រាជធានីភ្នំពេញ ៖ ស្ត្រី២នាក់បានសាងស្នេហ៍ និងរស់នៅជាមួយគ្នាជាប្ដីប្រពន្ធក្រោមដំបូលផ្ទះតែមួយ តែក្រុមគ្រួសារខាងតួអង្គស្រីមិនពេញចិត្ត និងជំទាស់អស់រយៈពេល៧ឆ្នាំមកហើយ។ ប៉ុន្តែទោះជាបែបនេះក្ដី អ្នកទាំង២មិនបានខ្វល់អ្វីទាំងអស់ ពួកគេបានស្រឡាញ់គ្នាស្អិតល្មួត ចាក់ទឹកមិនលេច និងមើលថែគ្នាទៅវិញទៅមកដូចជាប្ដីប្រពន្ធផ្ទុយភេទដូច្នោះដែរ។ លុះពេលចុងក្រោយនេះ ដោយសារតែខ្មាស់អ្នកជិតខាងមានកូនស្រីនឹងគេដែរ បែរជាជាយកប្ដី ស្រីដូចគ្នា ម្យ៉ាងឪពុកម្ដាយចង់ឲ្យកូនស្រីមានប្ដីជាមនុស្សប្រុស មានអនាគតនោះ ទើបនាំគ្នាទៅហៅកូនស្រីឲ្យ ត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែខណៈនោះកូនស្រីមិនព្រមទៅតាមសម្រួលទើបនាំគ្នាចាប់សែងលើកដាក់បញ្ចូល ក្នុងរថយន្តតែម្ដង រួចបើកចេញទៅផ្ទះនៅខេត្តកំពង់ស្ពឺបាត់ស្រមោល ដោយទុកឲ្យតួអង្គប្រុសរស់នៅឯកា និងអង្គុយយំសោកាក្រោយព្រាត់ពីប្រពន្ធជាទីស្រឡាញ់។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៤ និង១៥នាទីល្ងាច ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ខាងតួអង្គប្រពន្ធឈ្មោះ ឈាង វី អាយុ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ មានស្រុកកំណើតនៅក្នុងភូមិស្តុក ឃុំស្វាយចចឹប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ដោយឡែកខាងតួអង្គប្ដីឈ្មោះ វ៉ាត់ សុខន អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរជាមួយគ្នា មានទីលំនៅក្នុងភូមិត្រពាំងធ្នង់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រភពដដែល បានបន្តទៀតថា គូស្នេហ៍ភេទស្រីដូចគ្នានេះមានមនោសញ្ចេតនា និងភាពស្មោះត្រង់រវាងគ្នានឹងគ្នា មិនចាញ់ប្ដីប្រពន្ធផ្ទុយភេទប្រុស និងស្រីនោះឡើយ។
អ្នកទាំងពីរបានសច្ចាយកគ្នាជាប្ដីប្រពន្ធ និងរស់នៅជាមួយគ្នាអស់មួយជីវិតពួកគេបានរស់នៅជាមួយគ្នាក្រោមដំបូលផ្ទះខាងតួអង្គប្រុស។ ចំណែកឪពុកម្ដាយ និងក្រុមគ្រួសារខាងតួអង្គប្រុសមិនបានបំបែកបំបាក់កូនទេ ហើយបានចាត់ទុកថា ជាកម្មពារ និងនិស្ស័យគូព្រេងរបស់កូនដែលស្រឡាញ់ភេទដូចគ្នាបែបនេះ។ ប៉ុន្តែចំពោះឪពុកម្ដាយក្រុម គ្រួសារខាងតួអង្គស្រីវិញមិនដូច្នោះឡើយ។ តែងតែស្ដីប្រដៅកុំឲ្យកូនធ្វើបែបនេះ ព្រោះវានាំឲ្យវង្សត្រកូល គ្រួសារ ទទួលរងភាពអាម៉ាស់ និងតែងអូសទាញយកកូនស្រីត្រឡប់ទៅផ្ទះវិញជាបន្តបន្ទាប់។ ប៉ុន្តែទោះជាខំប្រឹងយ៉ាងណាក៏កូនស្រីមិនតាមឡើយ ព្រោះនាងបានសម្រេចចិត្តរស់នៅជាប្ដីប្រពន្ធជាមួយ តួអង្គប្រុសរហូតចាស់កោងខ្នងរួចទៅហើយ។ ការស់នៅរួមសុខរួមទុក្ខជាមួយគ្នារយៈពេល៧ឆ្នាំ ពិតជាមិនធម្មតានោះទេ មានអនុស្សាវរីយ៍គ្រប់រសជាតិមិនអាចបំភ្លេចបាន រហូតធ្វើឲ្យអ្នកទាំងពីរ ស្រឡាញ់គ្នាកាន់តែខ្លាំងឡើងៗ។
ដោយឡែកឪពុកម្ដាយខាងស្រីដោយអត់ទ្រាំនឹងភាពអាម៉ាស់ លែងបានទើបសម្រេចចិត្តលើកគ្នាទៅនាំកូនស្រីត្រឡប់ទៅផ្ទះវិញធ្វើយ៉ាងណាត្រូវតែនាំទៅឲ្យខានតែបាន។ ពេលទៅដល់បានឪពុកម្ដាយបាននាំកូនស្រីរួមទាំងតួអង្គប្រុសទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីសម្របសម្រួលគ្នា សុំយកកូនស្រីត្រឡប់ទៅផ្ទះវិញ ប៉ុន្តែពេលនោះកូនស្រីបានប្រកែកដាច់ អហង្ការថា មិនទៅចោលប្ដីសំណព្វចិត្តឡើយ។ ដោយគ្មានជម្រើសទើបឪពុកម្ដាយក្រុមគ្រួសារ សម្រេចចិត្តចាប់សែងកូនស្រីលើកដាក់បញ្ចូលទៅក្នុងរថយន្តកញ្ចាស់១គ្រឿង ដឹកចាកចេញទៅបាត់។ ខណៈនោះដែរតួអង្គប្រុសបានស្រែកឲ្យនគរបាលជួយឃាត់កុំឲ្យឪពុកម្ដាយខាងតួអង្គស្រីនាំយកកូនត្រឡប់វិញដែរ តែនគរបាលគ្មានសិទ្ធិហាមឃាត់ឡើយ។ ហើយទីបំផុតតួអង្គប្រុសបានត្រឹមអង្គុយយំ សោកាទាំងក្ដីអស់សង្ឃឹម និងសំណូមពរសុំឲ្យសម្តេចនាយករដ្ឋមន្ត្រីជួយប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ