន ទាក់ទាញឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្ត ក៏ដូចជាការលើកមុខមាត់ខេត្តរបស់ខ្លួនដើម្បីឈានទៅដល់ការប្រឡងប្រណាំងទូទាំងប្រទេស ។
បឹងទន្លេបាទី ជាបឹងធម្មជាតិមួយដែលមានបណ្តោយប្រវែង៧ពាន់ម៉ែត្រ ទទឹងប្រវែងប្រហែលមួយពាន់ម៉ែត្រទៅមួយពាន់ប្រាំរយម៉ែត្រ នៅរដូវវស្សាទឹកមានកម្ពស់២ទៅ៣កន្លះ នៅរដូវប្រាំងទឹកអាចស្រកចុះមកនៅត្រឹម១ម៉ែត្រទៅ២ម៉ែត្រកន្លះ ។ អាស្រ័យដោយមានរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ មានប្រាសាទប្រកបដោយក្បូរក្បាច់ រូបចម្លាក់រស់រវើកតាំងពីសម័យបុរាណ អារាមសាសនាដ៏រុងរឿង និងធម្មជាតិដ៏ត្រកាលបានទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិទៅកម្សាន្ត ។ ជាពិសេសពេលមានពិធីបុណ្យទានប្រពៃណីជាតិម្តងៗក៏ដូចជាបុណ្យជាតិផ្សេងៗ មានអ្នកទេសចរច្រើនទៅលេងកម្សាន្ត ៕
ចែករំលែកព័តមាននេះ